ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិតឫស្សី​ហៅ​ផ្សិត​ពស់វែក​ឬ​ផ្សិត​លីង​ជឺ​កំពុង​មាន​ហាងឆេង​ខ្ពស់​នៅ​រតនគិរី

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ផ្សិតឫស្សី​ឬ​ផ្សិត​ពស់វែក និង​អ្នកខ្លះ​ទៀត​ហៅ​ថា​ផ្សិត​លីង​ជឺ កំពុង​មាន​ហាងឆេង​សម្បើម​ណាស់ ដោយសារ​មាន​ឈ្មួញកណ្តាល​ជា​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ទិញ​និង​ហ៊ាន​ទិញ​ថ្លៃ​ក្នុង​១​គី​ទ្បូ​ក្រាម​ចាប់ពី ៧០ ០០០​រៀល

ខេត្តរតនគិរី ៖ ផ្សិតឫស្សី​ឬ​ផ្សិត​ពស់វែក និង​អ្នកខ្លះ​ទៀត​ហៅ​ថា​ផ្សិត​លីង​ជឺ កំពុង​មាន​ហាងឆេង​សម្បើម​ណាស់ ដោយសារ​មាន​ឈ្មួញកណ្តាល​ជា​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ទិញ​និង​ហ៊ាន​ទិញ​ថ្លៃ​ក្នុង​១​គី​ទ្បូ​ក្រាម​ចាប់ពី ៧០ ០០០​រៀល ទៅ​១០​ម៉ឺន​រៀល ។

យោង​តាម​បុរស​ជនជាតិ​ដើម​ភាគតិច​ទំពួន​មួយ​រូប រស់នៅ​ភូមិ​ទុ​ស​ច្រិច បានឱ្យ​ដឹង​ថា ផ្សិតឫស្សី​ឬ​ផ្សិត​ពស់វែក​នេះ ដុះ​នៅ​នឹង​ដើម​ឫស្សី​ដែល​ងាប់​ពុក​ត្រូវ​ទឹក និង​ច្រើន​ដុះ​នៅ​រដូវវស្សា​។ ពេល​ផ្សិត​នោះ​ដុះ​ហើយ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មួយ​ចំនួន តែង​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​ទៅ​ដក​ផ្សិត​នេះ​យក​មក​ហាលថ្ងៃ​ឱ្យ​ស្ងួត​យក​មក​លក់​ឱ្យ​ឈ្មួញកណ្តាល​នៅ​ក្រុង​បាន​លុង ដែល​មាន​តម្លៃ​ចាប់ពី ៧០ ០០០​រៀល ទៅ​១០​ម៉ឺន​រៀល ក្នុង​១​គី​ទ្បូ​ក្រាម ។ ឈ្មួញកណ្តាល​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​ទិញ​យក​ទៅ​ប្រទេស​របស់​គេ ដើម្បី​លក់​បន្ត​ទៅ​ប្រទេស​ចិន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​គុណភាព​មានការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ជា​ផ្សិត​ដែល​ព្យាបាល​ឬ​ប៉ូវ​ក្រលៀន ប៉ុន្តែ​មិន​មាន​វេជ្ជបណ្ឌិត​ណា​អះអាង​ពី​ការ​រក​ឃើញ​ថា ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​ខាងលើ​ដូច​ការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទ​។  បើ​ផ្អែក​ទៅ​លើ​ភាសា​ចិន​ដែល​គេ​ឱ្យឈ្មោះ​ថា លីង​ជឺ ក៏​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​វិទ្យុមួយ​ចំនួន អួត​ពី​ប្រសិទ្ធភាព​នៃ​ផ្សិត​លីង​ជឺ​នេះ ដែរ ដែល​តាម​ពិត​គឺ​ផ្សិតឫស្សី​នេះឯង ។ ស្ត្រី​ជនជាតិ​វៀតណាម​ជា​ឈ្មួញកណ្តាល​ម្នាក់ និយាយ​ថា ចំពោះ​ការ​ប្រមូល​ទិញ​ផ្សិតឫស្សី​ហៅ​ផ្សិត​ពស់វែក ឬ​ផ្សិត​លីង​ជឺ​នេះ មាន​ហាងឆេង​មក​ពី​ប្រទេស​ចិន ដែល​មាន​តម្លៃខ្ពស់ ។

គួរ​បញ្ជាក់​ថា ផ្សិតឫស្សី ឬ​ផ្សិត​ពស់វែក ឬ​ផ្សិត​លីង​ជឺ​ខ្មែរ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ស្រុក​មួយ​ចំនួន នាំ​គ្នា​សម្រុកចូល​ព្រៃ​ដើម្បី​ដក​ផ្សិត​ក្នុង​១​ថ្ងៃ​ៗ​បាន​ពី​៤​ទៅ​៥​គី​ទ្បូ​ក្រាម​ក្នុង​ម្នាក់​ៗ យក​មក​ហាល​ឱ្យ​ស្ងួត រួច​លក់​ឱ្យទៅ​ឈ្មួញកណ្តាល​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គាត់ ។

នៅ​កម្ពុជា​បច្ចុប្បន្ន ធនធានធម្មជាតិ​ជា​ច្រើន​កំពុង​មាន​ហាងឆេង​ខ្ពស់ ហើយ​ទាំង​ឈើ​ព្រៃ ត្រី​សាច់ និង​រ៉ែ​ក្នុង​ដី លើគោក ក្នុង​ទឹក ក៏​កំពុង​ត្រូវ​បាន​បំផ្លាញ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ។ បច្ចុប្បន្ន​នេះ​ទៀត កំពុង​ត្រូវប៉ាន់​ផ្សិតឫស្សី តែ​ក៏​មាន​ប្រភព​ព័ត៌មាន​បង្ហើប​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ​ឈ្មួញ​វៀតណាម​ត្រៀម​ប្រមូល​ទិញ​ដើម​ផ្កា​អ៊័​រ​គី​ដេ​ព្រៃ​បន្ត​ទៀត ៕