ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីស្ទាក់ស្ទើរបន្តរបរនេះ ដោយសារពិបាកលក់ពេក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីភាពស្ទាក់ស្ទើរនៅក្នុងការបន្តរបរចិញ្ចឹមត្រីទៅមុខទៀតដោយសារកន្លងមកពិបាកលក់ត្រីដែលខ្លួនចិញ្ចឹមបានពេក ។ សមាគមវារីវប្បករកម្ពុជា ដែលតំណាងអ្នកចិញ្ចឹមត្រីនៅស្រុក បានលើកឡើងថា «បងប្អូនវារីវប្បករ ដែលបានលក់ត្រីស្រះរួចហើយ មានការរារែកជាខ្លំាង…

រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីភាពស្ទាក់ស្ទើរនៅក្នុងការបន្តរបរចិញ្ចឹមត្រីទៅមុខទៀតដោយសារកន្លងមកពិបាកលក់ត្រីដែលខ្លួនចិញ្ចឹមបានពេក ។ សមាគមវារីវប្បករកម្ពុជា ដែលតំណាងអ្នកចិញ្ចឹមត្រីនៅស្រុក បានលើកឡើងថា «បងប្អូនវារីវប្បករ ដែលបានលក់ត្រីស្រះរួចហើយ មានការរារែកជាខ្លំាង ក្នុងការរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀតដោយសារកន្លងមកបងប្អូនពិបាកលក់ត្រីចេញពីស្រះ ឬលក់ក្នុងតម្លៃទាបជាងថ្លៃដើមផលិត និងប្រមើលឃើញថា ទីផ្សារវារីវប្បកម្មនៅកម្ពុជាក្នុងពេលអនាគតហាក់មិនមានភាពច្បាស់លាស់បន្តទៀតដដែល» ។

ការប្រកាសរបស់សមាគមវារីវប្បករនេះ បានធ្វើឡើងក្រោយពីសមាគមដែលប្រមូលផ្តុំអ្នកចិញ្ចឹមត្រីជាង ៣០០ កន្លែងនៅកម្ពុជានេះ បានធ្វើការអំពាវនាវម្តងជាពីរដង រកទីផ្សារទិញត្រី ដែលសមាជិកខ្លួនចិញ្ចឹមបាន ។ ក្នុងសេចក្តីអំពាវនាវមួយដែលធ្វើឡើងកាលពីដើមខែឧសភា សមាគមវារីវប្បករកម្ពុជា បានបញ្ជាក់ថា ត្រីច្រើនប្រភេទរបស់សមាជិកខ្លួនក្នុងបរិមាណជាង ៥ ពាន់តោន បានកកស្ទះនៅក្នុងស្រះនៅឡើយហើយនៅក្នុងខែឧសភានេះ មានត្រីជិត៥ពាន់តោនទៀតដល់ពេល ដែលត្រូវលក់បន្ថែម ។ «សមាគមវារីវប្បករកម្ពុជាមានសំណូមពរដល់ក្រសួងពាក់ព័ន្ធផ្ទាល់ទំាងបីមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យកាន់តែម៉ឺងម៉ាត់ និថឲងដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់បងប្អូនវារីវប្បករនៅកម្ពុជា» នេះជាការសំណូមពររបស់អ្នកចិញ្ចឹមត្រី ។

មិនថា ជាការអំពាវនាវនៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈ ឬតាមបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មាន «កោះសន្តិភាព» នោះទេ អ្នកចិញ្ចឹមត្រីភាគច្រើនបានលើកឡើងថា ត្រីពួកគាត់ចិញ្ចឹម ពិសេសត្រីពោ ត្រីប្រា ត្រីអណ្តែង និងត្រីឆ្តោ ជាដើមនោះ មានការពិបាកលក់ខ្លំាង ដោយសារឈ្មួញកណ្តាលមិនចុះទិញត្រីអ្នកចិញ្ចឹមក្នុងស្រុកឡើយ ពួកគេទិញតែត្រីនាំចូលពីប្រទេសជិតខាង យកទៅលក់ក្នុងទីផ្សារឲ្យពលរដ្ឋទទួលទានដើម្បីបានចំណេញច្រើន ។ អ្នកចិញ្ចឹមត្រីបញ្ជាក់ថា ត្រីចិញ្ចឹមនាំចូល ពិសេសនាំពីប្រទេសវៀតណាម មានតម្លៃថោកជាងត្រីចិញ្ចឹមក្នុងស្រុក ដោយសារថ្លៃដើមចិញ្ចឹមនៅប្រទេសគេមានតម្លៃថោក ជាងការចិញ្ចឹមនៅក្នុងស្រុក ។ និយាយឲ្យខ្លីការចិញ្ចឹមត្រីនៅក្នុងស្រុកមិនអាចលក់ក្នុងតម្លៃថោកដូចត្រីនាំចូល ឡើយ ទោះនៅក្រោយហេតុផលទីផ្សារសេរីក្តី តែអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកនៅតែទទូចស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងកំណត់បរិមាណត្រីនាំចូលត្រីពីប្រទេសជិតខាងឲ្យបានច្បាស់លាស់ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានសារព័ត៌មានដកស្រង់ប្រសាសន៍នាពេលកន្លងមកថា ក្រសួងបានយកចិត្តទុកដាក់ជាខ្លំាងនៅក្នុងការជំរុញការចិញ្ចឹមត្រីក្នុងស្រុក ទំាងខាងទីផ្សារ និងការផលិតវត្ថុធាតុដើមផ្គង់ផ្គត់ដល់ការចិញ្ចឹមនោះ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ត្រីដែលនាំចូលពីប្រទេសជិតខាងមិនមែនសុទ្ធតែជាប្រភេទត្រី ដែលអ្នកចិញ្ចឹមក្នុងស្រុកមានច្រើន ដូចជាត្រីពោ ត្រីប្រា ត្រីឆ្តោ និងត្រីអណ្តែងនោះទេ ។

ក្រៅពីការបញ្ជាក់ដូច្នេះ គេសង្កេតឃើញថា នាពេលកន្លងមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះដល់មូលដ្ឋាន ដល់ស្រះចិញ្ចឹមត្រី ជួបអ្នកចិញ្ចឹមត្រី និងបានជំរុញលើកទឹកចិត្ត ដល់វារីវប្បករ ព្រមទាំងបានផ្សព្វផ្សាយកៀរគរ រកទីផ្សារលក់ត្រីឲ្យអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកយ៉ាងសកម្មផងដែរ ។ ក្រៅពីត្រូវប្រកួតប្រជែងជាមួយត្រីនាំចូល ការរាតត្បាតជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការទប់ស្កាត់ដូចជាតម្រូវឲ្យផ្អាកជាបណ្តោះអាសន្នពិធីរៀបមង្គលការ ពិធីបុណ្យសាសនា ការជួបជុំនានា និងការបិទរមណីយដ្ឋានជាដើមនោះ បានធ្វើឲ្យទីផ្សារលក់ត្រីរួមតូចផងដែរ ។ ទោះយ៉ាងណាការប្រកាសពីភាពស្ទាក់ស្ទើរនៅក្នុងការបន្តរបរចិញ្ចឹមត្រីរបស់អ្នកចិញ្ចឹមត្រីនាពេលនេះ ហាក់ផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងការជំរុញលើកកម្ពស់ការងារវារីវប្បកម្ម ដែលចង់ឲ្យមានការចិញ្ចឹមត្រីក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងការនាំចេញទៅលក់ក្រៅប្រទេសផងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ