ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ សារ​នយោបាយ «​ដូរ ឬ​មិន​ដូរ?» មិនមែន​ការ​ចាប់បង្ខំ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​បកស្រាយ​ទស្សនៈ «​ដូរ ឬ​មិន​ដូរ?» ដោយ​បាន​ពន្យល់​ថា មិន​មានការ​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ គឺ​ចង់​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ ។

លោក​កឹ​ម សុខា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នា​ថ្ងៃ​ទី​១៤ តុលា បញ្ជាក់​ថា «​ខ្ញុំ​កឹ​ម សុខា ជា​អ្នក​ដាក់​ចេញ​នូវ​សារ​នយោបាយ «​ដូរ ឬ​មិន​ដូរ?» នេះ ជូន​គណបក្ស​ប្រើ​សម្រាប់​ឃោសនាបោះឆ្នោត តាំង​តែ​ពី​ខ្ញុំ​នៅ​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​ពេល​នោះ​ខ្ញុំ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ ខ្ញុំ​ពេញចិត្ត​នឹង​សារ​នយោបាយ​នេះ​ណាស់ ព្រោះ​ខ្ញុំ​យល់​ថា មាន​ន័យ ខ្លី ខ្លឹម ខ្លាំង បើ​មិន​ខ្លៅ មិន​គួរ​ខ្លាច បើ​ប្រជាពលរដ្ឋ​ឃ្លាន​ហើយ​នោះ​។

លោក​សរសេរ​ទៀត​ថា សារ​នយោបាយ​នេះ​គ្រាន់​ជា​សារ​សម្រាប់​ដាក់​ជូន​ម្ចាស់​ឆ្នោត​ពិចារណា ដោយ​មិន​បង្ខិតបង្ខំ មិន​គំរាមកំហែង ដូច​សារ​ដែល​អ្នកនយោបាយ​ខ្លះ​ដាក់​ចេញ​ក្នុង​រូបភាព​គំរាមកំហែង​នោះ​ទេ​។ កន្លង​មក ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន សូ​ម្បី​តែ​ក្មេង​ៗ​មិន​ទាន់​គ្រប់​អាយុ​បោះ​ឆ្នោត​ក៏​ចង​ចាំ ចូល​ចិត្ត​សារ​នយោបាយ​នេះ​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​លើក​ប្រៀប​ដូច​ជា​ចង់វាយ​ប្រវាយ​លើ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន  ដោយ​គូរ​បញ្ជាក់​ថា មាន​តែ​អ្នកដឹកនាំ​ខ្លះ​តែ​ប៉ុណ្ណោះ ដែល​ប្រឆាំង​ទាំង​ទទឹងទិស​នូវ​សារ​នយោបាយ​នេះ ទោះបី​ខ្ញុំ​បាន​បញ្ជាក់​ហើយ បញ្ជាក់​ទៀត​ថា ខ្ញុំ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ យើង​មិន​ធ្វើ​តាម​មធ្យោបាយ​ហិង្សា មិន​ធ្វើ​បដិវត្តន៍ មិន​ធ្វើសង្គ្រាម​បង្ហូរឈាម​ខ្មែរ​ជា​ដាច់ខាត​ក៏​ដោយ​។ ដូច្នេះ ដើម្បី​កុំឱ្យ​អ្នកខ្លះ​យកពាក្យ ដូរ ឬ​មិន​ដូរ​នេះ ទៅ​បកស្រាយ​បំភ្លៃ ដើម្បី​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​យក​ទៅ​អនុវត្ត​ផ្ទុយ​ពី​គោលដៅ និង​គោលបំណង​នៃ​សារ​នយោបាយ​នេះ ជា​ថ្មី​ម្តងទៀត​ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​នូវ​គោលដៅ និង​គោលបំណង​នៃ​សារ​នយោបាយ ដូរ ឬ​មិន​ដូរ​នេះ តាម​ទស្សនៈ​របស់ខ្ញុំ​ដូច​ខាងក្រោម​នេះ​៖

ទី​១-ជា​ការ​សុំ​មតិ​ប្រជាពលរដ្ឋ​ថា តើ​ប្រទេស​កម្ពុជា​យើង​ល្មម​ដល់​ពេល​ផ្លាស់​ប្តូ​រហើយ​ឬ​នៅ? មិនមែន​ជា​ការ​បង្ខិតបង្ខំ​ឡើយ​។

ទី​២-ការ​សម្រេច​ថា ដូរ ឬ​មិន​ដូរ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​អំណាច ម្ចាស់​ប្រទេស ម្ចាស់​វាសនា​ខ្លួនឯង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ទី​៣-យើង​ទាំងអស់​គ្នា​ត្រូវ​តែ​គោរព​តាម​សម្លេង​ដែល​ជា​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត បើ​ការ​បញ្ចេញមតិ​តាម​រយៈ​ការ​បោះ​ឆ្នោត​នោះ​ប្រកបដោយ​យុត្តិធម៌​អាច​ទទួលយក​បាន​។

ទី​៤-បើ​ម្ចាស់​ឆ្នោត​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ដំណើរការ ឬ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​តវ៉ា​រក​យុត្តិធម៌​។

ទី​៥-សមត្ថកិច្ច អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​ដោះស្រាយ​ឆ្លើយ​តប​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​តម្លាភាព​មិន​ត្រូវ​បង្ក្រាប​ដោយ​ប្រើ​នូវ​អំពើ​ហិង្សា​ឡើយ​។

ទី​៦-ការ​ផ្លាស់​ប្តូរ​ជា​ការ​ធម្មតា ជា​ច្បាប់ធម្មជាតិ ជា​ច្បាប់​ព្រះ ដែល​គ្មាន​អ្នក​ណា​អាច​រារាំង ឃាត់ឃាំង​បាន​ឡើយ

ទី​៧-សូម​ខ្មែរ​ទាំងអស់​គ្នា ងាក​មក​អង្គុយ​និយាយ​គ្នា រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ការ​កែទម្រង់​ដោយ​សន្តិវិធី ដើម្បី​សេចក្តីសុខ​សេចក្តីចំរើន​ទាំងអស់​គ្នា​។