ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត​ ៖ ការ​ជួយ​គ្នា​​​ក្នុង​សកម្មភាព​មនុស្សធម៌​ ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សុខសន្តិភាព​​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ទៅ​កាន់​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត គ្រូពេទ្យ​ និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​ ព្រមទាំងភ្ញៀវ​ជាតិ អន្តរជាតិ​ជា​ច្រើន​នាក់​ នៅ​ក្នុង​សន្និសីទ​វិទ្យាសាស្ត្រ​សុខាភិបាល​លើក​ទី​២​ ដែល​រៀបចំ​ដោយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ​តុលា ​​២០១៥ ​នៅ​សណ្ឋាគារ​ភ្នំពេញ ។

លោក​ ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ការ​ជួយ​គ្នា​ និង​ការ​គោរព​ស្រឡាញ់​គ្នា​តាម​រយៈ​សកម្មភាព​មនុស្សធម៌​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សុខ​សន្តិភាព ​ព្រោះ​យើង​បាន​ផ្តល់​ស្នាមញញឹម​ និង​ក្តី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ទោះ​តិច​ក្តី ច្រើន​ក្តី ​តាម​រយៈ​ការ​ព្យាបាល​​ជំងឺ​​ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥត​គិតថ្លៃ​ និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ​ ។

លោក​បាន​បញ្ជាក់​ថា គ្រូពេទ្យ​ដែល​ល្អ ​គឺ​មិន​ត្រឹមតែ​មាន​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ល​ក្ខណ​សម្បត្តិ​ជា​ច្រើន​ទៀត ​ក្នុង​នោះ​ ឥរិ​យា​បទ ​និង​សីលធម៌​វិជ្ជាជីវៈ​ គឺ​​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ការ​ព្យាបាល​ប្រកបដោយ​ភាព​យុត្តិធម៌​ មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ​អ្វី​ឡើយ​ ។

លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា ការ​ចុះ​ធ្វើ​សកម្មភាព​ចុះ​ជួយ​ប្រជាពលរដ្ឋ គឺជា​ការ​ចូលរួម​ចំណែក​កម្លាំង​ស្ម័គ្រចិត្ត​ និង​ការ​ប្រមូលផ្តុំ​គ្រប់​ផ្នែក​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​តាម​ជនបទ ​សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​​ ដែល​ជា​ការងារ​អា​ទិ​ភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។           

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហង្ស ច័ន្ទ​វរៈ ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​ បានឱ្យ​ដឹង​ថា ការ​ប្រារ​ព្វ​ធ្វើសន្និសីទ​វិទ្យាសាស្ត្រ​សុខាភិ​បាល​លើក​ទី​២ ក្រោម​ប្រធាន​បទ ពង្រឹងសមត្ថភាព​ និង​សីលធម៌​គ្រូពេទ្យ ក្នុង​គោលបំណងបំប៉ន​ចំណេះដឹង​ និង​សីលធម៌​ដល់​គ្រូពេទ្យ​ ​​លើក​ក​ម្ព​ស់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​គុណភាព​ខ្ពស់​ ។ រហូត​មក​ដល់​ពេល​នេះ​ សមាគម​បាន​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​សរុប​​​ចំនួន​១៥.៩៧៣​នាក់​ និង​ប្រារព្ធ​ធ្វើ​សិក្ខាសាលា​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ចំនួន​២​លើក​ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​​ពិធី​បើក​សន្និសីទ​វិទ្យាសាស្ត្រ​សុខាភិបាល​លើក​ទី​២ ក្រោម​ប្រធានបទ ពង្រឹងសមត្ថភាព​ និង​សីលធម៌​គ្រូពេទ្យ ក៍​មានការ​ធ្វើ​បទ​បង្ហាញរបស់​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ឯកទេស​ផ្សេង​ៗ ​និង​ការ​ទស្សនាការ​តាំង​ពិ​ព័រណ៍ផលិតផល សម្ភារសុខាភិបាល​ផង​ដែរ​ ៕