ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់លែង ដែលព្យាយាមចាកចេញពីភ្នំពេញ មកកាន់ស្រុកកំណើត កាលពីមុនអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក អស់រយៈពេល ១៤ថ្ងៃ គឺកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីយកសំណាកចំនួន ៣លើក ឃើញអវិជ្ជមានកូវីដ១៩។
អនុប្រធានមណ្ឌលចត្តាឡីស័ក កម្រិត២ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ឡុច វណ្ណនីម បានអោយដឹងថា ប្រជាពលរដ្ឋទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពីអំឡុងមុនចូលឆ្នាំ ខណៈពួកគាត់ព្យាយាម រត់ចេញពីរាជធានីភ្នំពេញ មកកាន់ស្រុកកំណើត នៅស្រុកកំពង់លែង ហើយត្រូវបានមន្ទីរសុខាភិបាល ក៏ដូចជា អាជ្ញាធរស្រុកកំពង់លែង ឃាត់ខ្លួន ដឹកតាមរថយន្ត ដាក់ឲ្យធ្វើចិត្តាឡីស័ក នៅមណ្ឌលចិត្តាឡីស័ក កម្រិតពីរ នៅស្រុកទឹកផុស។ អ្នកធ្វើចត្តាឡីស័កទាំងនោះ មានចំនួន ៣៨នាក់ (ស្រី ១៤នាក់) ក្នុងនោះ មានទារក ពីរនាក់ផង។
គួររំលឹកថា ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ទាំង ៣៨នាក់នេះ គឺកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានលួចចេញពីរាជធានីភ្នំពេញ ខណៈដែលទីក្រុងភ្នំពេញ ត្រូវបានរាំងខ្ទប់ មិនឲ្យមានចរាចរណ៍ចេញចូល ហើយបានមកកាន់ស្រុកកំណើត នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្ទាប់មក គាត់ត្រូវបានមន្ទីរសុខាភិបាល ក៏ដូចជា អាជ្ញាធរស្រុក ឃាត់ខ្លួន ដឹកតាមរថយន្ត មកដាក់នៅមណ្ឌលចត្តាឡីស័ក កំរិត២ ទាំងយប់ ហើយបន្ទាប់ពីរស់នៅទីនោះ រយៈពេល ១៦ថ្ងៃ ទើបត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ៕ ដោយ៖ ពៅ សុខហ៊ាន



ចែករំលែកព័តមាននេះ