ខេត្តព្រះសីហនុ ៖ ស្របពេលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនាចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ តុលា នេះ លោកឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួន ទៅចូលរួមថ្ងៃបុណ្យកាន់បិណ្ឌទី៤ នៅឥណ្ទញ្ញាណ ហៅវត្តក្រោម នៅក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ឯក រស់ ទៀត បានថ្លែងឱ្យដឹងថា ការនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួននេះ គឺដើម្បីរាប់បាត្រប្រគេនព្រះសង្ឃ បង្សុកូល សមាទានសីល ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងយុទ្ធជនពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកូនចៅនៅខាងក្រោយជួបតែសេចក្តីសុខអាយុ យីនយូរ រកស៊ីមានបាន និងរីកចម្រើនគ្រប់ក្រុមគ្រួសារ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក បាននាំយកទេយ្យទាន រួមមាន អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ មី ត្រីខ ទឹកដោះគោ ស្ករស តែ ទឹកផ្លែឈើ និងបច្ច័យចំនួន៣៥លានរៀល ប្រគេនដល់ព្រះសង្ឃ និងបានឧបត្ថម្ភបច្ច័យចំនួន៣.៥០០ដុល្លារ សម្រាប់កសាងបន្ទប់ស្នាក់នៅរបស់ សីលវន្ត សីវតី ផងដែរ ៕


ចែករំលែកព័តមាននេះ