ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីដួលផ្កាប់មុខក្នុងទឹកដែលសង្ស័យថា ដោយសារខ្យល់គរ ខណៈពេលទៅដកក្រអៅឈូកនៅក្នុងត្រពាំង។ ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ កញ្ញា ២០១៥ នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រីជើង ស្រុកជលគិរី ។
សមត្ថកិច្ចស្រុកជលគិរី បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះជីម ចក់ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុជនរងគ្រោះ និងកូនប្រុសម្នាក់ អាយុ១២ឆ្នាំ បាននាំគ្នាទៅដកក្រអៅឈូកនៅក្នុងត្រពាំងស្រងែខ្ពស់ ដែលមានទឹកត្រឹមជង្គង់ ហើយកូនបានចុះទៅដកឆ្ងាយពីកន្លែងឪពុកដក ។ នៅពេលដែលដកក្រអៅឈូកបានជាងកន្លះម៉ោង ក្រឡេកទៅរកឪពុកមិនឃើញ កូនប្រុសបានដើរមករកដល់កន្លែងឪពុកដកក្រអៅឈូកក៍ឃើញឪពុកបានដួលផ្កាប់មុខឈ្លក់ទឹកស្លាប់បាត់ទៅហើយ ហើយបានហៅអ្នកភូមិនិងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យសាកសព ។
ក្រោយពីនិត្យសពជនរងគ្រោះហើយ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះអាចខ្យល់គរ ដួលចូលក្នុងទឹកឈ្លក់ស្លាប់តែម្តង ព្រោះបើតាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះបានឱ្យដឹងថា បុរសរងគ្រោះនេះជាមនុស្សដែលញៀនស្រាខ្លាំងណាស់ ហើយមុននឹងទៅដកក្រអៅឈូក គឺបានផឹកឡើងស្រវឹងទៅហើយ៕
ចែករំលែកព័តមាននេះ