អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់ ផ្សារ​ចាស់ និង​ហាង​ថតរូប ល្អ​ពេញចិត្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់ ផ្សារ​ចាស់ និង​ហាង​ថតរូប ល្អ​ពេញចិត្ត

1 ខែ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​សម្រេច​បិទ​ខ្ទប់​ការ​ចេញ​-​ចូល ជា​បណ្ដោះអាសន្ន ផ្សារ​ចាស់ និង​ហាង​ថតរូប ល្អ​ពេញចិត្ត នៅ​ផ្លូវ​ស៊ី​វត្ថា ភូមិ​មណ្ឌល​២…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​សម្រេច​បិទ​ខ្ទប់​ការ​ចេញ​-​ចូល ជា​បណ្ដោះអាសន្ន ផ្សារ​ចាស់ និង​ហាង​ថតរូប ល្អ​ពេញចិត្ត នៅ​ផ្លូវ​ស៊ី​វត្ថា ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ ។

រដ្ឋបាល​ខេត្តសៀមរាប បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​៤​នាក់​នោះ មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ហឿ​ល សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ជា​អ្នកលក់​ថង់​ប្លា​ស្ទិ​ច និង​ទំនិញ នៅ​តូប​លេខ​២០ ផ្សារ​ចាស់ ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ និង​បាន​ទៅ​ថតចម្លង​ឯកសារ នៅ​ហាង​ថតរូប ល្អ​ពេញចិត្ត ខាងត្បូង​ស្តុ​ប​សុខា ផ្លូវ​ស៊ី​វត្ថា ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ ។

ចំពោះ​ករណី​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សម្រេច​បិទ​ខ្ទប់​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន ក្នុង​បរិវេណ​ផ្សារ​ចាស់ ដែល​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ និង​ហាង​ថតរូប ល្អ​ពេញចិត្ត ខាងត្បូង​ស្តុ​ប​សុខា ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ឡើង​វិញ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ និង​ធ្លាប់​បាន​ចេញ​-​ចូល​ផ្សារ​ចាស់​ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ និង​ហាង​ថតរូប​ល្អ​ពេញចិត្ត ចាប់ពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

Picture
Picture
Picture
Picture
Picture
Picture