ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខេបព្រឹត្តិការណ៍ ប្រចាំសប្តាហ៍

8 ឆ្នាំ មុន

ថ្ងៃ​ទី​១៦ តុលា ៖ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​រាជា​និយម​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដើម្បី​ជជែក​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​នោះ

ថ្ងៃ​ទី​១៦ តុលា ៖ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​រាជា​និយម​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដើម្បី​ជជែក​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​នោះ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា គ្មាន​គម្រោង​បែប​នេះ​ទេ​។ តាម​រយៈ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ពី​ប្រទេស​បារាំង​តាម​ទូរស័ព្ទ​ហើយ​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១៦ តុលា លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​សុំ​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដើម្បី​ពិភាក្សា​ច្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​ទាំង​ពីរ​នោះ ៕

*​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៥ បានឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ និង​វាយតម្លៃ​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច និង​គម្រោង​វិនិយោគ​ឥណទាន​កាបូន ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។ សេចក្ដីជូនដំណឹង​មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើ​លទ្ធផល​នៃ​ការ​ពិនិត្យ​និង​វាយតម្លៃ​គម្រោង​វិនិយោគ​ចំនួន​១៤ ក្នុង​នោះ​មាន​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៦ និង​គម្រោង​វិនិយោគ​ឥណទាន​កាបូន ចំនួន​៨ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ៕

*​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​១៦ តុលា បានឱ្យ​ដឹង​ថា តាម​រយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​បា​៉​រី​ស លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូ​ដ (Morten Bosterud) ប្រធាន​ក្រុមហ៊ុន Atlasklinikken បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ពី​ការ​ប្រមូល​ទុក​ផ្ទាល់ខ្លួន​របស់​លោក​ចំនួន​២ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​គឺ ព្រះ​កេស​ព្រះ​ឥសូរ សម័យ​អង្គរ​សតវត្ស​ទី​៩ រចនាបថ​ព្រះ​គោ​និង ព្រះ​កេស​ទេព​ភេទ​ប្រុស សម័យ​អង្គរ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាបថ​បាយ័ន ៕

ថ្ងៃ​ទី​១៧ តុលា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៥ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​វិញ​ហើយ តាម​អាកាសយាន​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​អំពី​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​គណៈប្រតិភូ​ជាន់់ខ្ពស់​នៅ​ប្រទេស​ចិន​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មកនេះ លោក កៅ គឹ​ម​ហួ​ន  រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៥ ដែល​បាន​រៀបចំ​ឡើង​នៅ​ក្រុង​ម៉ា​កាវ ៕

ថ្ងៃ​ទី​១៨ តុលា ៖ ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គ​ទ្រង់​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃ​ទី​១៨ តុលា បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ តទៅ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​សម្រាក​ព្រះ​កាយ​នៅ​ទីក្រុង Hue និង Dalat នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​សំណើ​សូ​​ម​យាង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ព្រះរាជ​សារ​របស់​ព្រះ​អង្គ​បាន​បន្ត​ថា នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ព្រះ​អង្គ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ជួ​ួ​យ​ព្រះ​អង្គ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្ដីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

ថ្ងៃ​ទី​១៩ តុលា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ជូន​ដល​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​បញ្ចប់​ការ​សិក្សា​ចំនួន​១.៧៦៨​នាក់ ឆ្នាំ​សិក្សា​២០១២-២០១៣ និង​ឆ្នាំ​សិក្សា​២០១៣-២០១៤​ថា សូម​ក្រុមហ៊ុន​លក់​ប្រេងសាំង​នានា​នៅ​កម្ពុជា បើ​បានជា​ចុះ​តម្លៃ​ហើយ​សូមកុំ​ឡើង​វិញ ចុះ​ត្រឹម​តម្លៃ​១០០​រៀល​នោះ ។ ប្រយ័ត្ន​ចុះ​ត្រឹម​១០០​រៀល ស្រាប់តែ​ឡើង​៣០០​រៀល​អត់​បាន​ទេ​ណា ៕

*​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា បើ​ទោះបីជា​សញ្ញាបត្រ​នេះ​ត្រូវ​គេ​បង្អាប់​ថា អត់​តម្លៃ​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​ភ្នែក​របស់ខ្ញុំ សញ្ញាបត្រ​ដែល​យើង​ទទួល​នៅ​ថ្ងៃនេះ ដែល​ខ្ញុំ​ប្រគល់​ដោយ​ផ្ទាល់​ដៃ ក៏​ដូច​ជា​រយៈពេល​កន្លង​ទៅ​នៅ​តែ​ជា​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សម្រាប់​កូន​ខ្មែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​រង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ៕

*​បន្ទាប់​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា អះអាង​ថា នៅ​ពេល​ដែល​គណបក្ស​របស់​លោក​ដឹកនាំ​ប្រទេស​នោះ នឹង​កែទម្រង់​ប្រព័ន្ធ​តុលាការ​មុនគេ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​ថា កំពុង​តែ​កុហក​ប្រជាជន ។ លោក សួ​ស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៩ តុលា ថា លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​កុហក​ប្រជាជន ៕

ថ្ងៃ​ទី​២០ តុលា ៖ សមាគម​រោងចក្រ​កាត់ដេរ​(GMAC) បាន​ចេញ​សេចក្តី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ តុលា ដោយ​ទាមទារ​ឱ្យ​ផ្តោត​លើ​ការ​លើកកម្ពស់​ផលិតភាព​ការងារ ក្រោយ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បញ្ចប់​ក្នុង​ខែ​នេះ ព្រមទាំង​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ប្រើប្រាស់​វិធីសាស្ត្រ​បញ្ជា​ទិញ​ដែល​មាន​និរន្តរភាព​ជាង​មុន ៕

*​សេចក្តីព្រាងច្បាប់​ចំនួន​មួយ​ជំពូក​មាន​៣​មាត្រា​ដែល​អនុម័ត​ទៅ​លើ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​សាធារណរដ្ឋ​បេឡា​រុស ត្រូវ​បាន​សមាជិក​រដ្ឋសភា អនុម័ត​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ទី​២០ តុលា​។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រមទាំង​មាន​សមាជិក​-​សមាជិកា​រដ្ឋសភា ចូលរួម​សរុប​ចំនួន​១១០​រូប នៃ​ចំនួន​សមាជិក​សភា​ទាំងអស់ ៕

ថ្ងៃ​ទី​២១ តុលា ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្ងៃ​ទី​២១ តុលា ឱ្យ​ដឹង​ថា យុវតី​ខ្មែរ​ចំនួន​៦​នាក់​ដែល​មាន​អាយុ​ចាប់ពី​១៥​ទៅ​១៧​ឆ្នាំ បាន​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ប៉ូលិស​ថៃ​ធ្វើការ​ឃាត់ខ្លួន​នៅ​ការដ្ឋាន​សំណង់​ពី​បទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ និង​ធ្វើការ​ក្រោម​អាយុ​អនុញ្ញាត ៕

ថ្ងៃ​ទី​២២ តុលា ៖ សម្តេច​តេ​ជោ ហុ​៊​ន សែន នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា​ទី​២  ឆ្លងកាត់​ទន្លេសាប មាន​ប្រវែង​សរុប​១.២៦០​ម៉ែត្រ ចំណាយ​ថវិកា​សរុប​ប្រមាណ​២៧,៥​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ពិធី​សម្ពោធ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ ពូ ជៀន​គ័​រ ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា ៕