រាជធានីភ្នំពេញ ៖ មន្ត្រីកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល នៅបន្តភាពស្ងៀមស្ងាត់នៅឡើយទេ ចំពោះការប្រកាសរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថាបានរកឃើញផែនទីបោនខ្នាត១/១០០.០០០ នៅអង្គការសហប្រជាជាតិ ។ ទោះបីជាបែបណា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា នេះគឺជាការបង្កឧបាយកលទុច្ចរិត និងបំពុលបរិយាកាសពីបញ្ហាអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។
កាលពីថ្ងៃទី៧ តុលា លោក អ៊ុំ សំអាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកបានរកឃើញផែនទីបោនខ្នាត១/១០០.០០០ ខុសពីអ្វីដែលរាជរដ្ឋាភិបាលធ្លាប់ផ្ទៀងផ្ទាត់ គឺខ្នាតយូធីអឹម (UTM) ១/១០០.០០០ ដែលធ្លាប់សុំខ្ចីពីអង្គការសហប្រជាជាតិ ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលពេលនេះកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក បានឱ្យដឹងតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ តុលាថា លោកបានរកឃើញផែនទីបោនខ្នាត ១/១០០.០០០ ដែលកំពុងតម្កល់ទុកនៅអង្គការសហប្រជាជាតិ ។ លោកអះអាងថា ផែនទីដែលរកឃើញនេះ ប្រហែលជាមិនដូចផែនទីដែលរាជរដ្ឋាភិបាលផ្ទៀតផ្ទាត់នោះទេ ។ លោក អ៊ុំ សំអាន ទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់សំណើជាថ្មីឡើងវិញ ដើម្បីសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ យកមកពិនិត្យម្តងទៀត ។ ជាងនេះទៅទៀត លោកយល់ឃើញថា ផែនទីដែលលោកទើបតែរកឃើញនេះ គឺស៊ីគ្នានឹងរដ្ឋធម្មនុញ្ញមាត្រា២ ដែលធានាពីអធិបតេយ្យភាពរបស់កម្ពុជា ។
លោកបន្តថា «ខ្ញុំសូមអំពាវនាវទៅរាជរដ្ឋាភិបាល សុំស្នើទៅលោក បាន គីមូន ម្តងទៀត ដើម្បីសុំខ្ចីផែនទីនោះមកផ្ទៀងផ្ទាត់ជាមួយផែនទីរាជរដ្ឋាភិបាល ហើយត្រូវប្រើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ទោះបីដូចឬមិនដូចគ្នាក្តី» ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញចែងថា បូរណភាពទឹកដីរបស់កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៣៥ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។
កាលពីថ្ងៃទី២០ សីហា រាជរដ្ឋាភិបាលកម្ពុជា បានផ្ទៀងផ្ទាត់ផែនទី ដែលទទួលបានពីអង្គការសហប្រជាជាតិចំនួន១៨ផ្ទាំង ដើម្បីពិនិត្យជាមួយផែនទីដែលរាជរដ្ឋាភិបាលមាន និងកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ។ បើទោះជាបែបណា លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានពន្យល់ថា ផែនទីដែលបានបញ្ជូនមកនេះ គឺពុំដូចផែនទីដែលរដ្ឋាភិបាលចង់បាននោះទេ ។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានដកស្រង់សម្តីថា ប្រសិនបើផែនទីដែល លោក អ៊ុំ សំអាន រកឃើញ គឺជាផែនទីពិតនោះ អ្នកដែលមានកំហុស គឺអង្គការសហប្រជាជាតិ ។ ផ្ទុយទៅវិញ ក្នុងករណីអ្នកតំណាងរាស្ត្របក្សជំទាស់និយាយមិនពិតទេ គឺប្រហែលជាអាចបង្កទៅជាជម្លោះទៅវិញក្នុងរឿងព្រំដែននេះ ។ លោកបន្តថា «អ៊ីចឹងបើសិនជាអង្គការសហប្រជាជាតិ យើងសុំហើយ គេឲ្យ អាហ្នឹងហើយ ស្រាប់តែនៅមានអានោះទៀត អីចឹងអ្នកខុស គឺអង្គការសហប្រជាជាតិ ។ នៅត្រង់ចំណុចនេះ យើងគិតចេញជាពីរទៀត ទី១-បើលោក អ៊ុំ សំអាន ពិតជារកឃើញមែន អង្គការសហប្រជាជាតិជាអ្នកទទួលខុសមែនទែន ប៉ុន្តែទី២-បើឥតមានទេ គឺលោក អ៊ុំ សំអាន ភូតប្រជាពលរដ្ឋ និងធ្វើឲ្យអង្គការសហប្រជាជាតិ ក្លាយជាដៃគូសត្រូវនឹងគ្នា» ។
លោក អ៊ុំ សំអាន បញ្ជាក់ថា លោកបានរកឃើញផែនទីបោនខ្នាត១/១០០.០០០ដែលត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺរយៈពេលជិតបីខែក្រោយពីសន្និសីទក្រុងហ្សឺណែវ (Geneva) កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំដដែលស្តីពីឯករាជភាព និងបូរណភាពទឹកដីឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម និងឡាវ ។
ជុំវិញរឿងនេះ លោក អ៊ុំ សំអាន លើកឡើងថា លោកនឹងមិនបញ្ជូនឯកសារផែនទីដែលលោករកឃើញពីបណ្ណាល័យអង្គការសហប្រជាជាតិដោយផ្ទាល់ទេ ព្រោះដើម្បីចៀសវាងការចោទប្រកាន់ថាបង្កបញ្ហា ។ បន្ថែមលើនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលសុំខ្ចីដោយផ្ទាល់ពីអង្គការសហប្រជាជាតិវិញ ។
នៅក្នុងសេចក្តីបំភ្លឺដែលត្រូវបានប្រកាសឆ្លើយតបកាលពីថ្ងៃទី៨ តុលា របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថា នេះជាទង្វើដ៏គឃ្លើនឥតឈប់របស់លោក អ៊ុំ សំអាន ដែលញុះញង់បង្កនូវអស្ថិរភាពសង្គម និងអសន្តិសុខ ។
ចែករំលែកព័តមាននេះ