រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងជួបជាមួយថ្នាក់ដឹកនាំបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដើម្បីជជែកពីការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបដិសេធថា គ្មានគម្រោងបែបនេះទេ ។
តាមរយៈផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ពីប្រទេសបារាំងតាមទូរស័ព្ទហើយត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ តុលា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកសុំបដិសេធចំពោះពាក្យចចាមអារ៉ាមថា គណបក្សសង្គ្រោះជាតិ នឹងជួបជាមួយថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីពិភាក្សាច្របាច់បញ្ចូលគ្នារវាងបក្សទាំងពីរនោះ ។
លោក សម រង្ស៊ី បានបញ្ជាក់ថា «ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការថា គ្មានការជួបជាមួយថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចទេ ព្រោះយើងមានការងាសំខាន់ជាច្រើនដែលត្រូវធ្វើ ដែលមានប្រយោជន៍សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខ ។ ហើយយើងជឿជាក់ថា មិនមានសារសំខាន់ និងមិនមានប្រយោជន៍អ្វីទាល់តែសោះ ដែលទៅនិយាយជាមួយគណបក្សហ្វុ៊នស៊ិនប៉ិច ដែលគេដឹងថាមានថ្នាក់ដឹកនាំបក្ស ជាមនុស្សអសមត្ថភាព និងមិនស្មោះត្រង់ជាមួយប្រជារាស្ត្រនោះ» ។
ជាមូយគ្នានោះដែរ លោក សម រង្ស៊ី បានអំពាវនាវដល់សមាជិកគណបក្សហ្វុ៊នសុិនបុិច ដែលធ្លាប់គាំទ្របក្សនេះជាយូរមកហើយនោះ សូមមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ។
ក្នុងកិច្ចសម្ភាសន៍នោះដែរ លោក សម រង្ស៊ី បានឲ្យដឹងពីការអស់សង្ឃឹមក្នុងការចរចាជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃស ឱ្យមានសេរីភាពមុនថ្ងៃភ្ជុំបិណ្ឌ ប៉ុន្តែមិនមានការដោះលែងនោះទេ ។
ទោះបីជាមិនមានការដោះលែងឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌនោះក្តី លោក សម រង្ស៊ី អះអាងថា លោកនឹងខិតខំរកវិធីសាស្ត្រដើម្បីជួយឲ្យសកម្មជនរបស់លោកចេញពីពន្ធនាគារឲ្យបានឆាប់ ។ ជាងនេះទៅទៀត តាមរយៈទស្សនកិច្ចរបស់លោកនៅសហគមន៍អឺរ៉ុបមួយរយៈនេះ គឺដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីបរទេស ក្នុងការដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ខណៈការចរចាក្នុងស្រុកមិនទាន់មានលទ្ធផលជាវិជ្ជមាន ។
កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានស្នើដល់សម្តេចតេជោ ហ៊ុន សែន តាមរយៈសម្តេចក្រឡាហោម ស ខេង ឲ្យជួយដោះលែងសកម្មជនរបស់ខ្លួនឲ្យមានសេរីភាពមុនថ្ងៃភ្ជុំបិណ្ឌដើម្បីឲ្យពួកគេបានជួបជុំគ្រួសារ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពីសម្តេចតេជោ ហ៊ុន សែន នៅឡើយទេ តែសម្តេចក្រឡាហោម បានថ្លែងថា វប្បធម៌សន្ទនា ពុំអាចធ្វើខុសពីច្បាប់បានទេ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ពីក្រៅប្រទេសមកថា លោកកំពុងស្វែងរកអ្នកជំនាញនៅក្រៅប្រទេស ដើម្បីប្រមូលភ័ស្តុតាងទាំងអស់ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការផ្តល់យុត្តិធម៌ជូនសកម្មជនរបស់លោក ។
លោកបញ្ជាក់ថា ៖ «ខ្ញុំត្រូវទាក់ទងតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលប្រទេសជាមិត្ត សុំឲ្យគេជួយការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ និងរកមធ្យោបាយដើម្បីដោះលែងចំពោះអ្នកដែលកំពុងជាប់ពន្ធនាគារ ពីព្រោះនៅប្រទេសកម្ពុជាពិបាកធ្វើការបន្តិច ដែលអ្នកខ្លះត្រូវគេចោទថា រឿងខ្លះប្រឌិត ឯកសារខ្លះក្លែងក្លាយ តែយើងអាចប្រមូលភស្តុតាងបានទាំងអស់» ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានសម្តែងការសោកស្តាយដែលគណបក្សកាន់អំណាចមិនអាចធ្វើអន្តរាគមន៍ដោះលែងសកម្មជនគណបក្សរបស់លោកឲ្យមកជួបជុំក្រុមគ្រួសារនៅក្នុងរដូវភ្ជុំបិណ្ឌ ។ លោកចាត់ទុកថា រាល់ការចោទប្រកាន់ទាំងអស់មកលើសកម្មជនរបស់លោក គឺមិនសមហេតុផល និងជារឿងនយោបាយសុទ្ធសាធ ។ បើទោះជាបែបនេះក្តី លោក សម រង្ស៊ី នៅតែអះអាងថា លោកនៅតែមានជំនឿទៅលើវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ ។
ទាក់ទិននឹងការច្របាច់បញ្ចូលគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នស៊ិនប៉ិចវិញ កាលពីថ្ងៃទី១៥ តុលា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច បានមានបន្ទូលស្វាគមន៍ចំពោះការច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរ ប៉ុន្តែចង់ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដាក់លិខិតជាលាយលក្ខណ៍អក្សរមកកាន់ព្រះអង្គជាមុនសិន ។
សម្តេចក្រុមព្រះបានគូសបញ្ជាក់ថា «បើលោក កឹម សុខា និងលោក សម រង្ស៊ី ចង់ជួបខ្ញុំ សូមផ្ញើលិខិតមកខ្ញុំមក ដើម្បីជជែកគ្នា ព្រោះថា ទី១-គាត់គោរពតាមព្រះករុណា ព្រះបរមរតនកោដ្ឋ និងទី២-គាត់គោរពស្រឡាញ់អ្នករាជានិយមដែរ ។ សូមជម្រាបថា ការច្របាច់បញ្ចូលគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នស៊ិនប៉ិច ទាល់តែគាត់សរសេរលិខិតមកខ្ញុំសិន» ។
សម្តេចក្រុមព្រះបានសង្កត់ធ្ងន់ថា ព្រះអង្គស្វាគមន៍ជានិច្ចដោយសារមានលក្ខណៈពីរយ៉ាងគឺ ទី១-ដោយសារ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគាំទ្រជំហររបស់ព្រះបាទនរោត្តម សីហនុ ដែលជាបិតារបស់ខ្ញុំ ដែរ ជំហររបស់ឪពុកខ្ញុំគឺថា បើចង់ដោះស្រាយបញ្ហារបស់ជាតិឲ្យបានគ្រប់ទាំងអស់នោះទាល់តែមានការរួបរួមគ្នា មិនអាចទាត់គណបក្សនយោបាយណាមួយចោលបាននោះទេ ។ ទី២-លោកសម រង្ស៊ី ថាគាត់ជាអ្នករាជានិយម ដែលកាលពីមុនគាត់មិនដែលលើកឡើងសោះ» ។
ទាក់ទិននឹងការលើកឡើងរបស់សម្តេចក្រុមព្រះ ត្រូវបានលោក កឹម សុខា ដែលមានវត្តមាននៅក្នុងប្រទេស បានបដិសេធភ្លាមៗថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្មានបំណងនឹងចូលជួបជាមួយសម្តេចក្រុមព្រះ ដើម្បីជជែកពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច អ្វីនោះទេ ។
យ៉ាងណាក្តី បើតាមសម្តេចក្រុមព្រះបានទម្លាយឲ្យដឹងថា ទាំងលោក សម រង្ស៊ី និង លោក កឹម សុខា ធ្លាប់ជួបព្រះអង្គនៅព្រះរាជដំណាក់ គឺកាលពីពេលមិនទាន់បង្កើតគណបក្សសង្គ្រោះជាតិ ។ ព្រះអង្គថា ការជួបគ្នាគ្រានោះ គឺដើម្បីជជែកគ្នាបង្កើតគណបក្សមួយរួមគ្នា ប៉ុន្តែមតិទាំងនោះមិនត្រូវបានឯកភាពគ្នាឡើយ។ ទីបំផុត លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស និងលោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី បានឯកភាពបង្កើតគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាន នាពេលបច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ