ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​ទឹកដី​ក្រុងប៉ារីស សម្តេច​តេ​ជោ​បដិសេធ​ព័ត៌មាន​បំផ្លើស លោក សម រ​ង្ស៊ី បំផុស​ឱ្យ​ខ្មែរ​ក្រៅ​ស្រុក​សុំ​សិទ្ធិ​បោះ​ឆ្នោត

10 ឆ្នាំ មុន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ជើងហោះហើរ​លេខ SQ 336 អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សាល​ដឺ​ហ្គោ​ល ទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ប្រកបដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ម៉ោង​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​សាធារណរដ្ឋ​បារាំង ។

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​រាក់ទាក់​ពី​សំណាក់​លោក Jean Claude PIMBOEUF ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក នុ​ត ណា​រ៉ាង ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំសាធារណរដ្ឋ​បារាំង និង​លោក​ជំទាវ លោក Jerome Cauchard អនុប្រធាន​ពិធីការ​នៃ​ក្រសួងការបរទេស​បារាំង ព្រមទាំង​វត្តមាន លោក​ជំទាវ អស់លោក លោកស្រី ជា​ឥស្សរជន​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​បារាំង​ជា​ច្រើន​រូប​ទៀត ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦​តុលា រួម​ទាំង​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦ ដែល​ធ្វើ​ឡើង​នៅ​ក្រសួងការបរទេស​បារាំង​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ។

ដោយឡែក នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ តុលា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង​ចំនួន​៧៧៥​នាក់ ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្ត​មាននៅ​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង បាន​លើក​ឡើង​តាម​រយៈ​វិ​ឌី​អូ​ឃ្លី​ប ប្រមាណ​ជិត​៥​នាទី​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២៤ តុលា ដោយ​បាន​រំឭក​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅប្រទេស ដែល​មិន​បាន​បោះ​ឆ្នោត ។ លោក​បញ្ជាក់​ថា ប្រជាជន​ខ្មែរ​មាន​អ្វី​គ្រប់​អស់ហើយ ទាំង​ចំណេះដឹង និង​ធនធាន រង់​ចាំតែ​ឲ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ ប្រជារាស្ត្រ​ជា​អ្នក​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ ។ ឥឡូវនេះ​ជំហរ​ពលរដ្ឋ​នៅ​នាយ​សមុទ្រ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មិនមែន​ជា​ប្រជារាស្ត្រ​ខ្មែរ ព្រោះ​គេ​មិន​ឲ្យ​បងប្អូន​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ។ លោក​ថា «​ខ្ញុំ​សោយ​ស្តាយ​ណាស់​ដែល​គេ​មិន​ឲ្យ​បងប្អូន​បោះ​ឆ្នោត រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​គ្នា ផ្ទុយ​ទៅ​វិញ​បែរជា​គេ​មិន​បានឱ្យ​សិទ្ធិ​បោះ​ឆ្នោត​» ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ទៀត​ថា នៅ​ប្រទេស​គេ ទោះបី​ប្រជាពលរដ្ឋ​គេ​រស់នៅ​ប្រទេស​ទី​៣​ក្តី ក៏​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​គេ​នៅ​ឯ​ប្រទេស​កំណើត​ដែរ ។ ដូច្នេះ ខ្ញុំ​សូម​ជំរុញ​ឱ្យ​អ្នកគ្រប់គ្រង​បងប្អូន​ខ្មែរ​នៅ​បារាំង ធ្វើ​យ៉ាងណា​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស ដើម្បី​ឲ្យ​ពួក​គាត់​បាន​បោះ​ឆ្នោត ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុងស្រុក​ផង ។

ជាមួយ​គ្នា​នោះ លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ពី​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ទី​ក្រុងប៉ារីស​ផង​ដែរ ដោយ​លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​បន្តិចទៀត លោក ហ៊ុន សែន នឹង​មក​ដល់ទី​ក្រុងប៉ារីស ឮ​ថា មាន​បងប្អូន​ខ្មែរ​មួយ​ចំនួន​ទៅ​ទទួល​គាត់​។ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​អ្នក​នៅ​បារាំង​ដែល​ទៅ​ជួប​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​នៅ ពេល​បាន​ជួប​គាត់ គឺ​សូម​ជំរុញ និង​ទាមទារ​ឱ្យ​គាត់​អនុញ្ញាត​ឱ្យ​ខ្មែរ​នៅ​ប្រទេស​បារាំង និង​នៅ​ប្រទេស​ផ្សេង​ទៀត មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ខ្មែរ​នៅ​ក្នុងស្រុក​ផង ។ លោក​បាន​បន្ទោស​ថា មាន​អ្នកគាំទ្រ​ខ្លះ នៅ​ពេល​ថ្នាក់ដឹកនាំ​ទៅ​ដល់ មិន​ហ៊ាន​ស្នើ​សុំ​ទេ ដោយ​មិនដឹង​ថា ខ្លួន​នៅ​បរទេស​ជា​តំណាង​ឲ្យ​ខ្មែរ​នៅ​ក្រៅប្រទេស​នោះ​ឡើយ ។

គួរ​បញ្ជាក់​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទៅ​កាន់​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈ​៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧ តុលា តាម​ការ​អញ្ជើញ​របស់​ប្រ​ធានា​ធីប​តី​បារាំង លោក Francois Hollande ។ អំឡុង​ទស្សនកិច្ច​នេះ សម្តេច​មាន​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​៧០០​នាក់ នៅ​សាល​ប្រជុំ Maison de la Chimie នាទី​ក្រុងប៉ារីស ។ ប៉ុន្តែ​មុន​នឹង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បារាំង សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រតិកម្ម​តប​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​ផ្សាយ​ថា សម្តេច​ឱ្យ​និស្សិត​អាហារូបករណ៍​ទាំងអស់​នៅ​ប្រទេស​បារាំង មក​ស្តាប់​ការ​ថ្លែង​សុន្ទរកថា របស់​សម្តេច​ផ្ទាល់ ពេល​សម្តេច​ទៅ​ដល់​ក្រុងប៉ារីស ប្រសិនបើ​មិន​មក​ទេ​នោះ នឹង​ផ្តាច់​អាហារូបករណ៍ ។

សម្តេច​បាន​ស្តីបន្ទោស​ទៅ​មេ​បក្ស​ប្រឆាំង​ថា «​ឈប់​ធ្វើ​ទ​ង្វើ​ថោកទាប​» ពាក់ព័ន្ធ​ជាមួយនឹង​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង ដែល​ថា ឱ្យ​និស្សិត​អាហារូបករណ៍​ទាំងអស់​នៅ​ប្រទេស​បារាំង មក​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​របស់​សម្តេច​ផ្ទាល់​ពេល​ទៅ​ដល់ទី​ក្រុងប៉ារីស ប្រសិនបើ​មិន​មក​នោះ​ទេ​នឹង​ផ្តាច់​អាហារូបករណ៍ សម្តេច​បាន​ហៅ​ការ​ឃោសនា​បែប​នេះ​ថា​ជា​ទ​ង្វើ​ថោកទាប​របស់​គណបក្សប្រឆាំង និង​ជា​ការ​ហួសចិត្ត​របស់​សម្តេច ដែល​ចេះ​តែ​ធ្វើ​ទៅ​រួច របស់​បក្ស​ប្រឆាំង ។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ស្តាប់ ឬ​មិន​ចូល​ស្តាប់​របស់​និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង​នោះ គឺ​ស្រេច​លើ​ការ​ស្ម័គ្រ​មិន​អាច​បង្ខំ​បាន​ទេ ។

ទាក់ទិន​នឹង​ការ​ផ្សាយ​នោះ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បាន​ចេញ​លិខិត​មួយ ដោយ​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ CMN (Cambodia Media Network) ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​ដាក់​កំហិត​ចំពោះ​និស្សិត​នៅ​បារាំង ឱ្យទៅ​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ តុលា នៅ​សាល​ប្រជុំ Maison de la Chimie នាទី​ក្រុងប៉ារីស​។ ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ CMN នោះ បាន​បញ្ជាក់​ថា បើសិនជា​និស្សិត​អាហារូបករណ៍​ណា ដែល​មិន​បាន​ទៅ​ជួប​ស្តាប់​សុន្ទរកថា​របស់​សម្តេច​តេ​ជោ​ទេ​នោះ នឹង​ត្រូវ​កាត់​ផ្តាច់​អាហារូបករណ៍​។ លិខិត​ស្ថានទូត បានឱ្យ​ដឹង​ថា ការ​ជួប​សម្តេច​តេ​ជោ មិន​មានការ​បង្ខិតបង្ខំ​នោះ​ទេ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​គណបក្ស​ខ្លួន​ថា​ជា​អ្នក​ញុះញង់​ដល់​និស្សិត​អាហារូបករណ៍​ខ្មែរ នៅ​ប្រទេស​បារាំង​ដោយ​ឃោសនា​ថា រាជរដ្ឋាភិបាល​នឹង​កាត់​ផ្តាច់​អាហារូបករណ៍ នៅ​ពេល​ដែល​និស្សិត​ណា​ម្នាក់ មិន​ចូល​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទី​ក្រុងប៉ារីស នា​ថ្ងៃ​ទី​២៥ តុលា នោះ ។

វិទ្យុ CMN (Cambodia Media Network) និង​បណ្តាញ Facebook មួយ​ចំនួន​បាន​ផ្សាយ​ថា រាជរដ្ឋាភិបាល​បាន​ដាក់​កំហិត​ដល់ និស្សិត​អាហារូបករណ៍​ខ្មែរ​នៅ​ក្រៅ​ប្រ​ទស ដោយ​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​តែ​ចូល​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ តុលា នៅ​សាល​ប្រជុំ Maison de la Chimie ទី​ក្រុងប៉ារីស ។ ប្រភព​ទាំងនោះ​បាន​ប្រកាស​ថា បើ​និស្សិត​ណា​ម្នាក់​មិន​មក​ជួប​សម្តេច​ទេ​នោះ នឹង​ត្រូវ​កាត់​ផ្តាច់​អាហារូបករណ៍ ។

ភ្លាម​ៗ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​បែប​នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង បាន​ចេញ​លិខិត​បដិសេធ​ថា នេះ​ជា​ព័ត៌មាន​បំភ្លៃ​ពី​ការ​ពិត ហើយ​ថា កម្មវិធី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង គឺជា​ការ​ស្ម័គ្រចិត្ត មិន​មានការ​បង្ខិតបង្ខំ ឬ​ត្រូវ​ដកហូត​អាហារូបករណ៍​នោះ​ឡើយ ។

តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ ដែល​ផ្សព្វផ្សាយ​នៅ​លើ Facebook កាលពី​ថ្ងៃ​ទី​២៤ ខែតុលា សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ហៅ​ការ​ឃោសនា​នេះ​ថា ជា​ទ​ង្វើ​របស់​មេដឹកនាំ​គណបក្សប្រឆាំង ដែល​មាន​បំណង​ឃោសនា ដើម្បី​បង្ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​សម្តេច ។ សម្តេច​តេ​ជោ បាន​ចាត់​ទុក​ថា នយោបាយ​បែប​នេះ គឺជា​ទ​ង្វើ​ថោកទាប​បំផុត ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​មក​ស្តាប់ ឬ​មិន​មក​ស្តាប់ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​និស្សិត មិន​មានការ​ប៉ះពាល់​អ្វី​នោះ​ទេ ហើយ​សម្តេច​បាន​សោកស្តាយ​ចំពោះ​ការ​ឃោសនា​បំភ័យ​ដល់​និស្សិត និង​ប្រជាពលរដ្ឋ​បែប​នេះ ។ សម្តេច​ថា «​ជា​ទម្លាប់​តាំងពី​ដើម​រហូត​ដល់​ចប់ ខ្ញុំព្រះករុណា​ខ្ញុំ មិន​ដែល​បង្ខំ​នរណា​ម្នាក់ ឱ្យមក​អង្គុយ​ស្តាប់​សម្តី​ខ្ញុំ​នោះ​ទេ អ្វី​ដែល​ខ្ញុំព្រះករុណា​សោកស្តាយ នោះ​នៅ​ត្រង់​ថា តើ​អ្នកនយោបាយ​កម្ពុជា​ដល់​ពេល​ណា​ទៀត​ទើប​បញ្ឈប់​នូវ​ទ​ង្វើ​បោកប្រាស់​បែប​នេះ ។ ខ្ញុំ​សូម​ផ្តាំ​ដល់​ប្រជាពលរដ្ឋ និស្សិត​នៅ​ប្រទេស​បារាំង​ថា ក្មួយ​ៗ​ចង់​អញ្ជើញ​មក​ស្តាប់ ឬ​មិន​មក​ស្តាប់​គឺជា​សិទ្ធិ​របស់​ក្មួយ​ៗ គ្មាន​អ្វី​ដែល​ជា​ការ​ប៉ះពាល់​នោះ​ទេ​» ។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ លោក យ៉ែ​ម បុញ្ញឫទ្ធិ ឱ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ លោក​ថា លោក​មិន​ស្គាល់​វិទ្យុ CMN ហើយ​ថា ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Facebook ចំពោះ​រឿង​នេះ មិន​អាច​យក​ជា​ការ​បាន​ទេ ។

លោក យ៉ែ​ម បុញ្ញា​ប្ញ​ទ្ធិ បាន​បញ្ជាក់​ថា «​ទី​១-​ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ អត់​ធ្វើ​ទ​ង្វើ​បែប​នេះ​ទេ​។ អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល ទៅ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​ជា​ផ្លូវការ គឺជា​រឿង​មួយ​ដែល​ល្អ ព្រោះ​ជា​ទំនាក់ទំនង​នយោបាយ​អន្តរជាតិ​ឱ្យ​ទូលំទូលាយ ដើម្បី​ឱ្យ​គេ​ស្គាល់​ខ្មែរ​កាន់តែ​ច្រើន​» ។

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​២៤ តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​៣​ថ្ងៃ នៅ​ប្រទេស​បាំង ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧ តុលា តាម​ការ​អញ្ជើញ​របស់​ប្រ​ធានា​ធីប​តី​បារាំង លោក Francois Hollande ។ អំឡុង​ពេល​ទស្សនកិច្ច​នេះ សម្តេច​មាន​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ ៧០០​នាក់ នៅ​សាល​ប្រជុំ Maison de la Chimie នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ៕