រាជធានីភ្នំពេញ ៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងអន្តរជាតិលើកទី១៧ និងក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយដល់អតីតមន្ត្រីរបស់ខ្លួនដែលបានចូលនិវត្តន៍ចំនួន៣១នាក់ ។
ពិធីខាងលើនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១ តុលា ២០១៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានរបស់លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា ។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជូនដល់និវត្តន៍ជនទាំង៣១នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ក្រមា២ សារុង២ អូវ៉ាទីន២ដប ទឹកដោះគោខាប់៤កំប៉ុង ស្ករស២គីឡូក្រាម ទឹកត្រចៀកកាំ១២ដប ប្រេងកូឡា១២ដប ឃីត១កញ្ចប់ និងប្រាក់ចំនួន១លានរៀល ។
ក្នុងឱកាសនេះដែរ លោកជំទាវ ឃួន សុដារី មានប្រសាសន៍ដោយបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បុគ្គលិកនិវត្តន៍ជនទាំងអស់ ដែលបានរួមចំណែកកសាងនូវសមិទ្ធផលជាច្រើនសម្រាប់កាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើឲ្យបុគ្គលិកនិវត្តន៍ជនទាំងអស់ថែរក្សាសុខភាព និងសូមកុំគិតថាខ្លួឯកោឲ្យសោះ ។
លោកជំទាវបញ្ជាក់ថា រាល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជាក៏មានទិសដៅក្នុងការលើកកម្ពស់ការថែរក្សាសុខភាពមនុស្សចាស់ផងដែរ ហើយសកម្មភាពនាពេលនេះ មានគោលបំណងឲ្យក្មេងៗជំនាន់ក្រោយស្គាល់តម្លៃ និងសារសំខាន់របស់មនុស្សចាស់នៅពេលពួកគាត់មានកម្លាំង និងប្រាជ្ញា ស្មារតីល្អជួយដល់កិច្ចការងារសង្គម។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ