ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​អាជ្ញាធរ​បិទ​ផ្សារ​ទាំងស្រុង​ក្ដី តែ​អាជីវករ​ខ្លះ​ដឹង ខ្លះ​មិនដឹង នៅ​តែ​ឆ្លៀត​លក់ដូរ​នៅឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ទី​២ នៃ​ការ​ផ្អាក​ដំណើរការ​ផ្សារ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ហើយ ដែល​នេះ​គឺជា​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ COVID-19 ដែល​កំពុង​វាយលុក​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ទី​២ នៃ​ការ​ផ្អាក​ដំណើរការ​ផ្សារ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ហើយ ដែល​នេះ​គឺជា​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ COVID-19 ដែល​កំពុង​វាយលុក​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

នៅ​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​នេះ ក៏​មាន​អាជីវករ​មួយ​ចំនួន​នៅ​តែ​មិន​ព្រម​ឈប់​នូវ​សកម្មភាព​លក់ដូរ​របស់​ខ្លួន​នៅឡើយ​ទេ ពួក​គាត់​នៅ​តែ​បន្ត​លក់ដូរ​ទៀត​។ ចំណែក​អាជ្ញាធរ​វិញ ពិតជា​ជួប​ការ​លំបាក​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​គោរព​ច្បាប់​បែប​​នេះ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ប្រើ​ចិត្ត​ត្រជាក់​ចុះ​ទៅ​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​លក់ដូរ​តទៅ​ទៀត និង​បាន​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​យក​សំណាក​ធ្វើតេស្ត​រក​ជំងឺ COVID-19 ជា​បន្ទាន់​ផង​ដែរ​។

ជាក់ស្ដែង អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​ត្រពាំង​ពោធិ៍ ក្បែរ​រោងចក្រ​កាត់ដេ​ឃ្យូ អឹ​ម អាយ (QMI) និង​ផ្សារ​មួយទៀត​នៅ​ម្ដុំ​រោងចក្រ​សាន់​ស្កា​យ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ និង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បន្តសកម្ម​ភាព​លក់​សាច់​ជ្រូក ត្រី បន្លែ ផ្លែ​ឈើ រួម​នឹង​របស់របរ​ផ្សេង​ជា​ច្រើន​ទៀត ដែល​មាន​មនុស្ស​ទៅ​ទិញ​ច្រើន ហើយ​ពុំ​បាន​រក្សា​គម្លាត​សុវត្ថិភាព​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​ដ៏​សាហាវ​នោះ ។

បើ​តាម​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អាជ្ញាធរ​សង្កាត់ រួម​ជាមួយ​លោក​មេ​ភូមិ និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​អ៊ឹម វ​ណ្ណា ចៅសង្កាត់​រង​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ផ្សារ​ទាំង​២​ខាងលើ ហើយ​ប្រើ​វិធានការ​ត្រជាក់​ណែនាំ​សុំ​ឲ្យ​ពួក​គាត់​ចូលរួម​អនុវត្ត​នូវ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​។ ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ការ​ផ្អាក​ដំណើរការ​ផ្សារ​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 ក្នុង​គោលបំណង​ផ្ដល់​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ជា​ពិសេស​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន​។

ដោយឡែក ក្រុម​អាជីវករ​ទាំងនោះ មាន​មួយ​ចំនួន​បាន​ឆ្លើយ​ថា «​ពួក​គាត់​ពុំ​បានដឹង​ថា​ផ្សារ​ត្រូវ​បិទ​នោះ​ទេ ទើប​បានជា​លក់ដូរ​ជា​ធម្មតា​» រីឯ​អ្នកខ្លះ​ទៀត​បាន​និង​យាយ​ថា «​ពួក​គាត់​ក៏​បានដឹង​ថា ផ្សារ​ត្រូវ​បិទ​ដែរ ប៉ុន្តែ​ដោយសារ​តែ​សាច់​ជ្រូក ឬ​ត្រី បន្លែ នៅ​សល់​ពី​ថ្ងៃមុន​លក់​ពុំ​ទាន់​អស់ ទើប​ថ្ងៃនេះ​ពួក​គាត់​បន្ត​លក់​បង្ហើយ​ឲ្យ​អស់​សិន ហើយ​បន្ទាប់​ពី​លក់​អស់​ទៅ​ពួក​គាត់​ឈប់​លក់​ហើយ»​។

ទោះបីជា​បែប​ណា អាជ្ញាធរ មានការ​ព្រួយបារម្ភ​ខ្លាច​មានការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កាច​សាហាវ​ខាងលើ និង​បាន​ជំរុញ​ឲ្យ​ពួក​គាត់​ឈប់​លក់​បន្ត​ទៀត រួច​ប្រាប់​ឲ្យ​ពួក​គាត់​ទៅ​យក​សំណាក​នៅ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ដើម្បី​ធ្វើតេស្ត​រក​មេរោគ COVID-19 ទាំងអស់​គ្នា កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ