ខេត្តសៀមរាប ៖ កម្លាំងការិយាល័យអន្តោប្រវេសន៍បានចុះបង្ក្រាបឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៣នាក់ និងក្មេងតូចចំនួន២នាក់ជាកូនដែលឆ្លងដែនចូលស្នាក់នៅក្នុងក្រុងសៀមរាបក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួចចូលស្នាក់នៅ និងបំរើការងារខុសច្បាប់នៅតាមបណ្តាទីតាំងរោងសិប្បកម្មឈើ និងតាមផ្ទះជួលនានាក្នុងក្រុងសៀមរាប។
ប្រតិបត្តិការចុះបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៣នាក់នេះធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ តុលា ២០១៥ ស្ថិតនៅចំណុចតាមរោងសិប្បកម្ម និងផ្ទះជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់កោះសន្តិភាពឱ្យដឹងនៅរសៀលថ្ងៃទី០២ តុលានេះថា ជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់នោះមានទី១-ឈ្មោះ យ៉ ធីឡឺយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០០២បានរយៈពេល១៣ឆ្នាំ តាមច្រកជ្រៃធំ(ឡុងប៊ិន)ហើយលួចមកស្នាក់នៅផ្ទះជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប រហូតមកដល់ថ្ងៃចាប់ខ្លួនគ្មានលិខិតស្នាមត្រឹមត្រូវ(ដោយគ្មានការជំរឿនពីគណៈកម្មាការ និងគ្រប់គ្រប់ជនបរទេសក្រុមការងារចម្រុះទី១៨)២-ឈ្មោះ អាង ធីថាន់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរអ្នកទិញអេតចាយ ស្នាក់នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ជាជនជាតិវៀតណាម (បានកើតនៅខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជានៅឆ្នាំ១៩៨១ ប៉ុន្តែបានចាកចេញពីកម្ពុជាទៅប្រទេសវៀតណាមវិញនៅឆ្នាំ២០០១ ក្រោយពីឪពុកម្តាយស្លាប់ចោលអស់នៅវៀតណាមបានរយៈពេល២ឆ្នាំ ក៏ត្រឡប់មកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០០៣ តាមច្រកឡុងប៊ិន រហូតមកស្នាក់នៅខេត្តសៀមរាបដល់ថ្ងៃចាប់ខ្លួន(ពុំមានឯកសារត្រឹមត្រូវអ្វីទាំងអស់) និងទី៣-ឈ្មោះ ឌីញ ង៉ុកទុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងលាបថ្នាំឈើ ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានចូលមកប្រទេសកម្ពុជាក្នុងអំឡុងខែកក្កដាឆ្នាំ២០១៥ តាមច្រកឡុងប៊ិន(គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់ ហើយពុំបានជំរឿនជាមួយសមត្ថកិច្ចទេ)។
បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលអន្តោប្រវេសន៍បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីដេញចេញពីស្រុកខ្មែរ៕




ចែករំលែកព័តមាននេះ