រាជធានីភ្នំពេញ ៖ ថ្ងៃទី២៣តុលា ឆ្នាំ២០១៥ ជាខួបលើកទី២៤នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាថ្ងៃធ្វើឱ្យភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាដែលបានឆាបឆេះអស់រយៈពេលជាច្រើនទសវត្សមកហើយនោះចាប់ផ្ដើមរលត់ទៅបន្តិចម្ដងៗរហូតអស់ទាំងស្រុងពីប្រទេសដ៏កម្សត់មួយនេះ។
លោកញឹក ប៊ុនឆៃ អនុប្រធានទី២គណបក្សហ្វុ៊នស៊ិនប៉ិច និងជាភាគីហត្ថលេខីមួយក្នុងចំណោមភាគីផ្សេងទៀតបានមានប្រសាសន៍ក្នុង
សន្និសីទសារព័ត៌មាន នៅគេហដ្ឋានលោកថា ថ្ងៃទី២៣ តុលា គឺជាថ្ងៃសំខាន់មិនអាចបំភ្លេចបានឡើយ ។ សម្រាប់ប្រជាពលរដ្ឋនិងអ្នកនយោបាយត្រូវតែរក្សា និងរំលឹកថ្ងៃនេះព្រោះបានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាមដ៏រុំារ៉ៃដែលកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយទាំងអស់ចងចាំថ្ងៃ២៣ តុលា ជារៀងរហូត ព្រោះថាមានថ្ងៃនេះទើបមានជំនួយពីបរទេសមកកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ។ ថ្ងៃ២៣ តុលា នេះគឺជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្រោមស្នាព្រះហស្តរបស់សម្តេចព្រះបរមរតនកោដ្ឋនៃយើង ។
លោកញឹក ប៊ុកឆៃ ឲ្យដឹងថា គណបក្សហ្វុ៊នស៊ិនប៉ិច បានចូលរួមពិភាក្សារហូតឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឲ្យមាន ទី១-សន្តិភាព ទី២-ការបង្រួបបង្រួមជាតិ ប្រទេសមានស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ ធ្វើឲ្យកម្ពុជាទទួលបានមកវិញនូវទង់ជាតិ ភ្លេងជាតិ និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងនាំមកនូវរបបរដ្ឋធម្មនុញ្ញថ្មីដែលធានានូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ នាំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកបញ្ជាក់ថា ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបធ្វើឲ្យមានជំនួយបរទេសជួយដល់កម្ពុជាដល់ថ្ងៃនេះដែលមានជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។ ពេលនោះមានបួនភាគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិទើបធ្វើឲ្យមានការបោះឆ្នោត និងការរៀបចំរដ្ឋាភិបាល ព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា ។ ដូច្នេះបើគ្មានថ្ងៃ២៣ តុលា មិនដឹងថាកម្ពុជានឹងទៅជាយ៉ាងណាទេ ។ ដូច្នេះសម្រាប់អ្នកនយោបាយទាំងអស់ត្រូវតែរំលឹកថ្ងៃ២៣ តុលា ជាក់ស្តែងឆ្នាំនេះ គណបក្សហ្វុ៊នស៊ិនប៉ិចបានឲ្យបណ្តាស្នាក់ការគណបក្សហ្វុ៊នស៊ិនប៉ិចទាំងអស់នៅទូទាំងប្រទេសរៀបចំ
ពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរំលឹកដល់អ្នកពលីជីវិតក្នុងបុព្វហេតុថ្ងៃ២៣ តុលានេះផងដែរ ។
ក្នុងសន្និសីទនោះដែរ លោកញឹក ប៊ុនឆៃបានប្រៀបធៀបថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មានសារសំខាន់ជាងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ លោកថាលោកទទួលស្គាល់ថ្ងៃ៧មករា ប៉ុន្តែថ្ងៃ៧មករា ជាចំណែកមួយដែលធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដួលរលំ តែពេលនោះកម្ពុជាមិនទាន់មានសិទ្ធិសេរីភាពពេញលេញនោះទេ ។ លោកថា ទោះបីជារបបខ្មែរក្រហមដួលរលំមែន តែកម្ពុជាមិនទាន់មានសន្តិភាពទេ គឺនៅតែមានសង្គ្រាម រហូតដល់មានថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ទើបកម្ពុជាបញ្ចប់សង្គ្រាម និងមានសន្តិភាព ។
នៅថ្ងៃ២៣ តុលា នេះដែរ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើពិធីរំលឹកខួបកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសផងដែរ ។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផ្តល់ឱ្យកម្ពុជា ទី១-បញ្ចប់ការឈ្លានពានរបស់បរទេសលើទឹកដីកម្ពុជា ទី២-បញ្ចប់របបកុម្មុយនីស្តក្នុងប្រទេសកម្ពុជា បង្កើតរបបប្រជាធិបតេយ្យសេរីពហុបក្ស ទី៣-បញ្ចប់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលទី៤-បង្កើតទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ ជាមួយពិភពលោក និងទី៥-សហគមន៍អន្តរជាតិចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា ។
ដោយឡែក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ តុលា បានបញ្ជាក់ថា យើងទាំងអស់គ្នាជួបជុំគ្នាថ្ងៃនេះគឺ ៖
១-យើងឲ្យតម្លៃលើស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១
២-គោរពដល់វិញ្ញាណក្ខន្ធអ្នកតស៊ូដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ
៣-យើងអរគុណ និងកោតសរសើរចំពោះអ្នកនយោបាយខ្មែរគ្រប់ភាគីដែលបានសម្រេចចិត្តបោះបង់សង្គ្រាម ចាប់យកការចរចាឈានដល់ការព្រមព្រៀង
៤-យើងចង់ឱ្យខ្មែរគ្រប់និន្នាការចងចាំថា បើគ្មានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១នោះទេ ខ្មែរយើងនៅតែធ្វើសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯង នៅតែស្ថិតក្រោមនឹមត្រួតត្រា និងការឈ្លានពានរបស់បរទេស និងនៅតែមិនបានស្គាល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព និងនៅតែមិនបានទទួលជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ពីប្រទេសជាមិត្ត និងអង្គការសហប្រជាជាតិ ដើម្បីយកមកអភិវឌ្ឍប្រទេស និងក៏គ្មានអ្នកវិនិយោគទុនមកវិនិយោគនោះឡើយ ។ល។ ក៏ប៉ុន្ដែជាទូទៅតាមការសង្កេតយើងឃើញថា មានចំណុចមួយចំនួនក្នុងស្មារតីនៃកិច្ចព្រមព្រៀងនេះ មានការខ្វះខាតក្នុងការអនុវត្តនៅឡើយ។
លោកកឹម សុខា បានលើកឧទាហរណ៍ដូចជា ការរៀបចំគ្រឹះប្រព័ន្ធប្រជាធិបតេយ្យការបោះឆ្នោតមិនទាន់មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ មិនទាន់មានតុល្យភាពអំណាច តុលាការមិនឯករាជ្យ ការរំលោភសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋនៅតែស្ថិតក្នុងការតាមដាន រិះគន់ពីមជ្ឈដ្ឋានជាតិ-អន្ដរជាតិដដែល ។ល។
លោកកឹម សុខា បញ្ជាក់ថា ដើម្បីកុំឲ្យមានសង្គ្រាមបង្ហូរឈាមខ្មែរតទៅទៀត កុំឲ្យបរទេសឆ្លៀតឱកាសឈ្លានពានខ្មែរបានទៀត កុំឱ្យរបបកុម្មុយនីស្ដផ្ដាច់ការគ្រប់គ្រងខ្មែរទៀត និងជាពិសេសដើម្បីឱ្យខ្មែរចាកផុតពីទុក្ខវេទនា ក្រីក្រ អយុត្ដិធម៌ ឈឺចាប់តទៅទៀត អ្នកនយោបាយខ្មែរទាំងអស់មិនត្រូវបោះបង់នូវស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនោះទេ ។ ខ្មែរត្រូវឈប់ដង្ហោយរកសង្គ្រាមទៀតទៅ ខ្មែរ ត្រូវឈប់ហៅបរទេសមកសម្លាប់ខ្មែរទៀត ខ្មែរ ត្រូវរួបរួមគ្នាស្វែងរកឯកភាពជាតិដែលជាគ្រឹះនៃស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍ ដើម្បីសេចក្ដីសុខចម្រើនសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
ចំណែកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាភាគីហត្ថលេខីហើយក៏ជាតួអង្គសំខាន់
ម្នាក់ដែលបានធ្វើឱ្យសម្រេចនូវកិច្ចព្រមព្រៀងនេះបានលើកឡើងក្នុងហ្វេសប៊ុករបស់សម្តេចនាថ្ងៃ២៣តុលា ឆ្នាំ២០១៥ ដែលជាថ្ងៃរម្លឹកខួបគម្រប់២៤ឆ្នាំ នៃថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ថា សម្តេចតេជោហ៊ុន សែន គឺជាតួអង្គសំខាន់មិនអាចខ្វះបាន ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជាមួយនឹងសម្តេចព្រះនរោត្តម ។ សម្ដេចតេជោក៏បានទាមទារឱ្យមានការទទួលស្គាល់ប្រវត្តិសាស្ដ្រមុនមានកិច្ចព្រមព្រៀង២៣ តុលា ផងដែរ ដែលជាសកម្មភាពស្វែងរកការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ។
ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វាទី២ សម្ដេចតេជោ ហ៊ុនសែនបានចោទសួរថា មានមនុស្សមួយចំនួនបានចាប់យកតែចំណុចមួយមកនិយាយ តែពួកគេមិនបាននិយាយពីប្រវត្តិសាស្ដ្រទាំងមូលនោះទេ។ ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដល់២៣ តុលា ឆ្នាំ២០១៥ គឺជាខួបលើកទី២៤នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសដែលបានឈានទៅរកតុចរចា៤ភាគីដើម្បីឈានទៅបញ្ចប់សង្គ្រាមសីុវិលជាង២ទសវត្សនៅកម្ពុជា តាមរយៈការបោះឆ្នោតជាតិមួយកាលពីឆ្នាំ១៩៩៣ ។
ក្រុមអ្នកវិភាគបានបញ្ចេញមតិថា ជាការកត់សម្គាល់ឱ្យតែដល់ថ្ងៃខួប២៣ តុលា ម្ដងៗអ្នកនយោបាយខ្មែរតែងតែឱ្យតម្លៃផ្សេងៗគ្នា នៃប្រវត្តិសាស្ដ្រនេះ ។ ភាគីម្ខាងទៀតឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ថា បាននាំមកសន្ដិភាពដល់កម្ពុជា ហើយថា ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺជាពេលដែលទាហានវៀតណាម បានចូលមកឈ្លានពានកម្ពុជា ក្រោមហេតុផលវាយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ចំណែកភាគីខាងគណបក្សប្រជាជនកម្ពុជាវិញ ក៏បានការពារអំណះអំណាងរបស់ខ្លួនថា បើគ្មានថ្ងៃរំដោះ ៧ មករា ទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា នោះដែរ ។ ថ្ងៃ២៣ តុលា ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបចេញពីប្រតិទិននៃបុណ្យជាតិកម្ពុជាកាលពីឆ្នាំ២០០៤ ប៉ុន្តែក្រោយមកត្រូវបានដាក់បញ្ចូលឡើងវិញ ចាប់តាំងពីឆ្នាំ២០១២ មកជាថ្ងៃឈប់សម្រាករបស់ជាតិ ។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីថា បើគ្មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ នៅឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពតនៅឆ្នាំ១៩៧៥ ហើយបើគ្មានរបបប៉ុលពតឆ្នាំ១៩៧៥ ក៏គ្មានថ្ងៃរំដោះ ៧ មករា ហើយបើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក៏គ្មានថ្ងៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នេះដែរ ៕


ចែករំលែកព័តមាននេះ