រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (FacebooK)ផ្លូវការរបស់សម្តេចបង្ហោះនៅប៉ុន្មាននាទី មុន នេះថា ”សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតទាំងក្នុងការរស់នៅ និងក្នុងការកសាងប្រទេស ។ សន្តិភាពបានផ្តល់ឧិកាសដល់កម្ពុជា បានរៀបចំការបោះឆ្នោតរៀងរាល់
អាណត្តិ ហើយរាជរដ្ឋាភិបាលមានពេលវេលា ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សន្តិភាពគឺបានធ្វើអោយប្រជាពលរដ្ឋញញឹមប្រកបដោយក្តីសង្ឃឹមទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍សង្គមក្រុមគ្រួសារអោយរីកចម្រើន “។
ជាមួយនឹងការពន្យល់លើកឡើងពីការផ្លាស់ប្តូរបាននំាមកនូវការបាត់បង់ជីវិតពលរដ្ឋកម្ពុជាជាង៣លានពីអតីតកាល និងប្រវត្តិនៃការតស៊ូ និងការចរចាផ្សះផ្សាបង្រួបបង្រួមជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរទៀតថា មកទល់ថ្ងៃនេះ សន្តិភាពបានធ្វើអោយប្រទេសយើងកាន់តែរីកចម្រើនបោះជំហានទៅមុខ ។
សន្តិភាពធ្វើអោយប្រជាពលរដ្ឋរស់នៅជួបជុំសុខសប្បាយរីករាយជាមួយក្រុមគ្រួសារ និង និងមានឧិកាសធ្វើបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ដូចពិធីបុណ្យភ្ជុំបិណ្ឌនៅពេលនេះជាដើម ។ សន្តិភាពដែលយើងបានទទួលពេញលេញមកទល់ពេលនេះ គឺមានការលះបង់ និងពលីអាយុជីវិតមនុស្សច្រើនណាស់ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមបន្តថែរក្សា និងការពារសន្តិភាពអោយបានរឹងមាំល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត “។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “គ្មានការសប្បាយរីករាយណាដែលចេញមកពីសង្គ្រាម អស្ថិរភាពនិងការប្រឈមមុខនោះទេ ។ ត្រូវរួមគ្នាការពារនៅអ្វីដែលយើង កំពុងមាន ពិសេសគឺសន្តិភាព ៕



ចែករំលែកព័តមាននេះ