ខេត្តកំពង់ឆ្នាំង៖ អភិបាលស្រុកសាមគ្គីមានជ័យ រងការចោទប្រកាន់ថា បានយកកាំភ្លើង បាញ់គោ ១ក្បាលងាប់ ព្រោះខឹងគោ ចូលស៊ីស្មៅ ក្នុងសាលាស្រុក។ តែលោកអភិបាលស្រុក បានបដិសេធថា មិនជាប់ពាក់ព័ន្ធឡើយ។ ចំណែកអធិការស្រុក បានអះអាងថា លោកអភិបាលស្រុកសាមគ្គីមានជ័យ បានប្រើដុំថ្មគប់គោនោះប៉ុណ្ណោះ ហើយបានសម្របសម្រួលសង ៤លានរៀលហើយ។
ព័ត៌មានជាបឋម បានឲ្យដឹងថា លោក វ៉ន ស៊ីផា អភិបាល ស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋ បណ្តាលឱ្យងាប់ ១ក្បាល នៅមុខសាលាស្រុក ដោយសារតែខឹងគោ ចូលស៊ីស្មៅ ក្នុងសាលាស្រុក។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ទោះយ៉ាងណា អភិបាលស្រុកសាមគ្គីមានជ័យ បានបដិសេធភ្លាមៗទៅនឹងព័ត៌មានខាងលើនេះ ដោយលោកបញ្ជាក់ថា កំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រាវជ្រាវ លោកមិនពាក់ព័ន្ធ ក្នុងរឿងនេះទេ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោក វន ស៊ីផា ស្រុកសាមគ្គីមានជ័យ បានប្រាប់ភ្នាក់ងារយើង នៅល្ងាចនេះថា ជារឿងមិនពិតទេ ដែលបណ្ដាញសង្គម និងគេហទំព័រមួយចំនួន បានចោទប្រកាន់ តាមពិត លោកមិនបានបាញ់សត្វគោប្រជាពលរដ្ឋឱ្យងាប់ឡើយ ហើយពេលនេះ លោកកំពុងឲ្យសមត្ថកិច្ចស៊ើបអង្កេតហើយ។
ជាមួយគ្នានេះ លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ ក៏បានប្រាប់ភ្នាក់ងារយើងដែថថា ពិតជាមានគោមួយក្បាលងាប់ នៅមុខសាលាស្រុកពិតមែន គឺដោយសារតែ លោកអភិបាលស្រុក គប់នឹងដុំថ្ម គឺមិនបានបាញ់ ដោយកាំភ្លើងឡើយ ហើយពេលនេះ លោក អភិបាលស្រុក បានសម្របសម្រួលជាមួយម្ចាស់គោរួចហើយ ដោយម្ចាស់គោ ក៏ព្រមទទួលយកសំណងជាប្រាក់ចំនួន ៤លានរៀលដែរ ដើម្បីបញ្ចប់រឿង។
ទោះយ៉ាងណា ការផ្ដល់ព័ត៌មានរបស់លោកអភិបាលស្រុក និងលោកអធិការស្រុកសាមគ្គីមានជ័យ ដែលបញ្ជាក់ថា បានគប់នឹងដុំថ្មនោះ ត្រូវបានអ្នកវិភាគលើកឡើងថា មានតែសមត្ថកិច្ចនគរបាលបច្ចេកទេសទេ ដែលអាចបញ្ជាក់ថា តើគោងាប់នឹងដុំថ្ម ឬដោយសារគ្រាប់កាំភ្លើង? ហើយបើថា អភិបាលស្រុក ពិតយកដុំថ្មគប់គោឲ្យងាប់មែន គឺជារឿងចម្លែកក្នុងប្រវត្តិសាស្ត្រយើងហើយ៕ ដោយ៖ ពៅ សុខហ៊ាន




ចែករំលែកព័តមាននេះ