ខេត្តកំពង់ឆ្នាំង ៖ ក្នុងនាមជាពុទ្ធសាសនិកជាអ្នកគោរព និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត នៅថ្ងៃទី១ តុលា ២០១៥ បានដឹកនាំមន្ត្រីរាជការក្នុងខេត្តចូលរួមកាន់បិណ្ឌនៅវត្តតាឡែងកែង ស្ថិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច និងវត្តពិសីសែនជ័យ (ហៅវត្តភ្លង) ស្ថិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ដោយបានចូលរួមបច្ច័យសម្រាប់កសាងវត្តទាំងពីរនូវទឹកប្រាក់ជាង៣៥លានរៀល ។
លោក ឈួរ ច័ន្ទឌឿន បានថ្លែងនៅក្នុងពិធីបុណ្យកាន់បិណ្ឌក្នុងវត្តតាឡែងកែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យព្រះពុទ្ឋសាសនា គឺមានការរីកចម្រើនខ្លាំងណាស់ដែរ កត្តាទាំងអស់នេះដោយសារតែប្រទេស យើងមានស្ថិរភាព និងសុខសន្តិភាពផងដែរ ។ អ្វីៗដែលយើងមាននៅថៃ្ងនេះ គឹអាស្រ័យដោយមានថៃ្ងជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជា ជាអ្នកផ្តល់កំណើតជាលើកទី២ ឱ្យយើងទាំងអស់គ្នា ។
នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌនេះដែរ លោក ឈួរ ច័ន្ទឌឿន និងលោកជំទាវ ក៏បានប្រគេនសាដក និងបច្ច័យដល់ព្រះសង្ឃ១២អង្គ និងអាចារ្យវត្ត សរុបបច្ច័យចំនួន១៨០.០០០រៀល ជូនប្រាក់ដល់យាយជីតាជី៦០នាក់ ចំនូន៦០០.០០០រៀល ឧបត្ថម្ភធ្វើម្ហូបចំនួន៤០០.០០០រៀល និងបានឧបត្ថម្ភដល់កម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារសរុបចំនួន៤៨៥.០០០រៀល ដោយឡែក បានប្រគេនបច្ច័យចំនួន៣៤.២៥០.០០០រៀល ដល់គណៈកម្មការវត្ត សម្រាប់កសាងសមិទ្ធនានានៅក្នុងវត្តនេះដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ