ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសបច្ចេកទេស កំពុងចាក់បេតុងប្លង់ ស្រាប់តែបាក់ សំណាងល្អ គ្មានអ្នករងគ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សំណង់ផ្ទះល្វែងមួយកន្លែង ដែលកំពង់ដំណើរការសាងសង់ ដោយការចាក់បេតុងប្លង់សេស្រាប់តែបាក់ស្រ៊ឹប គួរឲ្យស្រៀវសាច់បំផុត ដោយសារតែកំហុសបច្ចេកទេសរបស់ក្រុមជាង ដែលប្រើជន្ទុលតូច និងរង្វើលថែមទៀតផង។ ប៉ុន្តែជាសំណាងល្អ ហេតុការណ៍បាក់ប្លង់សេនោះ ពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួស ឬក៏ស្លាប់នោះឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ ដែលជាមេការសំណង់ បាននិយាយថា គាត់បានម៉ៅការងារនេះ បន្តពីមេការធំម្នាក់ ហើយមេការធំនោះ គឺជាអ្នករៀបចំការងារឲ្យធ្វើ ដោយសំណង់ខាងលើ កំពុងតែសាងសង់ និងចាស់ផ្ដើមចាក់​ប្លង់សេ ដោយប្រើរថយន្តបាញ់បេតុង។ ខណៈនោះ បានចាក់ជិតរួចរាល់ទៅហើយ និងកំពុងតែចាក់បង្ហើយមួយផ្នែកតូចទៀតប៉ុណ្ណោះ ស្រាប់តែបាក់ប្លង់សេនោះ ហូរបេតុង ដែលទើបចាក់ថ្មី មិនទាន់រឹង​​នៅឡើយ បង្កឲ្យមានការខូចខាតទាំងស្រុង។ ចំណែកឯគ្រោងឆ្អឹងដែក មិនបានធ្លាក់មកជាមួយបេតុង​ឡើយ គ្រាន់តែកោងវៀចប៉ុណ្ណោះ។

បុរសដដែលនេះ បានបន្តទៀតថា ពេលនោះ ពិតជាសំណាងណាស់ ដែលពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់​ឡើយ ហើយការបាក់នេះ ផ្ដើមចេញពីកណ្ដាលនៃផ្ទៃប្លង់សេ ដោយសារតែកំហុស​បច្ចេកទេសនៃការប្រើជន្ទុលរង្វើលពេក។

មេការបន្តថា ក្នុងការម៉ៅការនេះ គាត់ត្រូវខាតបង់ប្រាក់ ២ ទៅ ៣ពាន់ដុល្លារ ដែលបានខ្ចី​ចងការពីធនាគារ យកមករកស៊ីនេះផងដែរ។ គាត់បានធ្វើជាជាងសំណង់រាប់ឆ្នាំកន្លងមកហើយពុំ​ដែលជួបប្រទះរឿងបែបនេះទេ ពេលនេះ គឺជាលើកទី១ ហើយសម្រាប់រូបគាត់៕ យន់ ស៊ីថា