ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជ្រោះ​ថ្លាយង់ ផ្ទាំង​ថ្ម​ធំ​-​តូច ម្លប់ឈើ​ត្រឈឹងត្រឈៃរមណីយដ្ឋាន​ច្រក​ល្អៀង​គួរ​គាប់​ទៅ​កម្សាន្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក្នុង​ខេត្តពោធិ៍សាត់ ដែល​មាន​ចម្ងាយ​៤១​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ

ខេត្តពោធិ៍សាត់ ៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក្នុង​ខេត្តពោធិ៍សាត់ ដែល​មាន​ចម្ងាយ​៤១​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។ ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ពី​មុន​មានការ​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​ឥឡូវនេះ​ស្ថាបនា​ជា​ផ្លូវ​ក្រួស​ក្រហម​ហើយ ។

លោក​ធឹ​ម ង៉ុ​ក មេឃុំ​ឈើ​តុំ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មាន​អ្នកទេសចរ​ទៅ​លេង​ជា​ហូរហែ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​បើ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ចូល​ឆ្នាំ​ចិន និង​បុណ្យ​ភ្ជុំបិណ្ឌ​វិញ​គឺ​មនុស្ស​ច្រើន​ណាស់​ពី​គ្រប់​ទីកន្លែង មាន​ទាំង​អ្នកទេសចរ​បរទេស​ទៀត​ផង ។ អ្នកទេសចរ​ទៅ​ទីនោះ​នឹង​បាន​ងូតទឹក​ជ្រោះ​ដ៏​ថ្លាយង់ ត្រជាក់​ដូច​ទឹក​អ​ម្រិ​ត មាន​ផ្ទាំង​ថ្ម​តូច​ធំ​ដូច​ក្បាច់ចម្លាក់​, មាន​ដើមឈើ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​សម្រាប់​ជ្រក និង​ទទួលទាន​អាហារ​យ៉ាង​ឆ្ងាញ់​ពិសា ។

លោក​សំ ឃី​ម ប្រធាន​មន្ទីរ​ទេសចរណ៍​ឲ្យ​ដឹង​ថា នៅ​ខេត្តពោធិ៍សាត់​មាន​រមណីយដ្ឋាន​ដ្ឋា​ន​ចំនួន​៩ ប៉ុន្តែ​រមណីយដ្ឋាន​ដែល​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ​នោះ គឺ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​, រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់ ខៀវ​, រមណីយដ្ឋាន​កំពង់ហ្លួង និង​កោះ​សំពៅ​មាស ។ ដើម្បី​ទទួល​អ្នកទេសចរ​ដើរ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ពៃ​ណី​ជាតិខ្មែរ​នេះ មន្ទីរ​ទេសចរណ៍​បាន​សម្រួល​ផ្លូវ​ប្រវែង​៣៨០០​ម៉ែត្រ​ទៀត​ពី​ស្ទឹង​យោក​ទៅ​ដល់​កន្លែង​កម្សាន្ត ដើម្បី​ឲ្យ​រថយន្ត​តូច​ធំ​ធ្វើ​ដំណើរ​ទៅ​ដល់ទី​នោះ​បាន​ដោយ​ស្រួល ។ ក្រៅពី​នោះ​បាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ ផ្សេង​ៗ ពង្រីក​ចំណតរថយន្ត  រៀបចំ​កន្លែង​លក់ដូរ និង​ពង្រីក​កន្លែង​កម្សាន្ត​បន្ត​ទៅ​ក្រោម​បាន​ប្រវែង​១០០​ម៉ែត្រ​ទៀត​សរុប​ទាំងអស់​១.០០០​ម៉ែត្រ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​មាន​៨​ដំណាក់ គឺ​ដំណាក់​យាយ​ចំអន់​តា ដំណាក់​ទឹកឈូ ដំណាក់​មនោ​រម្យ ដំណាក់​ថ្ម​សណ្ដូន ដំណាក់​ព្រះ  ដំណាក់​ជ្រៃក្រឹម ដំណាក់​សុបិន និង​ដំណាក់​ទឹកធ្លាក់ ។

លោក​សំ ឃី​ម ឱ្យ​ដឹង​ថា អ្នកទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ​ម្នាក់​១.០០០​រៀល ថ្លៃ​ផ្ញើ​ម៉ូតូ​២.០០០​រៀល និង​រថយន្ត​ពី​៣.០០០​ទៅ​១០.០០០​រៀល ។ មិន​អនុញ្ញាត​ឲ្យ​អ្នកទេសចរ​យក​ភេសជ្ជៈ​ប្រភេទ​ដប​ចូល​ទៅ​ទេ និង​បាន​ណែនាំ​ឲ្យ​ទុកដាក់​កាក​សំណល់​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បោះ​ចូល​ក្នុង​ទឹក​នាំ​ឲ្យ​ខូច​អនាម័យ និង​ប៉ះពាល់​បរិស្ថាន ។

កន្លង​ទៅ​នេះ​លោក​ថោ​ង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក​ស៊ុ​យ សែ​ម​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​, លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនីកម្ពុជា​, លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​ធ្លាប់​ទៅ​ដល់​រមណីយដ្ឋាន​ច្រក​ល្អៀង ហើយ​វាយតម្លៃ​ថា វា​មាន​លក្ខណៈ និង​សក្ដានុពល​ល្អ​ជាង​រមណីយដ្ឋា​ន​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទឹកធ្លាក់​ខួបប្រាំងខួបវស្សា​មិន​ដែល​ដាច់ បង្ក​លក្ខណៈ​ឲ្យ​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​បាន​គ្រប់ពេល ។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​ឲ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​រៀបចំ​កែ​លំអ​តំបន់​នោះ​ឲ្យ​កាន់តែ​ល្អ​ឡើង ដូច​ជា​ផ្លូវ​ធ្វើ​ដំណើរ សុវត្ថិភាព កន្លែង​ចត​រថយន្ត កន្លែង​អង្គុយ​លេង ពិសេស​តម្លៃ​ម្ហូបអាហារ​ឲ្យ​សមរម្យ​បំផុត និង​មាន​អនាម័យ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូល​ទៅ​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕