រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានសសេរលិខិតបដិសេធចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលថា មានបាតុកម្មទប់ស្កាត់វត្តមានលោកសម រង្ស៊ី នៅខេត្តឧត្តរមានជ័យ ។
យោងតាមលិខិតដែលចុះហត្ថលេខាដោយលោក សួស យ៉ារ៉ា ចុះថ្ងៃទី៧ តុលា ឆ្នាំ២០១៥ បានបដិសេធចំពោះការថ្លែងរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្នុងព្រឹត្តិការណ៍បាតុកម្មទប់ស្កាត់វត្តមាន និងការឃោសនាមុនអាណត្តិរបស់ លោក សម រង្ស៊ី នៅខេត្តឧត្តមានជ័យ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបដិសេធចំពោះកាចោទប្រកាន់ទៅលើគណបក្សប្រជាជនកម្ពុជា ថាជាអ្នករៀបចំឆាកល្ខោនក្នុងព្រឹត្តិការណ៍បាតុកម្មទប់ស្កាត់ដំណើរការឃោសនាមុនអាណត្តិរបស់ លោក សម រង្ស៊ី នៅក្រុងសំរោង ខេត្តឧត្តមានជ័យ កាលពីថ្ងៃទី៧តុលា កន្លងមក ។
ក្នុងលិខិតនោះ អ្នកនាំពាក្យបានធ្វើការបំភ្លឺដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល និងសាធារណជនចំនួន៣ចំណុចរួមមាន ៖
ទី១-គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តឧត្តរមានជ័យ បានរៀបចំការជួបជុំរវាងប្រធានគណបក្ស និងសកម្មជនបក្សខុសទីតាំងដែលបានស្នើសុំ និងពិភាក្សាឯកភាពគ្នាជាមួយអាជ្ញាធរមូលដ្ឋានខេត្តឧត្តរមានជ័យ ។
ទី២-បាតុកម្មប្រឆាំងវត្តមានលោកសម រង្ស៊ី គឺកើតឡើងដោយការអនុវត្តសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យប្រជាជន ដែលជាអតីតសកម្មជន និងអ្នកធា្លប់គាំទ្រគណបក្សសង្គ្រោះជាតិដោយមានបដាសរសេរថា «យើងមិនឲ្យ សម រង្ស៊ី ចូលមកបោកប្រាស់ប្រជារាស្ត្រខេត្តឧត្តរមានជ័យទៀតទេ» ។ ដូច្នេះសូមគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាប្រជែងអំណាចផ្ទៃក្នុងនៅថ្នាក់ក្រោមរបស់ខ្លួន និងឆ្លើយតបការសន្យាជាមួយប្រជាជនម្ចាស់ឆ្នោតឲ្យបានជាមុនសិន មុននឹងបាចអង្កាមបញ្ច្រាសខ្យល់ដើម្បីបរិយាកាសនយោបាយស្ងប់ស្ងាត់ របស់ប្រទេស ។
ទី៣-អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាសូមរក្សាការពារខ្លួនស្របតាមច្បាប់ជាធរមាន បើសិនមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានដូចព្រឹត្តិការណ៍នេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ តុលា កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈប្រតិភូគណបក្សរបស់លោកមួយក្រុម ធ្វើដំណើរទៅខេត្តឧត្តរមានជ័យ ក្នុងបំណងជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រជិត១ពាន់នាក់ ។ ប៉ុន្តែដំណើររបស់លោក សម រង្ស៊ី និងសហការីទៅកាន់ខេត្តឧត្តរមានជ័យនោះ ក្រៅតែពីមានប្រជាពលរដ្ឋជិះលើគោយន្តប្រហែល២០គ្រឿង លើកគ្នាមកប្រឆាំង ក៏មានមន្ត្រីរាជការខ្លះបានយករថយន្តទៅដាក់ពាំងផ្លូវ មិនឲ្យក្រុមគណបក្សសង្គ្រោះជាតិ អាចចូលទៅថ្វាយបង្គំព្រះសង្ឃ និងធ្វើបុណ្យទានតាមប្រពៃណីខ្មែរនៅក្នុងវត្តប្រាសាទរាជាសំរោងបានទៀតផង ។
នៅពេលនោះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់អាជ្ញាធរខេត្តឧត្តរមានជ័យ ថាជាអ្នកនៅពីក្រោយខ្នងក្រុមប្រជាពលរដ្ឋ ដែលលើកគ្នាមកប្រឆាំងនឹងលោក សម រង្ស៊ី ព្រមទាំងចាត់មនុស្សឲ្យរារាំងក្រុមគណៈប្រតិភូនៃគណបក្សប្រឆាំង មិនឲ្យចូលទៅធ្វើបុណ្យទាននៅក្នុងវត្តសំរោងបានទៀតផង ។
បើតាមលោកស្រី កែ សុវណ្ណរតន៍ សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្រង់សម្តីដែលអះអាងថា កាលពីព្រឹកថ្ងៃពុធទី៧ ខែតុលា គឺលោកស្រីបានរួមដំណើរជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងសហការីជាច្រើនរូបទៀតទៅកាន់ខេត្តឧត្តរមានជ័យ ។ នៅពេល លោក សម រង្ស៊ី ទៅដល់ក្រុងសំរោង កាលពីវេលាម៉ោងជាង៩ព្រឹក ក្រៅតែពីមានប្រជាពលរដ្ឋមួយក្រុមជិះគោយន្តជាច្រើនគ្រឿងលើកគ្នាមកប្រឆាំង គឺមានមន្ត្រីខ្លះក្នុងខេត្តឧត្តរមានជ័យ ក៏បានយករថយន្តទៅចតពាំងផ្លូវមិនឲ្យលោក សម រង្ស៊ី និងសមាជិកសមាជិកាជាច្រើនទៀត អាចចូលទៅក្នុងវត្តប្រាសាទរាជាសំរោង ដើម្បីថ្វាយបង្គំព្រះសង្ឃ និងធ្វើបុណ្យបានទេ ៕
ចែករំលែកព័តមាននេះ