ខេត្តកែប ៖ បុរសម្នាក់ឈ្មោះ និន ជៀង អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរៀបរាប់ទាំងទុក្ខសោកប្រាប់ថា ប្រពន្ធរបស់ខ្លួនឈ្មោះ អ៊ឹម ផល អាយុ៤៦ឆ្នាំ ជាអ្នកលក់គ្រឿងទេសនៅផ្ទះ បានលួចគ្រឿងអលង្ការរត់ចេញពីផ្ទះចោលប្តីនិងកូន តាមប្រុសស្នេហ៍ដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់ ។
បុរស និន ជៀង បានបន្តថា គាត់និងប្រពន្ធបានរួមរស់ជាមួយគ្នាជាង២០ឆ្នាំមកហើយ និងមានកូនប្រុសចំនួន៤នាក់ទៀតផង ប៉ុន្តែគាត់ទាំងពីរនាក់មិនបានរៀបការទេ ដោយស្មោះស្ម័គ្ររស់នៅជាមួយគ្នានិងខំប្រឹងរកស៊ីតាំងពីបាតដៃទទេ រហូតមកដល់ពេលនេះសល់លុយទិញដីបានខ្លះៗ ។
ប៉ុន្តែនៅពេលថ្មីៗនេះ គាត់ឃើញប្រពន្ធគាត់បានបែកឆ្វេងឧស្សាហ៍និយាយជាមួយបុរសម្នាក់ ហើយគាត់បានព្យាយាមហើយព្យាយាមទៀតដើម្បីនិយាយប្រាប់ប្រពន្ធថា កុំសូវនិយាយលេងជាមួយបុរសនោះពេក ប៉ុន្តែប្រពន្ធមិនព្រមស្តាប់ទេ រហូតមកដល់ពេលនេះ គាត់មិននឹកស្មានថា ប្រពន្ធក្បត់ចិត្តគាត់សោះ ។
នៅវេលាទៀបភ្លឺ ថ្ងៃទី២៨ កញ្ញា រូបគាត់បានទៅបោះបាយបិណ្ឌនៅវត្តស្រុកកំណើត នៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រឡាច មិនទាន់ទាំងបានបោះបាយបិណ្ឌផង ស្រាប់តែមានគេទូរស័ព្ទប្រាប់ថា គេឃើញប្រពន្ធគាត់រត់ចេញពីផ្ទះទៅបាត់ហើយ គ្រាន់តែឮដំណឹងនេះភ្លាម ដូចគាត់គិតមិនខុសមែន សង្ស័យរត់ទៅជាមួយបុរសដែលធ្លាប់ទាក់ទងប្រពន្ធគាត់នោះហើយ ។
ក្រោយពីទទួលបានដំណឹងខាងលើ គាត់ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ហើយប្រញាប់ទៅមើលគ្រឿងអលង្ការ ស្រាប់តែបាត់អស់៣តម្លឹងកន្លះ ប្រាក់មិនដឹងអស់ប៉ុន្មានលានរៀលនោះទេ ។
ជុំវិញករណីខាងលើ ស្ត្រីជាប្រពន្ធឈ្មោះ អឹម ផល ដែលបុរសជាប្តីចោទថាមានសហាយរត់ទៅជាមួយប្រុសថ្មីនោះ អ្នកយកព័ត៌មានបានទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីស្ត្រីជាប្រពន្ធដែរ ពេលចុចទូរស័ព្ទចូលហើយអត់មានអ្នកលើក ៕


ចែករំលែកព័តមាននេះ