ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ រាប់ពាន់នាក់ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ២ថ្ងៃ (ថ្ងៃទី១៤ តុលា ២០១៤) នៅតែបន្តនាំគ្នាទៅកម្សាន្តនិងលេងទឹក នៅទំនប់ទឹកគង្គា ដដែល ។ បើតាមការប៉ាន់ប្រមាណ អ្នកទៅកម្សាន្តនៅទីនោះនឹងបន្ត៣-៤ថ្ងៃទៅមុខទៀត ។ ទំនប់និងទ្វារទឹក «គង្គា» ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹក ផុស មានចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង ។
ទំនប់់ទឹកមួយនេះ កសាងឡើងដោយរាជរដ្ឋភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៥ អនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការស្រោចស្រពស្រូវប្រាំង និងវស្សារបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន២គឺ ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ ដោយសារតែទំនប់ទឹកមួយនេះមានអំណោយផលសម្រាប់លេងកម្សាន្តទឹក និងមានម្លប់ត្នោតជាច្រើនដើម ដែលអាចឱ្យបងប្អូននៅអង្គុយសម្រាកលំហែ កាយបាន ទើបធ្វើឱ្យទំនប់ទឹកមួយនេះក្លាយជាតំបន់ទេសចរណ៍មួយយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ជាក់ស្តែង ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងមកដល់ពេលនេះ(១៤តុលា) នៅតែមានប្រជាពលរដ្ឋរាប់ពាន់នាកទៅកម្សាន្តនៅទីនោះជារៀងរាល់ថ្ងៃ ដោយខ្លះមានដាក់គ្រឿងភេសជ្ជៈស្រាបៀរ និងមានចង្ក្រានអាំងសាច់ ខ្លះមានដាក់ម្ហូបឆ្អិនស្រាប់ ខ្លះមានចង្ក្រានហ្កាស ទៅចម្អិនម្ហូបនៅក្រោមដើមត្នោត ។ល។ ចំណែកអ្នកខ្លះទៀត ចុះងូតទឹក បាចទឹកដាក់គ្នា ខ្លះជិះពោងហែលទឹក ជាដើម។ អ្វីដែលជាការកត់សម្គាល់នោះ គឺក្នុងឆ្នាំនេះប្រជាពលរដ្ឋទៅកម្សាន្តនៅទីនោះយ៉ាងច្រើន ស្ទើររកកន្លែងសម្រាប់ អង្គុយគ្មាន ។
នៅតំបន់នោះ ដោយសារតែមានអ្នកទៅកម្សាន្តយ៉ាងច្រើនកុះករបែបនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ចេះធ្វើតូបដាក់កន្ទេល ខ្លះមានកន្ទេលក្រាលនឹងដី ខ្លះមានពោង (ពោះវៀនកង់រថយន្ត) សម្រាប់ជួលយកប្រាក់ផងដែរ ។ ក្រៅពីនេះ ពួកគាត់ធ្វើម្ហូប នំចំណី និងលក់គ្រឿងក្លែមទៀតផង ដែលទាំងនេះក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះដោះស្រាយជីវភាពបានមួយកម្រិត ។
នៅទីកម្សាន្តមួយនេះ ក៏មានការសហការគ្នារវាងកងទ័ពឈរជើងនៅទីនោះ ជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន រួមទាំងប្រជាការពារ ក្នុងការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាបជូនអ្នកទៅកម្សាន្តនៅទីនោះ ។ ជាមួយនេះ ពួកគាត់ក៏បានកម្រៃមកវិញពីការដាក់ផ្ញើម៉ូតូ និងរថយន្ត ដែលមានតម្លៃធម្មតាមិនបានយកលើសកំណត់ នាំឱ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្តឡើយ ៕
ចែករំលែកព័តមាននេះ