ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​គ្លីនិក​ព្យាបាល​ឯកជន​មួយ​កន្លែង បន្ទាប់​ពី​មាន​អ្នក​កូ​វី​ដ​១៩​ម្នាក់​ធ្លាប់​ចូល ក្រោយមក​បាន​ស្លា​.​ប់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្លីនិក​ព្យាបាល​ជំងឺ​ឯកជន​មួយ​កន្លែង​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ចុះ​បិទ​ការ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​រក​ឃើញ​ថា…

ខេត្តកំពង់ឆ្នាំង ៖ គ្លីនិក​ព្យាបាល​ជំងឺ​ឯកជន​មួយ​កន្លែង​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ចុះ​បិទ​ការ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​រក​ឃើញ​ថា គ្លីនិក​មួយ​នេះ​ធ្លាប់​ទទួល​ព្យាបាល​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ និង​ក្រោយមក​អ្នកជំងឺ​រូប​នោះ​ក៏​ត្រូវ​បាន​ស្លា​.​ប់​នៅ​ពេល​ដែល​បន្ត​មក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា ព្រឹក​នេះ (២០.៤.២១) ដោយ​មាន​កិច្ចសហការ​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង យើង​សម្រេច​ចុះ​មក​បិទ​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ដែល​មាន​យីហោ​ថា «​មន្ទីរ​ព្យាបាល​ជំងឺ​ក្រុង​កំពង់ឆ្នាំង​» បន្ទាប់​ពី​រក​ឃើញ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ធ្លាប់​ទទួល​អ្នកជំងឺ​ម្នាក់​ឈ្មោះ នូ ចុ​ល អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ឲ្យ​ចូល​ព្យាបាល​ជំងឺ ។

ក្រោយមក​អ្នកជំងឺ​រូប​នោះ​ក៏​បាន​ស្លា​.​ប់​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​ចេញពី​កន្លែង​គ្លីនិក​​ព្យាបាល​ឯកជន​ខាងលើ រួច​មក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ហើយ​ក៏​បាន​យក​សំណាក​ទៅ​ពិនិត្យ​រក​ឃើញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​។

តាម​ការ​បញ្ជាក់​របស់​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​១៩​រូប​នេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ហើយ​ក៏​បាន​ស្លា​.​ប់​នៅ​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ។ ក្រោយ​ការ​ស្លា​.​ប់ ដោយ​មានការ​សង្ស័យ​យើង​ក៏​បាន​យក​សំណាក​ទៅ​ពិនិត្យ​ជា​បន្ទាន់ ជា​លទ្ធផល​ក៏​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ក្រោយ​ពី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​លើ​អ្នក​ស្លា​.​ប់ យើង​ក៏​បាន​សម្រេច​បិទ​គ្លីនិក​ខាងលើ​ជា​បណ្ដោះអាសន្ន និង​យក​សំណាក​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​គ្លីនិក​ទាំងអស់ ដើម្បីរ​ទៅ​ពិនិត្យ​។ ជាមួយ​គ្នា​នេះ ក្នុង​នាម​មន្ទីរ​ជំនាញ​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​ធ្លាប់​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​គ្លីនិក​ខាងលើ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ សូម​ប្រញាប់​ទៅ​យក​សំណាក​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្ទាន់​ផង​ដែរ ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ​ដែរ គេ​សង្កេត​ឃើញ​ខាង​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​បាន​ចុះ​ទៅ​ដឹក​ជញ្ជូន​យក​ក្រុម​គ្រួសារ និង​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ ចំនួន​១៩​នាក់​មក​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គំរូ​ក្រុង​កំពង់ឆ្នាំង​រយៈពេល​១៤​ថ្ងៃ និង​បាន​យក​សំណាក​ពួក​គាត់​ទៅ​ពិនិត្យ​ផង​ដែរ​។ ចំណែក​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​មួយ​ចំនួន​ទៀត ក៏​បាន​​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ