ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិន​ទឹក​ស្អុយ​ដំឡូង​មី​ផង កំទេច​ដំឡូង​ហុយ​ចូល​ផ្ទះ​ពិបាក​ដកដង្ហើម​ផង ពលរដ្ឋ​ទ្រាំ​លែង​បាន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​រស់នៅ​ចំណុច​អូរ​តា​លី ស្ថិត​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​រអ៊ូរទាំ​នឹង​ក្លិន​ទឹក​ស្អុយ​ដំឡូង​មី ដែល​គេ​បង្ហូរ​ចេញពី​ស្តង់​មួយ​កន្លែង ចូល​ក្នុង​ប្រឡាយ​ក្បែរ​មាត់​ផ្លូវ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​រស់នៅ​ចំណុច​អូរ​តា​លី ស្ថិត​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​រអ៊ូរទាំ​នឹង​ក្លិន​ទឹក​ស្អុយ​ដំឡូង​មី ដែល​គេ​បង្ហូរ​ចេញពី​ស្តង់​មួយ​កន្លែង ចូល​ក្នុង​ប្រឡាយ​ក្បែរ​មាត់​ផ្លូវ ធ្វើ​ឱ្យ​ក្លិនស្អុយ​ជះ​ចូល​ផ្ទះ​ពួក​គាត់ បណ្តាល​ធ្វើ​ឱ្យ​ទាំង​មនុស្ស​ចាស់ និង​ក្មេង​ទៅ​ជា​កើត​ជំងឺ​ផ្តាសាយ រលាក​បំពង់​.​ក ហើយ​អ្នកខ្លះ​ទៀត​ឈឺក្បាល​វិលមុខ និង​មាន​កើត​អាកា​រៈ​ក្អួតចង្អោរ ដោយសារ​តែ​ពុល​នឹង​ក្លិន​នេះ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ អត់​ឃើញ​ខាង​ម្ចាស់​ស្តង់​រៀបចំ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​នោះ​ទេ ទើប​ទ្រាំ​មិន​បាន​ក៏​ប្តឹង​ឱ្យ​ខាង​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ និង ណែនាំ​ឱ្យ​ម្ចាស់​ស្តង់​ឱ្យ​រៀបចំ​កន្លែង​ស្តុក​ទឹក​ស្អុយ​ដំឡូង​មី និង​បង្ហូរ​ចូល​ស្រះ​ខាងក្រោយ​ស្តង់​របស់​ខ្លួន ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដា ដើម្បី​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទៀត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឈ្មោះ តាត សា​រឿ​ម ភេទ​ស្រី អាយុ​៥០​ឆ្នាំ​, ឈ្មោះ ថុ​ន សឺ​ម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ឈ្មោះ រ័​ត្ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ពួក​គាត់​ពិតជា​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់ ដោយសារ​ស្តង់​ដំឡូង​មី​មួយ​ដែល​មាន​ម្ចាស់​ឈ្មោះ ចែ​ផា ភេទ​ស្រី អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ គឺ​កំទេចធូលី​ដំឡូង​មី​ហុយ​ចូល​ផ្ទះ​លំបាក​ក្នុង​ការ​ដកដង្ហើម ។ រីឯ​ទឹក​ស្អុយ​ដំឡូង​មី ដែល​ហូរ​ចូល​ក្នុង​ប្រឡាយ​ជាប់​នឹង​ផ្លូវថ្នល់​ក្បែរ​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​យ៉ាង​ខ្លាំង ជា​ពិសេស​ដល់​ពេល​រដូវ​ប្រមូល​ផល​ដំឡូង​មី​ម្តង​ៗ ខណៈ​ពេល​ដែល​ម្ចាស់​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី ដាក់​ហាល លុះ​កើប​ប្រមូល​ម្តង​ៗ​ស្រប​ពេល​ខ្យល់​បក់​បោក​មក​ទៀត​នោះ បណ្តាល​ឱ្យ​ហុយ​ទ្រលោម​ចូល​ក្នុងផ្ទះ​ពួក​គាត់ ពិបាក​ក្នុង​ការ​រស់នៅ ក៏​ដូច​ជា​ហូប​អាហារ​ជាដើម ។

ពួក​គាត់​បន្ត​ទៀត​ថា លុះដល់​ពេល​រដូវភ្លៀង​ធ្លាក់​មក ធ្វើ​ឱ្យ​ល្អងធូលី​ដំឡូង​មី​ខាងលើ ក្លាយទៅជា​ស្អុយរលួយ​ហូរ​ចូល​ក្នុង​ប្រឡាយ អូរ លុះ​ពេល​សត្វ​មាន់ ទា ជ្រូក គោ ផឹកទឹក​ស្អុយ​ទាំងនេះ បណ្តាល​ឱ្យ​ងា​.​ប់​អស់​មួយ​ចំនួន ។ ចំណែកឯ ត្រី​តូច​ធំ ដែល​រស់នៅ​ក្នុង​ទឹកអូរ ស្ទឹង ក៏​រង​នូវ​ការ​ពុល​ងា​.​ប់​នៅ​ពេល​ដែល​ទឹក​ស្អុយ​ដំឡូង​មីនេះ​ហូរ​ចូល​ផង​ដែរ ។

ពួក​គាត់​បន្ត​ទៀត​ថា កាលពីមុន​ធ្លាប់​ឃើញ​ខាង​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ជា​រឿយ​ៗ​ដែរ តែ​ការ​ហុយ និង​ទឹក​ស្អុយ​ដំឡូង​មី នៅ​តែ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុងភូមិ​របស់​ខ្លួន​ដដែល ហាក់ដូចជា​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ខាង​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​ណែនាំ ម្ចាស់​ស្តង់​ដំឡូង​មី​ខាងលើ ធ្វើ​យ៉ាងណា​ឈប់​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ប្រឡាយ ឬ​អូរ​បន្ត​ទៀត គឺ​ត្រូវ​ឱ្យ​គាត់​ជីក​ស្រះ​សម្រាប់​ស្តុក​ទឹក​ស្អុយ​នៅ​ខាងក្រោយ​ស្តង់​របស់​ខ្លួន និង​ត្រូវ​រៀបចំ​ដាក់​ស្បៃ​មុង ឬ​ធ្វើ​របង​បាំង ដើម្បី​កុំឱ្យ​ហុយ​ចូល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ។

លោក​បន្ត​ទៀត​ថា ម្ចាស់​ស្តង់​ខាងលើ​ប្រាប់​ថា គាត់​ហាល​ដំឡូង​មី​តែ​បន្តិចទៀត គឺ​ដល់​រដូវ​អស់​ដំឡូង​មី​ដែល​កាប់​ចិញ្ច្រាំ​ហើយ ក៏​នឹង​ឈប់​បន្ត​ធ្វើ​បែប​នេះ​ទៀត ។ តែបើ​ណែនាំ​ហើយ ម្ចាស់​មិន​ព្រម​ស្តាប់​តាម ខាង​លោក​នឹង​ហៅ​មក​ធ្វើ​កិច្ចសន្យា​ម្តង​ទៅ​២​ដង រួច​នឹង​ធ្វើ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ