ខេត្តព្រៃវែង ៖ កម្លាំងរបស់ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះឃាត់ចាប់រថយន្តម៉ាកសាំងយ៉ុង១២កៅអីមួយគ្រឿង ពណ៌ស្លែគ្មានស្លាកលេខដែលផ្ទុកឈើជ្រុង ពេញនៅក្នុងរថយន្តចេញពីខេត្តត្បូងឃ្មុំតាមផ្លូវជាតិលេខ៨ឆ្ពោះមកខេត្តព្រៃវែង។
លោកឃឹម អូន ប្រធានខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានឱ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយកម្លាំងចម្រុះរបស់ខេត្តព្រៃវែងឃាត់ចាប់បានរថយន្តដឹកឈើ១គ្រឿងនៅចំណុចភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមា ។
ការឃាត់ចាប់រថយន្តដឹកឈើនេះធ្វើឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ តុលា ២០១៥ រួចក៏នាំយកមកស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំចាយមា ដើម្បីសាកសួរ។ ពេលនាំរថយន្តដែលផ្ទុកឈើមកដល់សង្កាត់រដ្ឋបាលព្រៃឈើកំចាយមានៅវេលាម៉ោង១០ និង៣០នាទីយប់ កម្លាំងរបស់លោកបានអញ្ជើញម្ចាស់ឈើចូលទៅស្នាក់ការដើម្បីសួរនាំ តែត្រូវក្រុមជនល្មើសដែលមានគ្នា៣នាក់ប្រកែកមិនព្រមចូលទៅស្នាក់ការទេ បែរជាយកសាំងទៅចាក់ស្រោចពីលើរថយន្ត និងឈើរួចដុតឱ្យឆេះទាំងរថយន្ត និងឈើសន្ធោសន្ធៅទាំងយប់ ហើយថែមទាំងនាំគ្នាស្រែកឆោឡោឡើងថា ជួយផង ជួយផង! ពួកព្រៃឈើដុតរថយន្តប្រជាពលរដ្ឋ ។
ហើយពួកគេបានទូរស័ព្ទហៅបក្សពួកមកមួយរថយន្តទៀតមានគ្នា៤នាក់ សរុប៧នាក់។ ដោយឃើញពួកគេបង្កការអុកឡុកដោយស្រែកឡូឡាដាក់សមត្ថកិច្ច ហើយដុតបំផ្លាញភស្តុតាងដូចនេះ លោកក៏បានទូរស័ព្ទមកស្នងការខេត្តព្រៃវែងដើម្បីសុំកម្លាំងបន្ថែមមកជួយការពារក្រែងមានបញ្ហាអ្វីកើតឡើង ។
លោកបន្តថា ក្រុមជនល្មើសទាំងអស់នោះហាក់មានចរិតកាចសាហាវគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចណាឡើយ មើលទៅដូចជាពួកប្រើប្រាស់គ្រឿងញៀន។ ពួកនេះមានចេតនាបំផ្លាញភស្តុតាងរួចទម្លាក់កំហុសមកលើសមត្ថកិច្ចថាជាអ្នកដុតទៅវិញ។
ក្រោយពេលកម្លាំងជំនួយទៅដល់កន្លែងកើតហេតុ ស្ថិតនៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំចាយមា ស្ថិតក្នុងភូមិសាមគ្គី ឃុំគ្រញូង ស្រុកកំចាយមា បានជួយអន្តរាគមន៍ពន្លត់ភ្លើងឱ្យរលត់ទៅវិញនៅវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ តុលា ២០១៥ កម្លាំងសមត្ថកិច្ចបាននាំយករថយន្តសាំងយ៉ុង១គ្រឿងដែលក្រុមជនល្មើសបានដុតឆេះស្ទើរទាំងស្រុង រីឯឈើជ្រុងឆេះរោលៗយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកំចាយមាដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់។
ចំណែកក្រុមជនល្មើសទាំង៧នាក់បាននាំគ្នារត់ឡើងជិះរថយន្តមួយគ្រឿងទៀតបើកគេចខ្លួនអស់៕





ចែករំលែកព័តមាននេះ