ការចិញ្ចឹមមាន់ ជាមុខរបរមួយសំខាន់ណាស់ក្នុងការរកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ ប្រសិនបើយើងមានវិធីចិញ្ចឹមបានល្អ យើងអាចរកប្រាក់ចំណូលបានច្រើនជាង ឬក៏ស្មើនឹងការធ្វើស្រែ និងដាំដំណាំផងដែរ ។
ក្រោយពីបានទទួលការបណ្ដុះបណ្ដាលពីរបៀបចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារដោយអង្គការសេដាក សហការជាមួយអង្គការសេវាសង្គមកិច្ចកម្ពុជា (SSC) មក កសិករ ម៉ែន ង៉ែត រស់នៅភូមិជើងភ្នំ ឃុំធម្ម-តាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសាកល្បង ហើយទទួលបានលទ្ធផលល្អគួរជាទីពេញចិត្ត ។ របៀបចិញ្ចឹមថ្មីរបស់គាត់ យើងសូមបង្ហាញជូនដូចខាងក្រោម ៖
ស្ថានភាពចិញ្ចឹមមុនទទួលការបណ្ដុះបណ្ដាល
តាមទម្លាប់របស់មីងពីមុនមក គាត់ចិញ្ចឹមមាន់ដោយមិនមានការថែទាំដិតដល់ទេ ។ មាន់ដែលគាត់ចិញ្ចឹមមានចំនួន២ក្បាល ដោយធ្វើទ្រុងទំហំ២ម៉េត្របួនជ្រុង ។ ការផ្ដល់ចំណី និងទឹកមិនទៀងទាត់ទេ ។ ចំពោះទឹក គាត់ឱ្យផឹកតែនៅរដូវប្រាំង ចំណែករដូវវស្សាមិនបានដាក់ឱ្យមាន់ផឹកទេ ។
ស្ថានភាពចិញ្ចឹមនៅក្រោយពេលទទួលការបណ្ដុះបណ្ដាល
គាត់បានកែប្រែទម្លាប់ចាស់ ដោយបានរៀបចំទ្រុងដែលមានទំហំ២ម៉ែត្រការ៉េ និងព័ទ្ធរបងទំហំ ១០ម៉ែត្រការ៉េ ។ នៅក្នុងទ្រុងមាន់ រៀបចំឲ្យមានជាស្នូកទឹក និងស្នូកចំណី សម្រាប់ដាក់ឲ្យមាន់ស៊ីជាប្រចាំ ។
ចំពោះចំណីសម្រាប់មាន់ គាត់បានលាយច្រើនមុខបញ្ចូលគ្នា មានកន្ទក់ អង្ករនិងត្រកួន ក្នុងកម្រិតស្មើគ្នា ។ ចំណីទាំងនេះ គាត់លាយដាក់ក្នុងស្នូកចោលជាប្រចាំឲ្យមាន់ស៊ី គាត់ក៏ឧស្សាហ៍ផ្ដល់កណ្ដៀរឲ្យវាស៊ីដែរ ។ ចំណែកក្នុងស្នូកទឹក គាត់បានដំគល់ស្លឹកគ្រៃដាក់ត្រាំក្នុងទឹកជាប្រប្រចាំទុកឲ្យមាន់ផឹក (គល់ស្លឹកគ្រៃ១ថ្ងៃដូរម្ដង) ។ ការត្រាំគល់ស្លឹកគ្រៃនេះ គឺដើម្បីការពារកុំឲ្យមាន់មានជំងឺ ។ នៅក្នុងរបងទីធ្លាចិញ្ចឹមមាន់ គាត់ជីករណ្ដៅចំនួន១ទៅ២រណ្ដៅ។ ក្នុងរណ្ដៅ គាត់ដាក់ស្លឹកឈើ សំរាម ហើយស្រោចទឹកជាប្រចាំ ដើម្បីឲ្យសត្វល្អិតកកើត ហើយមាន់អាចទៅកកាយស៊ីសត្វល្អិតនោះ ។
ឆ្លងតាមរយៈការអនុវត្តតាមរបៀបចិញ្ចឹមខាងលើអស់រយៈពេល៤ខែមក គាត់សង្កេតឃើញថា កូនមាន់របស់គាត់ដែលញាស់មកក្រុងទុកមួយអាទិត្យ រួចក៏លែងឱ្យដើរស៊ីចំណីជាមួយមេវា ។ រយៈពេលតែ៣ខែប៉ុណ្ណោះ វាកើនទម្ងន់រហូតដល់១,៣ទៅ១,៥គីឡូក្រាម ។ មាន់របស់គាត់ចំនួន២សម្បុកនោះ សល់កូន១៥ក្បាល រហូតដល់ធំ(ពេលលក់) ។ ចំពោះមាន់ទាំងអស់គាត់លក់បាន ១១៧ ០០០រៀល ដែលប្រើរយៈពេលចិញ្ចឹមអស់៣ខែ(ឆ្នាំ២០០១) ។
ក្រោយពីអនុវត្តការចិញ្ចឹមតាមវិធីខាងលើមក អ្នកមីងមានទស្សនៈថា ការចិញ្ចឹមមាន់មានលក្ខណៈងាយស្រួល និងចំណូលក៏បានគូរសមដែរ បើប្រៀបធៀបទៅនឹងការធ្វើស្រែ ។
ទៅថ្ងៃអនាគត អ្នកមីងនឹងពង្រឹងទ្រុងចិញ្ចឹមមាន់មួយបន្ថែមទៀត ហើយដាំត្រកួនឱ្យបានច្រើន ដើម្បីប្រើជាចំណីសម្រាប់មាន់ ។
សរុបមក បទពិសោធន៍ចិញ្ចឹមមាន់សំខាន់ៗរបស់អ្នកមីងមានដូចខាងក្រោម ៖
-ធ្វើទ្រុង និងទីធ្លាទ្រុងឱ្យបានធំ ដើម្បីឱ្យមាន់មានសេរីភាពក្នុងការដើររកចំណី
-រៀបចំស្នូកចំណី និងស្នូកទឹកឱ្យមាន់សីុ និងផឹក ឱ្យបានត្រឹមត្រូវ និងសម្អាតជាប្រចាំ
-ការពារមាន់កុំឱ្យកើតជំងឺ ដោយដំគល់ស្លឹកគ្រៃដាក់ត្រាំទឹកក្នុងស្នូកមាន់ផឹកជាប្រចាំ
-លាយចំណីច្រើនមុខបញ្ចូលគ្នា ដោយមិនប្រើចំណីតែមួយមុខៗ ដែលជាហេតុធ្វើឱ្យមាន់ខ្វះជីវជាតិ
-ឧស្សាហ៍ផ្ដល់កណ្ដៀរឱ្យមាន់ស៊ី ដើម្បីឱ្យវាឆាប់ធំ
-ជីករណ្ដៅតូចៗនៅក្នុងទីធ្លាចិញ្ចឹមមាន់ រួចដាក់សំរាមស្លឹកឈើ ហើយឧស្សាហ៍ស្រោចទឹកវា ដើម្បីបង្កើតសត្វល្អិតសម្រាប់ឱ្យមាន់ស៊ី។
ដូច្នេះ ដើម្បីចិញ្ចឹមមាន់ឱ្យមានសុខភាពល្អឈ្នះជំងឺ បងប្អូនកសិករគួរតែសាកល្បងតាមបទពិសោធន៍ខាងលើ ៕
ចែករំលែកព័តមាននេះ