ខេត្តកំពង់ឆ្នាំង ៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៥ តុលា ២០១៥ បានចុះពិនិត្យមើលផ្ទះបណ្តែតទឹកក្នុងទន្លេផ្សារក្រោមនៅក្នុងថ្ងៃបញ្ចប់ឱសានវាទថ្ងៃទី២៥ តុលា នៃផែនការបំលាស់ទីតាំងថ្មីរបស់ផ្ទះបណ្តែតទឹក និងបានដាក់ផែនការមួយចំនួនបន្ថែមទៀតរៀបចំច្រាំងទន្លេពីចំណុចដើមពោធិ៍ដល់ថ្នល់ដាច់ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឱ្យមានសោភ័ណភាពក្លាយទៅជាតំបន់ទេសចរណ៍។
នៅក្នុងការចុះត្រួតពិនិត្យនេះ លោកអភិបាលខេត្ត និងក្រុមការងារចំរុះខេត្តបានជិះកាណូតពិនិត្យមើលស្ថានភាពផ្ទះបណ្តែតទឹកដែលនៅសេសសល់នៅតាមច្រាំងទន្លេពីចុងភូមិកណ្តាលដល់ចុងភូមិចុងកោះ។ បន្ទាប់មកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានបើកការប្រជុំមួយជាមួយក្រុមការងារចំរុះខេត្តដែលមានលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះខេត្ត រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ពន្ធ័មួយចំនួនទៀតដើម្បីជំរុញផែនការបំលាស់ទីតាំងផ្ទះទឹកថ្មីឱ្យទទួលបានជោគជ័យតាមផែនការកំណត់ និងបានដាក់ផែនការមួយចំនួនដែលត្រូវអនុវត្តបន្ត ដូចជាឱ្យគណៈកម្មការចំរុះខេត្ត ត្រូវធ្វើកាណែនាំអប់រំដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះបណ្តែតទឹកចំនួន១២ខ្នងដែលនៅសល់ក្នុងភូមិកណ្តាល ត្រូវតែធ្វើការអូសផ្ទះទៅកាន់ទីតាំងថ្មីចុងភូមិចុងកោះ ព្រោះឱសានវាទត្រូវបានបញ្ចប់នៅក្នុងថ្ងៃទី២៥ តុលានេះហើយ។
ចំណែកម្ចាស់រោងលក់ឈើចំនួន២២រោង នៅតាមច្រាំងទន្លេជាប់កំពង់ផែកាណូតដ ត្រូវកាត់ដំបូលរោងឈើរបស់ខ្លួនឱ្យអស់នៅត្រឹមថ្ងៃទី១០ វិច្ឆកា ហើយនៅពេលមន្ទីរសាធារណការខេត្តធ្វើផ្លូវតាមមាត់ទន្លេក្នុងភូមិចុងកោះរួច គឺតម្រូវឱ្យម្ចាស់រោងឈើទាំងអស់នោះទៅរកទីតាំងថ្មីលក់ដូរឈើនៅចុងភូមិចុងកោះវិញ។
ដោយឡែកតូបលក់ដូរអីវ៉ាន់ និងម្ហូបចំណីចំនួន២៣តូប នៅជុំវិញស្ថានីយប្រេង និងរោងលក់កសិផលរបស់ប្រជាពលរដ្ឋមកពីចំការដែលធ្លាប់ធ្វើនៅមាត់ទន្លេពេលទឹកស្រកត្រូវរៀបចំឱ្យពួកគាត់ទៅលក់ដូរនៅខាងជើងកំពង់ផែយឿត្រីវិញ ចំពោះកំពង់ផែកាណូតដរ និងផែយឿត្រី នៅពេលខេត្តធ្វើផ្លូវថ្មីរួចក៏ត្រូវផ្លាស់ប្តូរទីតាំងទៅនៅចុងភូមិចុងកោះទាំងអស់វិញដែរ។
របាំងសាច់អួនដាក់លបចាប់ត្រីដែលមាននៅតាមមាត់ទន្លេក្នុភូមិចុងកោះ ខណ្ឌរដ្ឋបាលជលផលត្រូវណែនាំអោយប្រជាពលរដ្ឋរើរុះចេញដើម្បីឱ្យមានសោភណ័ភាពមាត់ទន្លេ។ កន្លែងបូមទឹករបស់រដ្ឋាករទឹកខេត្តចំណុចមុខដើមពោធ៍ និងទីតាំងគ្រឿងចក្រនៅចំណុចកំពង់ផែកាណូតដរត្រូវកែលំអលាបថ្នាំឱ្យស្អាត ដើម្បីស្វាគមន៍ការរៀបចំពិធីជូនដំណើរកីឡាករអុំទូករបស់ខេត្តនៅថ្ងៃទី២២ វិច្ឆិកា ទៅចូលរួមពីធីប្រណាំងទូកនៅទីក្រុងភ្នំពេញ។
លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះខេត្ត ក៏បានឱ្យដឹងដែរថា ចំពោះផ្ទះបណ្តែតទឹកសរុបចំនួន១.៤៨៦ខ្នងផ្ទះ មកដល់ថ្ងៃទី២៥ តុលានេះ បានផ្លាស់មកទីតាំងថ្មីបានចំនួន៩៩ភាគរយហើយ ចំណែកនៅសល់ចំនួន១២ខ្នងផ្ទះបានធ្វើកិច្ចសន្យាសុំជួសជុលផ្ទះដែលទ្រុឌទ្រោមឱ្យបានរឹងមាំសិន នៅថ្ងៃទី២៧ តុលានេះពួកគាត់នឹងអូសចេញទៅទីតាំងថ្មីហើយ៕








ចែករំលែកព័តមាននេះ