រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) Page ផ្លូវការរបស់លោក បង្ហោះនៅរសៀលថ្ងៃទី២៣ តុលា ២០១៥នេះមានខ្លឹមសារទំាងស្រុងថា ”យើងទាំងអស់គ្នាជួបជុំគ្នាថ្ងៃនេះគឺ៖
១.យើងឲ្យតម្លៃលើស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១
២.គោរពដល់វិញ្ញាញក្ខន្ធ អ្នកតស៊ូ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ
៣.យើងអរគុណ និងកោតសរសេរចំពោះអ្នកនយោបាយខ្មែរគ្រប់ភាគី ដែលបានសម្រេចចិត្តបោះបង់សង្គ្រាម ចាប់យកការចរចារ ឈានដល់ការព្រមព្រៀង និង
៤.យើងចង់ឲ្យខ្មែរគ្រប់និន្នាការចងចាំថា បើគ្មានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១នោះទេ ខ្មែរយើង៖
-នៅតែធ្វើសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯង
-នៅតែស្ថិតក្រោមនឹមត្រួតត្រា និងការឈ្លានពាន របស់បរទេស
-នៅតែមិនទទួលស្គាល់ នូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព
-នៅតែមិនទទួលបាន នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ពីប្រទេសជាមិត្ត និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍប្រទេស និងក៏គ្មានអ្នកវិនិយោគទុន មកវិនិយោគផងដែរ។ល។ ក៏ប៉ុន្ដែជាទូទៅ តាមការសង្កេតឃើញថា នៅមានចំណុចមួយចំនួនក្នុងស្មារតី នៃកិច្ចព្រមព្រៀងនេះ នៅមានការខ្វះខាត ក្នុងការអនុវត្តន៍នៅឡើយ។ ឧទាហរណ៍ដូចជា៖ ការរៀបចំគ្រឹះប្រព័ន្ធប្រជាធិបតេយ្យ ការបោះឆ្នោត មិនទាន់មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ មិនទាន់មានតុល្យភាពអំណាច តុលាការមិនឯករាជ្យ ការរំលោភសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ នៅតែស្ថិតក្នុងការតាមដានរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិដដែល។ល។
ដូច្នេះខ្ញុំ យល់ឃើញថា ដើម្បីកុំឲ្យសង្គ្រាមបង្ហូរឈាមខ្មែរតទៅទៀត កុំឲ្យបរទេសឆ្លៀតឱកាសឈ្លានពានខ្មែរបានទៀត កុំឲ្យរបបកុម្មុយនីស្ដផ្ដាច់ការគ្រប់គ្រងខ្មែរទៀត និងជាពិសេស ដើម្បីឲ្យខ្មែរចាកផុតពីទុក្ខវេទនា ក្រីក្រ អយុត្ដិធម៌ ឈឺចាប់តទៅទៀត អ្នកនយោបាយខ្មែរទាំងអស់ មិនត្រូវបោះបង់ នូវស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនោះទេ។
“ខ្មែរ ត្រូវឈប់ដង្ហើយរកសង្គ្រាមទៀតទៅ”
“ខ្មែរ ត្រូវឈប់ហៅបរទេសមកសម្លាប់ខ្មែរទៀត”
“ខ្មែរ ត្រូវរួបរួមគ្នាស្វែងរកឯកភាពជាតិ ដែលជាគ្រឹះនៃស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍន៍ ដើម្បីសេចក្ដីសុខ ចម្រើន សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា“
——-
ខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលបានប្រារព្ធនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៥”៕
ចែករំលែកព័តមាននេះ