រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីតុលាការបានឲ្យដឹងថា អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហ៊ាង រិទ្ឋី បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យបិទនិងរំលាយគណបក្សចេញពីបញ្ជីឈ្មោះក្រសួងមហាផ្ទៃ និងស្នើឲ្យតុលាការបើកការស៊ើបអង្កេតអំពីការចាយវាយថវិកាពីសំណាក់លោក ម៉ម សូណង់ដូ ជាប្រធានគណបក្ស។
កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយ និងឆ្លើយតបបានទេពីលោកនាយកវិទ្យុសំបុកឃ្មុំ ម៉ម សូណង់ដូ នៅល្ងាចថ្ងៃទី០៧តុលានេះ ។
នៅពេលនេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យត្រូវបានគេមើលឃើញថាកំពុងបែកបាក់ផ្ទៃក្នុងកាន់តែធំ ក្រោយអនុប្រធានគណបក្សនេះម្នាក់ទៀតគឺលោក ហារី សំអាត បានត្រូវបណ្តេញចេញពីបក្សកាលពីពេលថ្មីៗនេះ និង លោក ហ៊ាង រិទ្ឋី ដាក់ពាក្យបណ្តឹងខាងលើ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩កញ្ញាកន្លងទៅគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានធ្វើសមាជលើកទី១របស់ខ្លួន ដើម្បីជ្រើសតំាងប្រធាន អនុប្រធាន និងក្បាលម៉ាស៊ីនដឹកនំាគណបក្សមួយចំនួនទៀត ប៉ុន្តែមិនបានប៉ុន្មានផងផ្ទៃក្នុងគណបក្សកំពុងតែបែកបាក់ ៕
ចែករំលែកព័តមាននេះ