ខេត្តកំពង់ឆ្នាំង ៖ ពិតជាអាសូរខ្លាំងណាស់ គ្រាដែលផ្ទះជនចាស់ជរាពីរនាក់ប្ដីប្រពន្ធ ត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹម ខណៈដែលពួកគាត់ដុតសំរាមក្បែរផ្ទះ បណ្ដាលឱ្យផ្កាភ្លើងហើរទៅប៉ះនឹងដំបូលផ្ទះក៏ឆាបឆេះតែម្តង ។

ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2021 នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនចាស់ជរាជាម្ចាស់ផ្ទះខាងលើមានប្ដីឈ្មោះ ភល ហ៊ាង អាយុ79 ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបញ្ជាក់ថា គ្រួសារជនចាស់ជរាទាំងពីរនាក់ប្ដីប្រពន្ធមានប័ណ្ណក្រីក្រកម្រិត1 ដែលអាចបញ្ជាក់ថា គ្រួសារនេះពិតជាជួបការលំបាកខ្លាំងណាស់ រស់២នាក់ប្ដីប្រពន្ធ និងជាជនចាស់ជរាទៀតផង ។

មុនពេលកើតហេតុ ព្រឹកឡើងពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានបោសសំរាមនៅបរិវេណជុំវិញផ្ទះ ហើយក៏បានដុតសំរាមទាំងនោះចោល តែចៃដន្យអាក្រក់ក៏មានផ្កាភ្លើងហើរទៅប៉ះ និងស្លឹកប្រក់ដំបូលផ្ទះ បណ្ដាលឲ្យឆាបឆេះផ្ទះទាំងស្រុងតែម្តង ពុំអាចជួយសង្គ្រោះបានទេ ដោយសារតែផ្ទះប្រក់ស្លឹក និងបាំងជញ្ជាំងស្លឹក ។
ចំពោះការខូចខាត គឺផ្ទះមានទំហំ4 គុណ និង5ម៉ែត្រ ប្រក់ស្លឹកបាងជញ្ជាំងស្លឹកក្រាលក្តា. ឆេះស្រូវអង្ករសរុប100 គីឡូក្រាម.ប្រាក់ 10 ម៉ឺនរៀល.សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត ។

ក្នុងហេតុការណ៍នោះ ក៏មានរថយន្តពន្លត់អគ្គីភ័យទៅជួយសង្គ្រោះដែរ តែផ្ទះឆេះលឿនពេក ។ យ៉ាងនេះក្តីពុំមាននរណារងរបួសក្នុងហេតុការណ៍នោះឡើយ ៕
ចែករំលែកព័តមាននេះ