រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩ ដែលកំពុងប្រឈមនេះជារឿងប្រវត្តិសាស្ត្រមនុស្សជាតិធ្វើឲ្យប៉ះពាល់ធំធេងដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច ។

យោងតាមលិខិតមួយច្បាប់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីផ្ញើជូន ឯកឧត្តម – ង្វៀន ហ្វីចុង អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀត ណាម ហាណូយ នៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា« ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលនូវសារលិខិតសួរសុខទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់» ។

ទាក់ទិននឹងករណីជំងឺកូវីដ១៩ សម្តេចបានបញ្ជាក់ថា «ជាការពិត ប្រទេសយើងទាំងពីរក៏ដូចជា សហគមន៍អន្តរជាតិកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កវិបត្តិយ៉ាងធំធេងចំពោះសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច» ។
សម្តេចតេជោ ក៏បានសូមកោតសរសើរចំពោះវិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រម ទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់ សហគមន៍អន្តរជាតិក៏ដូចជា កម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។

នៅកម្ពុជា ទោះបីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញ ជាពិសេសក្រោយការផ្ទុះ«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ។
ក្នុងលិខិតសម្តេចតេជោ ក៏បានលើកឡើងថា បច្ចុប្បន្នក្រសួងសុខាភិបាលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បាន និងកំពុងរៀបចំមន្ទីរព្យាបាលជម្ងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា ។
សម្តេចថា៖«ខ្ញុំសូមសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ខ្ញុំសូមជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់»៕
ចែករំលែកព័តមាននេះ