ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទិញ​សាំង​ត្រឡប់​មក​ផ្ទះ លុះ​មិន​ទាន់​ប៉ុន្មាន​នាទី​ផង​ផ្អើល​កណ្តាល​ក្រុង​ព្រះ​វិហារ

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​កណ្តាល​ទីប្រជុំជន ក្រុង​ព្រះ​វិហារ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ដោយសារ​តែ​មាន​បុរស​សតិ​មិន​គ្រប់​ម្នាក់​បាន​ទិញ​សាំង​យក​មក​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ទាំងស្រុង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​កណ្តាល​ទីប្រជុំជន ក្រុង​ព្រះ​វិហារ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ដោយសារ​តែ​មាន​បុរស​សតិ​មិន​គ្រប់​ម្នាក់​បាន​ទិញ​សាំង​យក​មក​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ទាំងស្រុង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

បើ​តាម​សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​កើតហេតុ​ខាងលើ គេ​បានឃើញ​បុរស​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់ នឹង​ជា​ម្ចាស់ផ្ទះ​ផង​ដែរ បាន​មក​ពី​ខាងក្រៅ​ផ្ទះ ហើយ​ក៏​ឃើញ​មាន​ដប​សាំង​មក​ជាមួយ​ទៀត​ផង​។

សាក្សី​ខាងលើ​បន្ត​ថា ខណៈ​ពេល​នោះ មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​តែ​ម្តង ភ្លាម​ៗ​នោះ​បងប្អូន​សាច់ញាតិ​ក៏​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​អស់​៣​បំពង់ ប៉ុន្តែ​ភ្លើង​មិន​បាន​ថមថយ​ទៅ​វិញ​នោះ​ទេ ។ ហើយ​គ្រា​កំពុង​តែ​ឆោឡោ​ភ្ញាក់ផ្អើល​នោះ ជនសង្ស័យ​ដែល​មាន​សតិ​មិន​ប្រក្រតី ក៏​បាន​ព្យាយាម​យក​ភួយ មុង ខោអាវ បោះ​ចូល​ក្នុង​ភ្នក់ភ្លើង​បន្ថែម​ទៀត បង្ក​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​គ្រប់គ្រង​ស្ថានភាព​លែង​បាន​តែ​ម្តង​។

ភ្លាម​ៗ​នោះ​ផង​ដែរ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ ក៏​បាន​ចាត់​ឱ្យ​កងកម្លាំង​គ្រប់​ប្រភេទ​ចេញ​អន្តរាគមន៍​បន្ទាន់ តែ​ដោយសារ​ស្ថានភាព​ភ្លើង​មាន​សភាព​ឆេះ​ខ្លាំង​មិន​អាច​ជួយ​ពន្លត់​ទាន់​បាន​ទេ ទើប​ធ្វើ​អោយ​លំនៅ​ឋាន​នោះ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។

លោក​បន្ថែម​ថា ទោះជា​បែប​នេះ​ក្តី កម្លាំង​អន្តរាគមន៍​បាន​ជួយ​ទប់ស្កាត់​អគ្គិភ័យ​នេះ​មិន​អោយ​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ក្រោយ​កើតហេតុ លោក​អភិបាលខេត្ត​ក៏​បាន​ចាត់​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​មាន​ចំណាត់ការ​តាម​ច្បាប់​ជា​ធរមាន​ផង​ដែរ ។

សូម​បញ្ជាក់​ថា អគ្គិភ័យ​ខាងលើ​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស ឬ​ក៏​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ ចំណែក​ជនសង្ស័យ​ខាងលើ​នេះ បាន​រត់គេច​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ