ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយអាជ្ញាធរស្រុកកំពង់ត្រឡាចបានប្រកាសបន្ទាន់ទាំងយប់ តាមឧឃោសនស័ព្ទ ស្ដីពីការបិទផ្សារសាលាលេខ5 ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី២៤ មេសា នេះតទៅ បន្ទាប់ពីរកឃើញអាជីវករលក់មាសចំនួន៤នាក់នៅក្នុងផ្សារសង្ស័យមានកូវីត 19 ។

លោក ស៊ន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច បានបញ្ជាក់តាមទូរស័ព្ទថា បន្ទាប់ពីរកឃើញគ្រួសារមួយ មានគ្នា 4 នាក់ដែលសុទ្ឋសឹងជាអាជីវករលក់មាសមាស ក្នុងផ្សារសាលាលេខប្រាំ ស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ19 អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តបានចំណាត់ ការឱ្យមន្ត្រីសាលាស្រុក ចេញការប្រកាសទាំងយប់ ស្ដីពីការបិទផ្សារសាលាលេខ 5 ចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 24 ខែមេសានេះតទៅ ។

លោកបានបញ្ជាក់ថា មានគ្រួសារមួយ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ 5 បាន ទៅសាកសួរ សុខទុក្ខ ម្ដាយឈឺនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរ ។ ក្រោយមក នៅរសៀលថ្ងៃទី 23 ខែមេសា ឆ្នាំ2021 ក៏បានរកឃើញមានវិជ្ជមាន កូ19 ភ្លាមៗនោះ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងក៏បានដាក់បញ្ជាឲ្យបិទផ្សាសាលាលេខ៥ជាបន្ទាន់ ។

ក្នុងនាមលោកជាអាជ្ញាធរស្រុកពិតជាមានការព្រួយបារម្ភជាខ្លាំងព្រោះមិនដឹងថាមានអ្នកពាក់ព័ន្ធ ជាមួយអាជីវករទាំង 4 នាក់នោះ ប៉ុន្មាននាក់ទេ ក្នុងរយៈពេលចាប់ពីអំឡុងមុនចូលឆ្នាំរហូតមកដល់ពេលនេះ ដោយហេតុនេះហើយ លោកក៏សូមអំពាវនាវឲ្យ អ្នកពាក់ព័ន្ធជាមួយ អាជីវករលក់មាសទាំង៤នាក់ សូមស្ម័គ្រចិត្តទៅយកសំណាកដើម្បីពិនិត្យរកមេរោគជាបន្ទាន់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគ covid-19។

សូមរំលឹកដែរថា ក្នុងអំឡុងពេលផ្ទុះមេរោគកូវីត19 ក្នុងខេត្តកំពង់ឆ្នាំងមានការបិទផ្សារជាបន្តបន្ទាប់ ក្នុងនោះមានផ្សារពង្រ ក្នុងស្រុករលាប្អៀរ បច្ចុប្បន្នបានបើក ឲ្យដំណើរការលក់ដូរវិញហើយ.ផ្សារព្រៃខ្មែរស្រុករលាប្អៀរ កំពុងតែបិទការលក់ដូរនៅឡើយ.និងចុងក្រោយគឺផ្សារសាលាលេខ 5 ក្នុងស្រុកកំពង់ត្រឡាច ៕ ដោយ៖ ពៅ សុខហ៊ាន




ចែករំលែកព័តមាននេះ