រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ តុលា នេះ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងមន្ទីកសិកម្មរាជធានីបានចុះមកទីតាំងកុងស៊ីកាប់គោនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារដើម្បីដោះស្រាយបញ្ហា បន្ទាប់ពីអាជីវករកាប់គោបានផ្ទុះការតវ៉ាប្រឆាំងថៅកែកុងស៊ីកុំឱ្យយកថ្លៃខ្ពស់ពេក។
បន្ទាប់ពីលោកអភិបាលខណ្ឌចុះសម្របសម្រួលរួចមក ខាងម្ចាស់កុងស៊ីកាប់គោឈ្មោះហយ ហ៊ាង បានយល់ព្រមមិនយកថ្លៃកន្លែងកាប់ទៀតទេ ហើយពាក់ព័ន្ធការចោទប្រកាន់ថាលោកបានយកលុយថ្លៃចូលទិញឆ្អឹងគោ ផ្សេងៗនោះលោកបានបដិសេធថា មិនបានយកទេ តែពេលនេះម្ចាស់កុងស៊ីបានប្រាប់ថា ពេលកាប់ហើយត្រូវចាត់ចែងរកទីផ្សារលក់ខ្លួនឯងទៅ។
លោកឃ្លាំង ហួត បានណែនាំឱ្យម្ចាស់កុងស៊ីធ្វើការសម្របសម្រួលជាមួយអាជីវករកាប់គោឱ្យបានសមរម្យ ហើយលោកបានទុកពេលឱ្យម្ចាស់កុងស៊ីប្រកបអាជីវកម្មរយៈពេល១ឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃទី១ តុលា ២០១៥ដល់ថ្ងៃទី១ តុលា ២០១៦ នឹងបិទជាស្ថាពរ ដោយសារតំបន់នេះមិនអាចឱ្យបង្កើតកុងស៊ីបានទេ ព្រោះជាតំបន់អភិវឌ្ឍ ម្យ៉ាងទៀតវាអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីរសៀលមិ្សលមិញ អាជីវកររកស៊ីកាប់គោបាននាំគ្នាលើកបដាតវ៉ាប្រឆាំងនឹងថៅកែកុងស៊ីកាប់គោនៅសង្កាត់ជ្រោយចង្វារដែលយកថ្លៃខ្ពស់ពេក ខណៈពេលដែលលោកឃ្លាំង ហូត អញ្ជើញចុះមកពិនិត្យទីតាំងកុងស៊ីកាប់គោនោះ បន្ទាប់ពីប្រជាពលរដ្ឋប្តឹងថាកុងស៊ីនេះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់៕





ចែករំលែកព័តមាននេះ