ខេត្តកំពង់ឆ្នាំង ៖ កុមារាអាយុ៤ឆ្នាំម្នាក់ បន្ទាប់ពីបានហូបដំឡូងមីដុតរួច សង្ស័យពុលបណ្តាលឱ្យស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ២០១៥ នៅលំនៅឋានរបស់ខ្លួន ស្ថិតក្នុងភូមិស្រែព្រិច ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឱ្យដឹងថា កុមារារងគ្រោះឈ្មោះ ហេង ស្រៀង អាយុ៤ឆ្នាំ ចំណែកឪពុកឈ្មោះ ផ្លុង ស្រេម អាយុ៣៥ឆ្នាំ ។ មុនពេលកើតហេតុ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី៣០ កញ្ញា ទាំង២នាក់ឪពុកនិងកូន បានទៅច្រូតស្មៅនៅបឹងវែង ជាប់ចម្ការដាំដំឡូមីរបស់ក្រុមហ៊ុនចិនមួយ ស្ថិតនៅក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ ពេលច្រូតស្មៅនោះ ឪពុកបានដកដំឡូងមី២មើម យកមកផ្ទះដុតហូប ក្រោយពេលហូបហើយ ឪពុកឃើញកូនមានអាការៈមិនស្រួលខ្លួនដែរ តែមិនបានចាប់អារម្មណ៏ក៏នាំគ្នាសម្ងំដេកទៅ លុះនៅម៉ោងជិត១រំលងអធ្រាត្រទើបដឹងថាកូនប្រុសបានស្លាប់បាត់ទៅហើយ សង្ស័យបណ្តាលមកពីហូបដំឡូងដុតនោះហើយមើលទៅ ទើបកូនប្រុសគាត់ស្លាប់បែបនេះ ធ្វើឱ្យឪពុកស្រែកទ្រហោយំសោកស្តាយកូនប្រុសយ៉ាងខ្លាំង ។
សពកុមារារងគ្រោះត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅបំផុត ៕


ចែករំលែកព័តមាននេះ