រាជធានីភ្នំពេញ ៖ ប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងសភា លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)របស់លោកមានខ្លឹមសារ ទាំងស្រុងថា “អំពើហិង្សាព្រឹកមិញនេះនៅទីក្រុងភ្នំពេញ គឺជាការឆ្លើយតបពីសំណាក់គណបក្សកាន់អំណាច ទៅនឹងបាតុកម្មប្រឆាំងលោក ហ៊ុន សែន កាលពីរសៀលម្សិលមិញ នៅទីក្រុងប៉ារីស ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីមានកំហឺងយ៉ាងខ្លាំង ។
មុនចេញដំណើរពីប្រទេសកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង លោក ហ៊ុន សែន បានព្រមានថា បើក្រុមប្រឆាំងធ្វើបាតុកម្មប្រឆាំងលោកនៅទីក្រុងប៉ារីស អ្នកគាំទ្រលោក (ហ៊ុន សែន) នឹងធ្វើបាតុកម្មប្រឆាំងអ្នកគាំទ្រលោក សម រង្ស៊ី វិញនៅប្រទេសកម្ពុជា ។ ដូចថាមែន! តាមទម្លាប់នៃការបំភិតបំភ័យពីសំណាក់គណបក្សកាន់អំណាច គេអាចទស្សន៍ទាយថា អំពើហិង្សាអាចនឹងកើតមានជាបន្តបន្ទាប់ទៀតនៅថ្ងៃមុខ។
ទោះជាយ៉ាងណាក៏ដោយ បាតុកម្មដែលជនជាតិខ្មែរយើងរៀបចំធ្វើនៅប្រទេសបារាំង តែងតែជាបាតុកម្មអហិង្សា គោរពច្បាប់ និងគោរពគោលការណ៍ប្រជាធិបតេយ្យ ជានិច្ច មិនដូចបាតុកម្មពួកអ្នកគាំទ្រលោក ហ៊ុន សែន នៅប្រទេសកម្ពុជា ដែលតែងតែប្រើហិង្សាដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ដូចអ្វីដែលលោក ហ៊ុន សែន ខ្លួនឯង បានបំភិតបំភ័យប្រជាពលរដ្ឋ ក្នុងពេលថ្មីៗនេះ ដោយប្រកាសថា នឹងមានសង្គ្រាមបើគណបក្សប្រឆាំងឈ្នះឆ្នោតហើយមកកាន់អំណាច។
អ្វីដែលសំខាន់នោះ គឺលោក ហ៊ុន សែន ហាក់ដូចជាចង់រកលេសប្រើអំពើហិង្សាកាន់តែច្រើន ដើម្បីបង្កើតព្រឹត្តការណ៍អវិជ្ជមាននិងអធម្មនុញ្ញ ក្នុងគោលបំណងជៀសវាង ការបោះឆ្នោតខាងមុខ។ បំណងបែបនេះឃើញកាន់តែច្បាស់ តាំងពីមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីមួយ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្ត បាន ពីព្រោះបើមានការបោះឆ្នោតដ៏ត្រឹមត្រូវ គណបក្សរបស់លោក ហ៊ុន សែន មិនអាចឈ្នះឆ្នោតបានទេ នៅឆ្នាំ ២០១៧ (បោះឆ្នោតឃុំ-សង្កាត់) និង ឆ្នាំ ២០១៨ (បោះឆ្នោតជាតិ)។
ដូច្នេះ ដើម្បីរក្សាអំណាចបានច្រើនឆ្នាំទៅមុខទៀត លោក ហ៊ុន សែន កំពុងប្រើវិធីស្រដៀងពួក ហ្វាស៊ីស្ត (fascit) នៅប្រទេសអីុតាលី ដែលចូលចិត្តប្រើអំពើហិង្សា ទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត ពីឆ្នាំ ១៩២២ ដល់ឆ្នាំ ១៩៤៥ “៕
ចែករំលែកព័តមាននេះ