ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​បិទ​បញ្ចប់​ការ​លក់​ស្បៀង​ជូន​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អ្នករ៉ាប់រង​លក់​ស្បៀង​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ក៏​បាន​ប្រកាស​បិទ​បញ្ចប់​ការ​លក់​ស្បៀង​ផង​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ឧសភា ២០២១ ។ នេះ​បើ​តាម​លោក​ប៉ែន សុ​វិជាតិ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អ្នករ៉ាប់រង​លក់​ស្បៀង​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ក៏​បាន​ប្រកាស​បិទ​បញ្ចប់​ការ​លក់​ស្បៀង​ផង​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ឧសភា ២០២១ ។ នេះ​បើ​តាម​លោក​ប៉ែន សុ​វិជាតិ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ឧសភា ២០២១​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៥ មេ​សា ២០២១ បាន​ដាក់​លក់​ចល័ត​នូវ​ស្បៀង​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ហើយ​ចាប់ពី​ថ្ងៃ​ទី​២៩ មេ​សា​ដល់​ថ្ងៃ​ទី​០៥ ឧសភា ២០២១ ក្រសួង​បាន​លក់​ស្បៀង​ជូន​ដល់​ពលរដ្ឋ​តំបន់​ក្រហម​និង​តំបន់​លៀង​ទុំ ។ នៅ​ក្នុង​ដំណាក់​ដំបូង​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២៨ គឺ​លក់​ស្បៀង​ដោយ​ប្រើ​រថយន្ត​ចល័ត និង​ដំណាក់​ទី​២​លក់​ដោយសារ​ស្តង់​និង​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ដោយ​ប្រើ​កំលាំង​សរុប​ប្រមាណ​៣០០​នាក់ និង​រថយន្ត​សរុប​៥៤​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​ទៅ​កាន់​តំបន់​បិទ​ខ្ទប់ ។

លោក​បន្ត​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២១ មេ​សា ដល់​ថ្ងៃ​ទី ៤​ឧសភា ២០២១ ក្រសួងពាណិជ្ជកម្ម​បាន​លក់​អង្ករ​ជូន​ពលរដ្ឋ​បាន​ចំនួន​៤៦៩១​បាវ មី​ជាតិ ១៤.២២១​កេះ ទឹកត្រី​បាន ៣២៥៤​យួរ ទឹកស៊ីអ៊ីវ​បាន​៣៩៩៣​យូរ ត្រីខកំប៉ុង​ចំនួន​៧០៩៨​យូរ ទឹក​សុទ្ធ​បាន​៤០៤​កេះ ឆៃប៉ូវ​បាន​ចំនួន​១៥៦២​កញ្ចប់ ប្រេង​ខ្ច​ង​៧​កេះ និង​ប្រេងឆា​ជាង​៦០០​ដប ។​ក្នុង​នោះ​ដែរ​ក៏​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ ដែល​ជា​ការ​ចូលរួម​ចំណែក​មួយ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ។​លោក​ថា​៖«​ការ​ចូល​របស់​វិស័យ​ឯកជន ធ្វើ​ឱ្យ​កិច្ចការ​របស់​ក្រសួងពាណិជ្ជកម្ម​មានការ​ងាយស្រួល​និង​មានការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ និង​ការ​បកស្រាយ​ច​ម្ង​ល់​ពី​មហាជន​ថា​ក្រសួង​លក់​ផ្ដាច់មុខ ដោយ​មិន​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​លក់ តែ​ធាតុ​ពិត​មាន​ក្រុមហ៊ុន​ឯកជន​ច្រើន​ក៏​បាន​ចូលរួម​លក់​ជាមួយ​យើង​ផង​ដែរ » ។

លោ​បន្ថែម​ថា នៅ​ក្នុង​រយៈពេល​២២​ថ្ងៃ ជា​ពិសេស​ចាប់ពី​ថ្ងៃ​ទី​២៩​មេ​សា ដល់​ថ្ងៃ​ទី​០៥​ឧសភា ក្រសួង​បាន​រៀបចំ ផ្សារ​អន​ឡាញ និង​បាន​ភ្ជាប់​ការ​បញ្ជា​ទិញ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៦​មក​ដល់​ថ្ងៃនេះ រួម​មាន​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ ក្រុមហ៊ុន​ស៊ុប​ភើ​អេប ក្រុម​អេ​អន​អន​ឡាញ ក្រុមហ៊ុន Smile Shop ក្រុមហ៊ុន​ម៉ា​ក្រូ និង​ក្រុមហ៊ុន​មួយទៀត​ដែល​ទើប​ភ្ជាប់​ការ​បញ្ជា​ទិញ​គឺ​ក្រុមហ៊ុន Wow Now ។​លោក​ថា​៖« ទោះបី​មានការ​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ក្រោយ​ថ្ងៃ​ទី​០៥ ឧសភា ក្ដី ក្រុមហ៊ុន​ទាំងនេះ នៅ​តែ​ដំណើរការ​ភ្ជាប់​ជាមួយ​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ហើយ​ពលរដ្ឋ​នៅ​តែ​អាច​បញ្ជា​ទិញ​តាម​អន​ឡាញ​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ បាន​ដដែល » ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​តំបន់​រាជធានី​ភ្នំពេញ និង​តំបន់​តា​ខ្មៅ​ចាប់ពី​ថ្ងៃ​ទី​០៦ ឧសភា​២០២១​នេះ​តទៅ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០២១​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាក​ចេញពីផ្ទះ​ដើម្បី​បំពេញ ការងារ​និង​ធ្វើការ​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​ចរាចរណ៍​តាម​ដង​វិ​ថី​មួយ​ចំនួន​មាន​ភាព​មមាញឹក​ឡើង​វិញ ។ យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​បែងចែក​ជា​តំបន់​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដោយ​តំបន់​ក្រហម​មានការ​រឹត​បន្តឹង​ការ​ចេញចូល​ជាងគេ​ព្រោះ​ជា​តំបន់​ដែល​នៅ​តែ​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ