ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះសីហនុ មាន​អ្នកជំងឺ​កូ​វីដ​ជាង ៨០០​នាក់ កំពុង​សម្រាក​ព្យាបាល ពាក់ព័ន្ធ​ការឆ្លង​សហគមន៍​តៗ​គ្នា

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ក្នុង​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង កាលពី​យប់​ថ្ងៃ​២៦​មេសា​២០២១​ថា ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ឆ្លង​ថ្មី នៅ​ក្រុងព្រះសីហនុ បច្ចុប្បន្ននេះ ស្ទើរតែ​ជាង​ពាក់កណ្តាល គឺ​ឆ្លង​តាមរយៈ​សមាជិកគ្រួសា​រ​របស់ខ្លួន…

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ក្នុង​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង កាលពី​យប់​ថ្ងៃ​២៦​មេសា​២០២១​ថា ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ឆ្លង​ថ្មី នៅ​ក្រុងព្រះសីហនុ បច្ចុប្បន្ននេះ ស្ទើរតែ​ជាង​ពាក់កណ្តាល គឺ​ឆ្លង​តាមរយៈ​សមាជិកគ្រួសា​រ​របស់ខ្លួន រួច​ចម្លង​បន្ត​មកដល់​ក្រុមគ្រួសារ​នៅផ្ទះ ដែលមាន​សមាជិក​ក្នុងផ្ទះ ចេញទៅ​ប្រកប​អាជីវកម្ម ឬ​ចេញ​ខាងក្រៅ​ផ្ទះ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ដោយ​មិនបាន​ដឹងខ្លួន រួច​ក៏​ឆ្លង​បន្ត​មកដល់​សមាជិក​ក្នុង​គ្រួសារ ដែល​គ្រួសារ​ខ្លះ​ឆ្លង​ដល់​ក្មេង​តូចៗ​ថែមទៀត​។

​មន្ត្រី​ដដែល​បន្ថែមថា គិត​ត្រឹម​យប់​ថ្ងៃ​២៦​មេសា​នេះ មាន​អ្នកជំងឺ​សរុប​កើន​ដល់ ៨១៩​នាក់​ហើយ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ ដែលជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្នុង​ខេត្ត​ព្រះសីហនុ​។

​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា បញ្ហា​នេះហើយ ដែល​ថ្នាក់ដឹកនាំ​ខេត្ត និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ បាន​អំពាវនាវ​ផង និង​ចុង​ក្រោយនេះ បានចេញ​បំរាម​បិទ​ខ្ទប់​ក្រុងព្រះសីហនុ​ផង ក៏​ព្រោះតែ​មិន​ចង់​ឲ្យ​ពលរដ្ឋ ដែល​មិនមាន​ការចាំបាច់​ចេញពីផ្ទះ ខ្លាច​នាំ​ចម្លង​មេរោគ​ដល់​ខ្លួនឯង​ហើយ រួច​បន្ត​នាំ​ចម្លង​ដល់​សមាជិក​ក្នុង​គ្រួសារ​ទៀត​។

មន្ត្រី​អ្នកនាំពាក្យ​ដដែល បាន​ដកស្រង់​ប្រសាសន៍​ថ្នាក់ដឹកនាំ​ខេត្ត មក​ប្រាប់​បន្ថែមថា ថ្នាក់ដឹកនាំ​ខេត្ត លោក​យល់​ពី​ការលំបាក​ក្នុងពេល​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចេញពីផ្ទះ ប៉ុន្តែ​បើ​មិន​ប្រើប្រាស់​វិធានការ​បែបនេះ​ទេ ការគ្រប់គ្រង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មិន​ឲ្យ​ឆ្លង​រាលដាល នឹង​ពិបាក ហើយ​ប្រសិនបើ​ពលរដ្ឋ​ចូលរួម​អត់ធ្មត់ ទ្រាំ​លំបាក​មួយរយៈ ដូចជា​ពលរដ្ឋ​នៅ​តំបន់​ទំនប់រលក ក្នុង​សង្កាត់​លេខ​១ ដែល​អនុវត្តន៍​បាន​តាម​វិធាន​ការបិទ​ខ្ទប់​កន្លងមក រហូត​លែងមាន​អ្នក​ឆ្លង​ថ្មី នោះ​ពលរដ្ឋ​យើង នឹង​រួច​ផុតពី​រោគ​ចង្រៃ​នេះ ជាពុំខាន​។

​ជាមួយគ្នានេះ ខាង​ក្រុមគ្រូពេទ្យ ក៏​លើក​ជា​សំណូមពរ​មក​ផងដែរ​ថា ដើម្បី​ឲ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ថយចុះ គឺ​ពឹង​អា​ស្រ​យ័​លើ​ការចូលរួម​ប្រុងប្រយ័ត្ន​ពី​សំណាក់​ពលរដ្ឋ​យើង​គ្រប់​ក្រុមគ្រួសារ ក្នុងនោះ បើ​មាន​សមាជិក​ណា​ម្នាក់ ចេញ​ក្រៅ​ផ្ទះ ត្រូវ​ពាក់​ម៉ាស់ កុំទៅ​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ច្រើន និង​ថា ពេលមកដល់​ផ្ទះ​វិញ ត្រូវ​ចេះ​ការពារ​ខ្លួន ដោយ​ការបាញ់​អាកុល ឬ​លាង​សម្អាត​ដៃជើង ខ្លួនប្រាណ កុំ​ប្រញាប់​ឲ្យ​សមាជិក​ក្នុង​គ្រួសារ មក​ជិត​ខ្លួន​ជា​ចាំបាច់ ដើម្បី​បង្ការ​ក្រែង​យើង មាន​ឆ្លង​ជំងឺ​មក នឹង​ឆ្លង​ដល់​សមាជិក​ក្នុង​គ្រួសារ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ល្អ​បំផុត​នោះ បើ​មិនចាំបាច់​ទេ កុំ​ចេញពីផ្ទះ ក្នុងដំណាក់កាល កំពុង​ឆ្លង​រាលដាល​បែបនេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ