រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រីជាភរិយា កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១ តុលា ២០១៥ បានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញអញ្ជើញទៅទស្សនកិច្ចផ្លូវការ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងប៉ារីស ប្រទេសបារាំង។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ តុលា ២០១៥ ។ ក្នុងពេលបំពេញទស្សនកិច្ចនោះប្រតិភូនឹងជួបសម្តែងការគួរសមជាមួយលោកស្រីអភីបាលក្រុងប៉ារីសដែលទើបតែមកកាន់តំណែងថ្មី និងការពិភាក្សាគ្នាដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងសាលារាជធានីភ្នំពេញនិងសាលាក្រុងប៉ារីស។
សាលាក្រុងប៉ារីសបានជួយច្រើនណាស់មកសាលារាជធានីភ្នំពេញទាក់ទងនឹងការងារនគរូបនីយកម្ម ការងារសាធារណការ ការងារលូជាដើម ហើយកន្លងមកយើងបានបង្កើត BAU (ប្លង់គោលរាជធានី) ដែលនឹងត្រូវដាក់ឱ្យរាជរដ្ឋាភិបាលដើម្បីអនុម័តនាពេលខាងមុខនេះក៏សាលាក្រុងប៉ារីសបានជួយដែរ។
លោកបន្តថា ការទៅបំពេញទស្សនកិច្ចនព គឺក្នុងបំណងចងសម្ព័ន្ធមេត្រីភាព ហើយយើងអាចនឹងចុះហត្ថលេខាលើកំណត់ហេតុជាសេចក្តីប្តេជ្ញាចិត្តណាមួយដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត ហើយក្នុងដំណើរទស្សនកិច្ចនេះប្រតិភូកម្ពុជានឹងទៅទស្សនាទីតាំងមួយចំនួនដើម្បីដកស្រង់បទពិសោធន៍ក្នុងការដឹកជញ្ជូនសេវាយើង និងសិក្សាអំពីការគ្រប់គ្រងប្រព័ន្ធចរាចរ ការសិក្សាអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវផងដែរ ។
លោកឡុង ឌីម៉ង់ បានបន្តថា ក្រោយពីបញ្ចប់ទស្សនកិច្ច និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរួច ប្រតិភូកម្ពុជានឹងបន្តដំណើរទៅចូលរួមប្រជុំនៅទីក្រុងទុយនីស នៃប្រទេសទុយនីស៊ី ដោយទីនោះគេបានរៀបចំមហាសន្និបាតលើកទី៣៥នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង Association Internationale des Maires Francophones (A.I.M.F) និងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ A.I.M.F ដោយហេតុថា ភ្នំពេញមិនត្រឹមតែជាសមាជិកសាមញ្ញរបស់សមាគមនេះប៉ុណ្ណោះទេ តែភ្នំពេញក៏ជាសមាជិករបស់គណៈកម្មាធិការកណ្តាលរបស់សមាគមដែរ ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៩ តុលា ២០១៥៕



ចែករំលែកព័តមាននេះ