ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ជម្ពូ​វ័ន​ធ្វើតេស្ត​ជំហាន​ដំបូង​រករ​ឃើញ​អ្នក​កើត​កូ​វី​ដ​១៣​នាក់ ក្នុង​ចំណោម​៤១១​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បិទ​ខ្ទប់​ផ្សារ​ជម្ពូ​វ័ន​ទាំងស្រុង ទៅ​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​រួច​មក ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​យក​សំណាក​បងប្អូន​អាជីវករ​ផ្សារ​មួយ​នេះ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ COVID-19 ព្រោះតែ​កន្លង​មក ធ្លាប់​មាន​អ្នក​វិជ្ជមាន COVID-19…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បិទ​ខ្ទប់​ផ្សារ​ជម្ពូ​វ័ន​ទាំងស្រុង ទៅ​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​រួច​មក ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​យក​សំណាក​បងប្អូន​អាជីវករ​ផ្សារ​មួយ​នេះ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ COVID-19 ព្រោះតែ​កន្លង​មក ធ្លាប់​មាន​អ្នក​វិជ្ជមាន COVID-19 ចេញ​-​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​ខាងលើ ដែល​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​បំផុត ព្រោះ​ផ្សារ​នេះ​គឺជា​ផ្សារ​ធំ​មួយ​ដែល​ក្នុង​១​ថ្ងៃ​ៗ​មាន​មនុស្ស​ចេញ​-​ចូល​ច្រើន​មិន​ចាញ់​ផ្សារ​ធំ​ៗ​ផ្សេង​ទៀត​ឡើយ ។

ផ្សារ​ជម្ពូ​វ័ន​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១​តទៅ​។

នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចាប់ផ្ដើម​ចុះ​យក​សំណាក​លើ​ក្រុម​អាជីវករ​ផ្សារ​នេះ ជំហាន​ដំបូង​ចំនួន​៤១១​នាក់ ហើយ​គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ក៏​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន COVID-19 ចំនួន​១៣​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៤​នាក់ និង​ស្រី​ចំនួន​៩​នាក់​។

បើ​តាម​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជីវករ​ផ្សារ​ជម្ពូ​វ័ន ដែល​ត្រូវ​យក​សំណាក​សរុប​ជាង​១​ពាន់​នាក់​ឯណោះ ហើយ​ជំហាន​ដំបូង​ទើប​យក​បាន​ជាង​៤០០​នាក់ និង​រក​ឃើញ​អ្នក​វិជ្ជមាន​១៣​នាក់​ទៅ​ហើយ ចុះ​ទំ​រាំ​តែ​ធ្វើ​ចប់​គ្រប់​គ្នា​ពុំ​ដឹង​ថា រក​ឃើញ​អ្នក​វិជ្ជមាន​ប៉ុន្មាន​នាក់​ទៀត​នោះ​ទេ​។

ប្រការ​នេះ គឺជា​ការ​ព្រួយបារម្ភ​បំផុត ហើយ​នៅ​ព្រឹក​ថ្ង​ទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​បាន​និង​កំពុង​បន្ត​ការ​យក​សំណាក និង​ធ្វើតេស្ត​ជូន​ក្រុម​អាជីវករ​ផ្សារ​នេះ​ជា​ជំហាន​ទី​២​ទៀត ដើម្បី​វិនិច្ឆ័យ​រក​មេរោគ​នេះ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ទីតាំង​ដែល​ត្រូវ​យក​សំណាក​ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ទល់មុខ​នឹង​ផ្សារ​នោះ​តែ​ម្ដង ហើយ​ពុំ​មែន​តែ​អាជីវករ​ផ្សារ​ជម្ពូ​វ័​នេះ​មួយ​ទេ​ដែល​តម្រូវ​ឲ្យ​ទៅ​យក​សំណាក​នៅ​ទីនោះ គឺ​មាន​អាជីវករ​តាម​ផ្សារ​នានា​មួយ​ចំនួន​ទៀត នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣​នេះ ដូច​ជា​ផ្សារ​ត្រពាំង​ពោធិ៍​, ផ្សារ​ឯករាជ្យ​២, ផ្សារ​ព្រៃ​ទា និង​ផ្សារ​ថ្នល់បំបែក​ជាដើម ក៏​ត្រូវ​ទៅ​យក​សំណាក​នៅ​ទីនោះ​ដែរ​។

ហើយ​អ្វី​ដែល​ឈាន​ដល់​ការ​យក​សំណាក​ធ្វើតេស្ត​នេះ គឺ​ដោយសារ​តែ​កាលពី​ពេល​កន្លង​មក បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន COVID-19 បាន​ចេញ​-​ចូល​ទៅ​កាន់​ផ្សារ​នេះ ទើប​ក្រោយ​ពេល​ផ្សារ​នេះ​ក្រុម​គ្រូពេទ្យ​ចាប់ផ្ដើម​ធ្វើតេស្ត​លើ​អាជីវករ ហើយ​នៅ​ថ្ងៃ​ដំបូង​ស្រាប់តែ​រក​ឃើញ​អាជីវករ​មាន​វិជ្ជមាន​រហូត​ដល់​១៣​នាក់​ទៅ​បែប​នេះ​ហើយ នេះ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ស្រប​ពេល​នេះ​ដែរ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យេ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយ​ផ្សារ​ខាងលើ សូម​ទៅ​ទទួលយក​សំណាក​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ COVID-19 ។ ហើយ​ក្នុង​កាលៈទេសៈ​ដែល​រក​ឃើញ​មាន​វិជ្ជមាន ងាយស្រួល​គ្រូពេទ្យ​ព្យាបាល និង​ឆាប់​ជា​សះស្បើយ​មិន​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​ក៏​មិន​ចម្លង​ដល់​គ្រួសារ​សាច់ញាតិ និង​អ្នក​ដទៃ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ