ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមព្រៀង ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​និង​ច្បាប់បោះឆ្នោត​ឃុំ​-​សង្កាត់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​បញ្ចប់​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ហើយ បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​ជា​ច្រើន​មក

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​បញ្ចប់​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ហើយ បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​ជា​ច្រើន​មក ។

ក្នុង​ជំនួប​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ តុលា នៅ​វិមាន​រដ្ឋសភា សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ខិតខំ​អត់ធ្មត់​ក្នុង​ការ​ពិភាក្សា​លើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ រយៈពេល​កន្លង​មក​ស្ទើរតែ​ទាំងស្រុង ទោះបី​នៅ​សេសសល់​ចំណុច​មួយ​ចំនួន ។

សម្តេច​ក្រឡាហោម​បាន​ថ្លែង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ពិភាក្សា​របស់​គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន និង​ភាគតិច​ក្នុង​រដ្ឋសភា និង​បន្ត​អនុវត្ត​តាម​នីតិវិធី​ដើម្បី​បាន​សេចក្តី​ព្រាង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់​ក្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ។

ចំណែក​លោក សម រ​ង្ស៊ី ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​សភា មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ខិតខំ​ពិភាក្សា​រហូត​ឈាន​ដល់​ចំណុច​ឯកភាព​គ្នា​ស្ទើរតែ​ទាំងអស់ និង​ថា​គណបក្ស​ទាំងអស់​ត្រូវ​រក្សា​ភាព​អត់ធ្មត់ និង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​គណ​គ​បក្ស​ទាំង​ពីរ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ចំណាយ​អស់​រយៈពេល​២​ម៉ោង​បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​ដោះស្រាយ​ចំណុច ដែល​មិន​ទាន់​ស្របគ្នា​ពាក់ព័ន្ធ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​វិសោធន​កម្មបទ​បញ្ជ​ផ្ទៃក្នុង​រដ្ឋសភា ។

កិច្ចប្រជុំ​សម្រេច​ជា​លទ្ធផល​ដូច​ជាទី​១-​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​គណៈកម្មការ​លើ​កិច្ច​ដែល​បាន​ខិតខំ​បំពេញការងារ​រួម​គ្នា ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្នើ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ថ្នាក់ដឹកនាំ​បាន​ព្រមព្រៀង​គ្នា​លើ​សំណើ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ចំនួន​១៦​ប្រកា​រលើ​៨៣​ប្រការ ហើយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​រួម​គ្នា​លើក​សំណើ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នេះ​ជូន​ទៅ​រដ្ឋសភា​តាម​នីតិវិធី​ជា​ធរមាន ។

២-​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​ធ្វើការ​សិក្សា​សម្របសម្រួល​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់់​។ សេចក្តី​ព្រាង​មាន​១៦​ជំពូក និង​១៩៦​មាត្រា ។ ជាមួយ​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រៀបចំ​សំណើ វិសោធនកម្ម​នេះ​ជា​ច្បាប់​ថ្មី​ក្នុង​ទម្រង់​ជា​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ហើយ​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ នឹង​រួម​គ្នា​ស្នើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ជូន​ទៅ​រដ្ឋសភា​តាម​នីតិវិធី​ជា​ធរមាន ។

៣-​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា  សំដៅ​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក សម រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ដោយ​ផ្ទាល់មាត់​តាម​រយៈ​សម្តេច ស ខេ​ង ដើម្បី​ស្នើ​សុំ​សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍ ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឲ្យ​ពួក​គេ​បាន​មក​ជួបជុំ​ប្រពន្ធ​កូន ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏​ប៉ុន្តែ​សម្តេច ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​តប​ភ្លាម​ៗ​ទៅ​កាន់​លោក សម រ​ង្ស៊ី ថា អ្វី​ៗ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ៕