ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​ពោះវៀន (Irritable Bowel Syndrome)!​?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ជំងឺ​ខ្សោយ​ពោះវៀន (Irritable Bowel Syndrome) លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា ឯកទេស…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ជំងឺ​ខ្សោយ​ពោះវៀន (Irritable Bowel Syndrome) លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ឲ្យ​ដឹង​ថា ៖ អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​ពោះវៀន? គឺជា​បណ្តុំ​រោគ​សញ្ញា​ទាំងឡាយ​ណា​ដែល​បញ្ជាក់​ថា អ្នកជំងឺ​មាន​បញ្ហា​នៅ​ក្នុង​ពោះវៀន​។

ដោយ​ពាក្យ​របស់​ខ្មែរ យើង​មិន​ទាន់​មាន​ពាក្យ​ណា​អាច​បកប្រែ​អោយ​ចំ និង​ស្រួល​ស្តាប់​ឡើយ​។ ជំងឺ​នេះ ត្រូវ​បាន​គេ​អោយឈ្មោះ​ផ្សេង​ៗ​គ្នា ទៅ​តាម​ការ​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយស្រួល​ក្នុង​ការ ពន្យល់​អ្នកជំងឺ ដូច​ជា ៖

  • ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ
  • ជំងឺ​ខ្យល់​ក្នុង​ពោះវៀន និង​ហើមពោះ​វៀន​ជាដើម ។

ជំងឺ​ខ្សោយ​ពោះវៀន ជា​ជំងឺ​មួយ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់ ជា​ពិសេស​ទៅ​លើ​អ្នកជំងឺ​ដែល​មក​ពិគ្រោះ​នៅ​ផ្នែក​ថ្លើម ៖ -​ក្រពះ -​ពោះវៀន (​លើស​ពី​៥០%)​។
តើ​រោគ​សញ្ញា​នៃ​ជំងឺ ខ្សោយ​ពោះវៀន​មាន​អ្វីខ្លះ?

រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ពោះវៀន រួម​មាន ៖

  • ការ​ឈឺពោះ​រ៉ាំរ៉ៃ
  • ចុក​ឆ្អល់ ក្នុង​ពោះ
  • តឹង​ណែន​ក្នុង​ពោះ
  • ញ៉ាំ​ឆាប់​ឆ្អែត

និង​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​អាច​អោយ​គេ​ចែក​ជំងឺ​នេះ​ជា​៤​ក្រុម ៖

  • រាគ​រ៉ាំរ៉ៃ (​ក្រុម​ទី​១)
  • ទល់លាមក​រ៉ាំរ៉ៃ (​ក្រុម​ទី​២)
  • រាគ និង​ទល់លាមក​ឆ្លាស់គ្នា (​ក្រុម​ទី​៣)
  • មិន​មាន​រោគ​សញ្ញា​រាគ ឬ ទល់​ទេ (​ក្រុម​ទី​៤)

តើ​ជំងឺ​ខ្សោយ​ពោះវៀន​នេះ​មាន លក្ខណៈ​ធ្ងន់ធ្ងរ​ដែរ​ឬទេ?
ជា​ទូទៅ​ជំងឺ​ខ្សោយ​ពោះវៀន វា​មិន​មាន​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ទេ តែ​វា​មាន​ភាព​រំខាន​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកជំងឺ​។

តើ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​ដឹង​ថា អ្នកជំងឺ​មាន​ជំងឺ​ខ្សោយ​ពោះវៀន​ពិតប្រាកដ​មែន?
ជា​ទូទៅ​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន គឺ​ពឹងផ្អែក​ទៅ​លើ​រោគ​សញ្ញា ដែល​ផ្តល់​ដោយ​អ្នកជំងឺ យ៉ាងណា​ម៉ិ​ញ មាន​ជំងឺ​មួយ​ចំនួន​អាច​ស្តែង​ចេញ​រោគ​សញ្ញា​ដូច​ជំងឺ​ខ្សោយ​ពោះវៀន​ដែរ​ដូច​ជា ជំងឺ​រលាក​ពោះវៀន​ដោយសារ​មេរោគ​ដំបៅ​ពោះវៀន និង​ជំងឺមហារីក​ពោះវៀន​ជាដើម​។ ដូចនេះ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​អោយ​បាន​សុ​ក្រិត អ្នកជំងឺ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ថ្លើម​- ក្រពះ -​ពោះវៀន​។

តើ​មាន​វិធី​អ្វី​អាច​បង្ការ​ជំងឺ​នេះ​បាន​ដែរ​ឬទេ?
ជំងឺ​នេះ មិន​ទាន់​មាន​វិធី​បង្ការ​ណាមួយ​ជាក់លាក់​ទេ ព្រោះ​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន មិន​ទាន់​បាន​ត្រូវ​គេ​រក​ឃើញ​នៅឡើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ​។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគច្រើន​មាន​បញ្ហា​នេះ​ជា​ញឹកញាប់​។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្តល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ​។

លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា បាន​ឲ្យ​ដឹង​ទៀត​ថា ៖ តើ​ជំងឺ​ខ្សោយ​ពោះវៀន​អាច ព្យាបាល​ជា​ឬទេ?
ជំងឺ​ខ្សោយ​ពោះវៀន​ជា​ជំងឺ​មួយ​ដែល​អាច​ព្យាបាល​ជា ប៉ុន្តែ​អត្រា​លាប់​ឡើង​មក​វិ ញ​គឺ​មាន​កម្រិត​ខ្ពស់ ការ​ព្យាបាល​ទាមទារ​អោយ​មានការ​ចូលរួម​ពី​អ្នកជំងឺ ដើម្បី​កាត់​បន្ថយ​នូវ​អត្រា​លាប់​ឡើង​មក​វិញ​នេះ​។ ដូច​បាន​រៀបរាប់​ខាងលើ​សុខភាព​ផ្លូវ​ចិត្តជា​កត្តា​សំខាន់ ដើម្បី​ការពារ​កុំអោយ​លាប់ អ្នកជំងឺ​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត យល់​ច្បាស់​ពី​ជំងឺ​របស់​ខ្លួន និង​មាន​ភាព​ជឿជាក់​លើ​គ្រូពេទ្យ​។

តើ​អ្នកជំងឺ​ខ្សោយ​ពោះវៀន គួរ​តម​អ្វីខ្លះ?
ជា​ទូទៅ​ចំណីអាហារ​មិនមែន​ជា​កត្តា​បង្ក​ជំងឺ​ខ្សោយ​ពោះវៀន​នោះ​ទេ ប៉ុន្តែ​ចំណីអាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​លេច​ចេញ​រោគ​សញ្ញា​ខ្សោយ​ពោះវៀន​កាន់តែ​ច្បាស់ និង​ខ្លាំងក្លា​។

អ្នកជំងឺ​ម្នាក់​ៗ​អាច​ឆ្លើយ​តប​ទៅ​នឹង​ចំណីអាហារ​ខុស​ៗ​គ្នា​ដូច​ជា ៖

  • អ្នកខ្លះ​ញ៉ាំ​ម្ជូរ​មិន​បាន
  • អ្នកខ្លះ​ញ៉ាំ​ស៊ុត​មិន​បាន
  • អ្នកខ្លះ​ទៀត​ញ៉ាំ​បន្លែ​មិន​បាន

ដូចនេះ ការ​តម​អាហារ គឺ​ធ្វើ​ទៅ​តាម​ករណី​របស់​អ្នកជំងឺ​មួយ​ៗ​។

បញ្ជាក់ ៖ ដោយ​ជំងឺ​ខ្សោយ​ពោះវៀន​ជា​ជំងឺ​មួយ​ដែល​គេ​តែង​ជួប​ប្រទះ​ញឹកញាប់ តែ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ មានការ​ភណ្ឌ​ច្រឡំ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ដែល​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ពោះវៀន គួរតែ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ផ្នែក​ថ្លើម​-​ក្រពះ​-​ពោះវៀន ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ច្បាស់លាស់ និង​ទទួល​នូវ​សេវា​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​។ « ចូលរួម​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ខ្លួន ដើម្បី​សុខុមាលភាព​យូរអង្វែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ