ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំការ​ស្វាយ​៣៧ ​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៥ ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ការ​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ភាគី​ចិន​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ចំការ​ស្វាយ​៣៧​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៥ អាច​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​បានជា​ផ្លូវការ ដោយ​អនុវត្តន៍​តាម​ភូតគាម​អនាម័យ ។ នេះ បើ​យោង​ទៅ​តាម​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០២១​កន្លង​ទៅ​រវាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ភាគី​ចិន​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ចំការ​ស្វាយ​៣៧​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៥ អាច​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​បានជា​ផ្លូវការ ដោយ​អនុវត្តន៍​តាម​ភូតគាម​អនាម័យ ។ នេះ បើ​យោង​ទៅ​តាម​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០២១​កន្លង​ទៅ​រវាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​នេសាទ​កម្ពុជា​ឱ្យ​ដឹង​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ចរចា​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (GACC) តាំងពី​ដើមឆ្នាំ​២០១៨ នៅ​មុន​ពេល​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ច​ត្តា​ឡី​ស័ក (AQSIQ) ច្របាច់​ប​ញ្ជូ​ល​គ្នា​ជាមួយ GACC ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ទើប​ទទួល​បានការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

ជា​លទ្ធផល បន្ទាប់​ពី​ការ​ចរចា​បើក​ទីផ្សារ​អស់​រយៈពេល​ជាង​៣​ឆ្នាំ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ GACC បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​០៥ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ។

រោងចក្រ​វេច​ខ្ចប់​ទាំង​០៥ នោះ រួម​មាន ១-​ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-​ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-​ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-​ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង​៥-​ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ។

កន្លង​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៥៥​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​/​សហគមន៍​កសិកម្ម​។ អគ្គនាយកដ្ឋាន​កសិកម្ម ក៏​បាន និង​កំពុង​បន្ត​ទទួល​នូវ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​កម្ពុជា បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​ការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​រង់ចាំ​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ថា​កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​សក្ដានុពល​ជា​ច្រើន​ទៀត​ទៅ​កាន់​ប្រទេស​ចិន ហើយ​ក៏​អាច​ទាក់ទាញ​ការ​វិនិយោគ​ផ្សេង​ពី​ប្រទេស​ចិន​មក​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ