រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អោយដឹងថា រកឃើញអ្នកសារព័ត៌មានម្នាក់ វិជ្ជមានកូវីដ-១៩ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មេសា នេះបានបញ្ចេញនូវអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៣៦នាក់ ដែលរកឃើញថ្មីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្នុងនោះលេខរៀងទី153 អ្នកសារព័ត៌មានម្នាក់ឈ្មោះ ជិន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិក CTN ផ្ទះនៅផ្លូវលេខ៣៦០ ក្នុងភូមិអូរអណ្តូង១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានអោយដឹងថា អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា បានទៅធ្វើតេស្តរកវីរុសកូវីដ-១៩ តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ ជាវិធានសុខាភិបាល គឺបុគ្គលដែលត្រូវធ្វើតេស្តពិនិត្យរកជំងឺកូវីដ-១៩នោះ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ទោះបីជាលទ្ធផលមិនទាន់ចេញ ឬក៏ចេញលទ្ធផលអវិជ្ជមានក៏ដោយ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាឈ្មោះ ជិន បញ្ញា មិនបានគោរពនូវវិធានសុខាភិបាលឲ្យបានត្រឹមត្រូវឡើយ បែរជាមកទទួលការចាក់វ៉ាក់សាំងដូសទី១ នៅក្រសួងព័ត៌មាន តាមរយៈក្រុមក្លិបអ្នកកាសែតកម្ពុជា បែបនេះទៅវិញ ?
ច្បាប់ និងអនុក្រឹត្យ ស្តីពី កូវីដ បានកំណត់ថា បុគ្គល ដែលគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ។ តែបើការគេចវេះ ពីការធ្វើចត្តាឡីស័កនោះ ហើយបណ្តាលឲ្យឆ្លងកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវឲ្យអ្នកដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅរសៀលថ្ងៃទី១៣ ខែមេសា សូមប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ នឹងត្រូវធ្វើចត្តាឡីស័ក្ដ១៤ថ្ងៃ នៅក្នុងផ្ទះ ផងដែរ ក្នុងករណីចេញអាការសង្ស័យ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ៕

ចែករំលែកព័តមាននេះ