ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចស្លា.ប់ ខ្លាចឈឺ ត្រូវរៀនរស់នៅ រកស៊ី និងធ្វើការតាមរបៀបថ្មី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូវីដ ១៩ នឹងមិនត្រឹមតែសម្លាប់មនុស្ស និងធ្វើអោយមនុស្សធ្លាក់ខ្លួនឈឺ រហូតឡានពេទ្យដឹកមិនទាន់នោះទេ ។ ផលវិបាករបស់វាសម្រាប់ពេលអនាគតក៏គួរអោយអស់សង្ឃឹមផងដែរ ហើយវាតម្រូវអោយមនុស្សលោក…

រាជធានីភ្នំពេញ ៖ កូវីដ ១៩ នឹងមិនត្រឹមតែសម្លាប់មនុស្ស និងធ្វើអោយមនុស្សធ្លាក់ខ្លួនឈឺ រហូតឡានពេទ្យដឹកមិនទាន់នោះទេ ។ ផលវិបាករបស់វាសម្រាប់ពេលអនាគតក៏គួរអោយអស់សង្ឃឹមផងដែរ ហើយវាតម្រូវអោយមនុស្សលោក ពិេសសប្រជាជនកម្ពុជាបោះបង់ចោលទម្លាប់រស់នៅចាស់ ទម្លាប់រកស៊ីចាស់ និងទម្លាប់ធ្វើការចាស់ ។ ការរស់នៅ ការរកស៊ី និងការធ្វើការប្រមូលផ្តុំ គឺជាដើមហេតុបានធ្វើអោយស្ថានភាពកូវីដ ១៩ នៅ កម្ពុជា ស្ថិតក្នុងស្ថានភាពមួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកថា មាត់ជ្រោះមរណៈ ។

ដរាបណាប្រជាជនកម្ពុជាមិនយកចិត្តទុកដាក់កែទម្លាប់រស់នៅ ធ្វើការងារ និងរកស៊ីរបស់ពួកគេទេនោះ វានឹងនៅតែបង្កហានិភ័យខ្ពស់ចំពោះការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ដែលបានសម្លាប់ប្រជាជនកម្ពុជាជាង ៤០នាក់ និងឆ្លងដល់មនុស្សបជិត ៦៤០០នាក់ ។ ចំនួនករណីកូវីដឆ្លងខ្លាំង និងខ្ពស់ នៅពេលដែលកូវីដ ១៩ បានវាយលុកដល់កន្លែងដែលមានមនុស្សប្រមូលផ្តុុំច្រើន និងចង្អៀត ។ នោះគឺរោងចក្រ និងផ្សារ ។ ដូច្នេះ វាក៏កំពុងវាយបំបែកឆ្នាំងបាយកម្មករ និងអ្នកដូរក្រីក្រនៅតាមផ្សារទាំងនោះ ។ ការឆ្លងក្នុងចំណោមកម្មករ និងអ្នកលក់ដូរតាមផ្សារ មានសភាពលឿន និងសាហាវ ដោយសារកម្មករធ្វើការ និងរស់នៅប្រមូលផ្តុំគ្នាច្រើននៅតាមរោងចក្រ ចំណែកផ្សារក៏ជាកន្លែងដែលមានមនុស្សចេញចូលច្រើនផងដែរ ។

ដូច្នេះរោងចក្រ និងផ្សារ គឺជាកន្លែងដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតដើម្បីគ្រប់គ្រងការរាលដាលនៃមេរោគកូវីដ ១៩ ។ រោងចក្រ និងផ្សារ ព្រមទាំងកន្លែងទាំងអស់ដែលមាន មនុស្សប្រមូលផ្តុំ និងចេញចូលច្រើនត្រូវតែមានការគ្រប់គ្រងតាមរបៀបដ៏តឹងតែងមួយដើម្បីធានាអោយបានគម្លាតសង្គមដោយនៅឆ្ងាយពីគ្នាប្រមាណ ២ម៉ែត្រហើយត្រូវផ្តល់មធ្យោបាយសម្រាប់ការធ្វើអនាម័យ ខណៈដែលមនុស្សចេញ និងចូលកន្លែងទាំងនោះត្រូវតែអនុវត្តអោយបានវិធានការ បីការពារ ( ពាក់ម៉ាស លាងដៃ និងរក្សាគម្លាត) និង បីកុំ ( កុំទៅកន្លែងមនុស្សច្រើន កុំទៅកន្លែងបិទជិត និងមានម៉ាស៊ីនត្រជាក់ កុំចាប់ដៃគ្នា និងឱបថើបគ្នាជាដើម) ។

ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចត្រវតែពង្រឹងអោយម៉ឺងម៉ាត់នៅតាមរោងចក្រ ទីផ្សារ និងកន្លែងមានមនុស្សប្រមូលផ្តុំច្រើអោយអនុវត្តអោយបានវិធានការ បីការពារ និង បីកុំ នេះ អ្នកគ្រប់គ្រងរោងចក្រ និងផ្សារក៏ត្រូវតែអនុវត្តអោយបានហើយត្រូវផ្តល់មធ្យោបាយផងដែរសម្រាប់ការអនុវត្តវិធានការ បីការពារ និង បីកុំ ។ ចំណែកកម្មករ អ្នកលក់តាមផ្សារ និងអ្នកចេញចូលផ្សារ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ត្រូវកែប្រែទម្លាប់នៃការរស់នៅ ការរកស៊ី និង ការបំពេញការងារដោយធ្វើយ៉ាងណាធានាអោយបានថា ម្នាក់ៗអនុវត្តបានយ៉ាងមានប្រសិទ្ឋភាពវិធានការបីការពារ និង បីកុំ ។

វិធានការ បីការពារ បីកុំ នេះ មិនមែនគ្រាន់តែអនុវត្ត ឬក៏ពង្រឹងការអនុវត្តតែក្នុងពេលដែលមានការកើនឡើងខ្លាំងនៃការឆ្លងមេរោគកូវីដ ១៩ នៅពេលនេះឡើយ ។ វាត្រូវតែអនុវត្តជាប្រចាំរហូតចាំពីពេលនេះតទៅដោយគ្មានការខកខានឡើយ ។ បទពិសោធន៍កន្លងមក ប្រជាជនកម្ពុជាយើងហាក់ដូចជាឆាប់ភ័យខ្លាចហើយក៏ឆាប់ភ្លេចទៅវិញដែរ ។ ដោយសារតែការទ្វេសប្រហែសនៃការមិនពាក់ម៉ាស ការមិនរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ និងការលាងដៃអោយបានញឹកញាប់នោះ វាបានធ្វើអោយស្ថានភាពធ្ងន់ធ្ងរខ្លាំងដូច្នេះ បន្ទាប់ពីស្ត្រីជនជាតិចិនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កហើយបង្កើតជាព្រឹតិ្តការណ៍ ២០កុម្ភៈដ៏ឆ្លងរាលដាលសាហាវខ្លាំងបំផុតដែលកម្ពុជាមិនធ្លាប់ជួប ។

ទន្ទឹមជាមួយគ្នា អតីតាកាលដែលពោរពេញដោយការមិនគោរពច្បាប់ទម្លាប់ក៏ត្រូវតែបោះបង់ចោល ។ មនុស្សម្នាក់ៗត្រូវតែគោរពអោយបានល្អរាល់ច្បាប់ទម្លាប់ទាំងអស់របស់ប្រទេស ។ កូវីដ ១៩ បានបង្ហាញអោយឃើញថា ឥរិយាបទនៃការមិនសូវគោរពច្បាប់ទម្លាប់ ឬក៏ការធ្វើមិនដឹងមិនលឺអំពីច្បាប់ដែលប្រកាសដោយរដ្ឋាភិបាលបានអោយពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលកូវីដ ១៩ ។ ស្ថានភាពវិបត្តិធ្ងន់ធ្ងរនៅពេលនេះ តម្រូវអោយមនុស្សទាំងអស់ត្រូវតែគោរពច្បាប់ ។  ទន្ទឹមពេលជាមួយគ្នា ការពង្រឹងការអនុវត្តច្បាប់ក៏ត្រូវតែធ្វើអោយម៉ឺងម៉ាត់ ។ អ្នកធ្វើខុសត្រូវតែចាប់ផ្តន្ទួាទោសដោយគ្មានការលើកលែង ទើបការអនុវត្តច្បាប់មានប្រសិទ្ឋភាពហើយកម្ពុជាអាចធ្វើដំណើរលើផ្លូវ ដ៏ត្រឹមត្រូវមួយនៅក្នុងការកាត់បន្ថយការឆ្លងរាលដាលកូវីដ ១៩ នៅពេលនេះ ។ ការចាប់ប៉ូលិសផ្កាយពីរ នៅពេលថ្មីៗនេះដែលល្មើសនឹងការបិទខ្ទប់នោះ គឺជាការពង្រឹងការអនុវត្តច្បាប់មួយសមនឹងទទួលការលើកទឹកចិត្ត ។

 ប្រជាជាតិមួយមានការគោរពច្បាប់ទម្លាប់បានល្អក៏អាចរក្សាបានស្ថេរភាពសង្គម និងនយោបាយផងដែរ ហើយក៏ជំរុញអោយមានយុត្តិធម៌សង្គមកាន់តែទូលំទូលាយ ។ កម្ពុជាត្រូវតែពង្រឹងខ្លូួនជានីតិរដ្ឋអោយបានល្អបំុផុតដើម្បីអនាគតមួយដែលពោរពេញដោយភាពមិនប្រាកដប្រជា ។ ចំពោះការបំពេញការងារ និងការធ្វើធុរកិច្ចក៏ត្រូវតែត្រៀមអោយបានកាន់តែល្អសម្រាប់ពេលដែលមានវិបត្តិដូចពេលនេះ ។ ផែនការនៃការដោះស្រាយពេលមានវិបត្តិច្រើនតែមិនសូវបានគិតដល់មិនថា កន្លែងការងារ រដ្ឋឬឯកជនឡើយ ។ ដូច្នេះហើយ បានជាពេលវិបត្តិបានមកដល់ ការដោះស្រាយមានភាពស្មុគ្រស្មាញនិងពិបាកដោយសារតែមិនមានយុទ្ឋសាស្ត្រច្បាស់លាស់ មិនមានធនធានមនុស្សគ្រប់គ្រាន់ និងមិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ។

ទន្ទឹមជាមួយគ្នានោះ ការលើកទឹកចិត្តអោយបុគ្គលិកទាំងអស់ចេះធ្វើការងារពីចម្ងាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានឹងជួយបានច្រើនកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគកូវីដ ១៩ និងជួយអោយដំណើរការងារមិនរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិនេះ ។ នៅពេលដែលកូវីដ ១៩ បានវាយ លុកមកមនុស្សខ្លះក៏បត់បែនទាន់ពេលវេលាដោយមានរៀបចំការធ្វើការងារពីចម្ងាយ និងចាប់យកការធ្វើជំនួញពីចម្ងាយតាមរយៈការលក់ដូរតាមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតដូចជាការលក់ដូរម្ហូបអាហារ និងរបស់របរប្រើប្រាស់ជាដើម ។ ដូច្នេះ​ ពួកគេទាំងនេះក៏មិនរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារកូវីដ ១៩ ឡើយ ។ ផ្ទុយទៅវិញ អ្នកខ្លះកំពុងតែរកលុយបានច្រើនជាងមុនផង ។

សំខាន់ជាងនេះ ការរកស៊ីអនឡាញ គឺជានិន្នាការមួយដែលកាន់តែរីកធំនៅពេលអនាគត ។ ដូច្នេះ ប្រជាជនកម្ពុជា ទាំងអស់ត្រូវតែចេះចាប់យកឱកាសនៃការរកស៊ីតាមអនឡាញនេះ ។ នៅពេលដែលប្រជាជនកម្ពុជាអាចសម្របខ្លួនទៅនឹងការរស់នៅ ការធ្វើការ និងការរកស៊ីតាម របៀបថ្មីហើយនោះ ពួកគេនឹងអាចកាត់បន្ថយបានស្ថានភាពលំបាកដូចជាពេលនេះ ទាំងលើទិដ្ឋភាពអាយុជីវិត សុខភាព និងសេដ្ឋកិច្ច ។ កូវីដ ១៩ នឹងធ្វើអោយមានការផ្លាស់ប្តូរមួយដែលមិនអាចងាកទៅរកភាពដើមបានវិញឡើយ ។ ដូច្នេះ មនុស្សគ្រប់រូបត្រូវតែរៀនរស់ រៀនធ្វើការ និងរៀនរកស៊ីដោយសម្របសម្រួលខ្លួនទៅនឹងការផ្លាស់ប្តូរនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ