ខេត្តបាត់ដំបង ៖ មានការផ្អើលឆោឡោមួយបានកើតឡើងនៅក្បែរផ្សារបឹងឈូក ដែលស្ថិតចំកណ្ដាលក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី០៤ ឧសភា នេះ បន្ទាប់ជនសង្ស័យដែលពាក់មួកសុវត្ថិភាពម្នាក់បន្លំកាច់សោលួចយកម៉ូតូមួយគ្រឿង រួចជិះគេចខ្លួនដោយសុវត្ថិភាព ខណ:ម្ចាស់ដើរចូលទៅទិញអីវ៉ាន់ក្នុងផ្សារទើបបានប៉ុន្មាននាទីប៉ុណ្ណោះ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ម៉ូតូដែលត្រូវចោរលួចម៉ាងហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ_0333 ជាកម្មសិទ្ធរបស់ឈ្មោះ គ្រីន សំណាង ភេទស្រី រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ប្រភពដដែលបាននិយាយថា ម៉ូតូបានបាត់នៅម្ដុំផ្សារបឹងឈូក ជ្រុងខាងត្បូង នៅពេលគាត់ជិះទៅទុកទីនោះ រួចដើរចូលរកទិញអីវ៉ាន់ ប៉ុន្តែទើបបានប៉ុន្មាននាទីប៉ុណ្ណោះ ពេលដើរចេញមកវិញក៏បាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
បើតាមម្ចាស់ម៉ូតូបានបញ្ជាក់ថា សកម្មភាពចោរដែលលួចម៉ូតូគាត់ គឺបានជាប់នៅក្នុងកាមេរ៉ាសុវត្តិភាពដែលគេបំពាក់ខាងមុខផ្ទះនៅទីនោះ។ ចោរនោះ ស្លៀកខោពណ៌ខ្មៅ អាវពណ៌ទឹកសមុទ្រ និង ពាក់មួកសុវត្តិភាពផង។ នៅក្នុងកាមេរ៉ាសុវត្តិភាព លោកចោរបានដើរទៅឡើងជិះម៉ូតូចេញទៅយ៉ាងស្រូល ក្រោយម្ចាស់ចុះដើរចូលផ្សារផុតបន្តិច។
បើតាមជនរងគ្រោះ ដែលបានបញ្ជាក់បន្ថែមថា ក្រោយពីផ្អើលឆោឡោ គាត់បានទៅដាក់បណ្ដឹងនៅស្នងការខេត្តរួចហើយ។ បន្ទាប់មក គេក៏ឃើញសមត្ថកិច្ចខេត្តបានចុះទៅពិនិត្យនិងសួរនាំនៅកន្លែងកើតហេតុនោះដែរ តែមានតម្រុយបែបណាគេនៅមិនទាន់ដឹងទេ៕ ដោយ៖ ឆោម ពិសម័យ

ចែករំលែកព័តមាននេះ