ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលនិងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដឹកនាំដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៤ តុលា បានឆ្មក់ចូលទៅបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៦នាក់រួមជាមួយថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត នៅក្នុងសណ្ឋាគារភ្នំពេជ្រ ដែលស្ថិតនៅផ្លូវលេខ១ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ឈន រិទ្ធិ៍ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីភ្នាក់ងារផ្ដល់ព័ត៌មានច្បាស់ការណ៍ភ្លាម សមត្ថកិច្ចយើងបានសហការគ្នាក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារង ចុះទៅព័ទ្ធសណ្ឋាគារភ្នំពេជ្រជាបន្ទាន់ ។ ក្នុងប្រតិបត្តិការនោះ កម្លាំងបានចូលឆែកឆេរគ្រប់បន្ទប់ រកឃើញមុខសញ្ញាកំពុងចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ក្នុងបន្ទប់ចំនួន៣គឺ បន្ទប់លេខ១០៣, ១០៦ និង៣០៥ រួមជាមួយថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត ព្រមទាំងបាននាំខ្លួនក្រុមជនទាំងនោះមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ វត្ថុតាងដែលដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ ទម្ងន់១៧ក្រាម, ទូរស័ព្ទ៤គ្រឿង, ម៉ូតូ២គ្រឿង, ប្រាក់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ឈន រិទ្ធិ៍ បានបញ្ជាក់ថា មុខសញ្ញាទាំង៦នាក់នេះ សមត្ថកិច្ចបានធ្វើតេស្ត ឃើញថាមានផ្ទុកសារធាតុញៀនទាំងអស់គ្នា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕






ចែករំលែកព័តមាននេះ