ផ្ទុះការតវ៉ា Live Facebook សុំជំនួយ នៅភូមិទ្រុងមាន់ តែអភិបាលខណ្ឌសែនសុខ ឆ្លើយតបភ្លាមៗ
- ភ្នំពេញ
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានប្រមូលផ្តុំគ្នា តវ៉ា ដោយ Live តាមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៩ ខែមេសានេះ។ ប្រជាពលរដ្ឋ កម្មករច្រើននាក់ សំណូមពរ សុំអំណោយសម្តេចតេជោ ដោយសារតពួកគាត់ដាច់ស្បៀងហើយ នៅតំបន់បិទខ្ទប់ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅច្រកទី១២។
យ៉ាងណាក៏ដោយ អភិបាលខណ្ឌសែនសុខ ក្រោយទទួលបានព័ត៌មាននេះភ្លាម ក៏បានចាត់អភិបាលរងខណ្ឌ និងអធិការនគរបាលខណ្ឌសែនសុខ ចុះទៅជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋភ្លាមៗ នៅរសៀលថ្ងៃទី១៩មេសានេះ។ អាជ្ញាធរខណ្ឌសែនសុខ សន្យាថា នឹងនាំអំណោយសង្គ្រោះបន្ទាន់ យកទៅជូនប្រជាពលរដ្ឋទាំងនោះផងដែរ។
លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រលប់ថ្ងៃទី១៩មេសានេះថា «ពាក់ព័ន្ធនឹងការស្នើសុំអំណោយរបស់ប្រជាពលរដ្ឋ នៅភូមិទ្រុងមាន់នេះ គឺខាងខណ្ឌបានចុះទៅសម្របសម្រួលពួកគាត់ហើយ ហើយនិងធ្វើយ៉ាងណា យើងនឹងនាំអំណោយទៅជូនពួកគាត់ឲ្យបានឆាប់»។
សូមរម្លឹកថា ក្រោយពេលបិទខ្ទប់ភូមិទ្រុងមាន់ ខណ្ឌសែនសុខ រួមទាំងភូមិជាច្រើនផ្សេងទៀត នៅខណ្ឌពោធិ៍សែនជ័យ និងបិទខ្ទប់សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ គឺអាជ្ញាធររាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌ បាននាំជំនួយសង្គ្រោះបន្ទាន់ ជាអង្ករ មី និងត្រីខ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំងនោះ។
ប៉ុន្តែអាចមានប្រជាពលរដ្ឋខ្លះ មិនទាន់ទទួលបាន ដោយសារតែចំនួនប្រជាពលរដ្ឋច្រើន ក្នុងតំបន់បិទខ្ទប់ ពិសេសនៅភូមិទ្រុងមាន់ ក្នុងខណ្ឌសែនសុខ គឺមានដល់ទៅជាង ១ម៉ឺនគ្រួសារឯណោះ៕




ចែករំលែកព័តមាននេះ